ចិនគ្រោងបង្កើតសាកលវិទ្យាល័យ ធំមួយនៅកម្ពុជា

 អង្គារ, 05 មិថុនា 2018 11:55  |    Written by MLVT  |  339 times  |   Print  |   Email

ទីស្ដីការក្រសួង៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងនៅ ព្រឹកនេះថា ភាគីចិនមានគម្រោងចង់បង្កើតសាកលវិទ្យាល័យធំមួយនៅក្នុងប្រទេសកម្ពុជា និងស្វែងយល់ អំពីស្ថានភាព គោលនយោបាយ នៃការអប់រំបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាផងដែរ។

មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី៥ មិថុនា នេះ ក្រោយជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូ នៃសាកល វិទ្យាល័យពហុបច្ចេកទេស ធានជីង (Tianjin Polyethnic University) នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោកស្រីសាស្ត្រាចារ្យ Lian Jie លេខាគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានបញ្ជាក់ថា ចិន មានគម្រោង ចង់បង្កើតសាកលវិទ្យាល័យធំមួយនៅទីក្រុងភ្នំពេញ និងភាគីចិនពិតជាមានការចាប់អារម្មណ៍ខ្លាំងទៅលើការបណ្តុះបណ្តាលធនធានមនុស្ស នៅកម្ពុជានាពេលខាងមុខ ជាពិសេសភាពជាដៃគូចិន និងកម្ពុជាក្នុងវិស័យនេះ ម្យ៉ាងវិញទៀត ក៏ស្របទៅនឹង យុទ្ធសាស្រ្តផ្លូវមួយ ខ្សែក្រវ៉ាត់មួយរបស់ចិនផងដែរ។

ឯកឧត្តមបន្តថា ភាគីចិន នឹងចាប់ដៃគូសហការជាមួយក្រុមហ៊ុន (OCIC) ក្រោមការ គ្រប់គ្រងរបស់លោកឧកញ៉ា ពុង ឃាវសែ និងជាប្រធានសមាគមសម្ព័ន្ធខ្មែរចិន ដើម្បីបង្កើតសាកលវិទ្យាល័យដ៍ធំមួយ នៅតំបន់ជ្រោយចង្វារ រាជធានីភ្នំពេញ។ ឯកឧត្តមរដ្ឋមន្ត្រីយល់ថា សាលកវិទ្យាល័យនេះនឹងរួមវិភាគទានយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ដែលបណ្តុះបណ្តាលលើកម្រិតជាន់ខ្ពស់ តាំងពី កម្រិតបណ្ឌិត អនុបណ្ឌិត រហូតដល់វិជ្ជាជីវៈ (សញ្ញាបត្រជាន់ខ្ពស់ ដល់វិញ្ញាបនបត្រ) ដែលការបង្រៀននេះ ប្រើប្រាស់ ជាភាសាខ្មែរ ចិន និងភាសាដទៃផ្សេងទៀត។

គម្រោងនេះ ភាគីចិន នឹងជំរុញឲ្យសម្រេចបានជោគជ័យនាពេលឆាប់ៗខាងមុខ ក្នុងខួបលើកទី៦៥ នៃទំនាក់ទំនងដ៏ល្អ រវាងកម្ពុជានិងចិន។ ជាមួយនឹងគម្រោងនេះ ឯកឧត្តមបានផ្តល់ការគាំទ្រ ប៉ុន្តែ ភាគីចិនអាចមានជំរើសប្រសិនបើការ បណ្តុះបណ្តាលកម្រិតខ្ពស់យ៉ាងដូច្នេះ គឺចិនអាចធ្វើជាដៃគូជាមួយស្ថាប័នមួយចំនួនទៀតដែលពាក់ព័ន្ធ៕