សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះ​សំណាល​ជា​មួយ​កូន​ក្មួយ​កម្មករ នៅ​ក្រុង​បាវិត ខេត្តស្វាយរៀង

 ព្រហស្បតិ៍, 10 ឧសភា 2018 14:25  |    Written by MLVT  |  360 times  |   Print  |   Email

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបចំនួន ១៩,៤៨៩ នាក់ មកពីរោងចក្រចំនួន៣២ នៃតំបន់សេដ្ឋកិច្ចពិសេសក្នុងក្រុងបាវិត ខេត្តស្វាយរៀង ដែលពិធីនេះធ្វើ ឡើងនៅតំបន់សេដ្ឋកិច្ចពិសេស Intervia Automobile Industry Complex។ គោលបំណងសំខាន់ នៃការអញ្ជើញចុះជួបសំណេះសំណាលនេះគឺដើម្បីស្វែងយល់ពីសុខទុក្ខរបស់បងប្អូនកូនក្មួយកម្មករ កម្មការនីដោយផ្ទាល់ និងដើម្បីដោះស្រាយបញ្ហាប្រឈមនានា។

ទន្ទឹមនឹងនេះដែរ គឺដើម្បីជំរុញគោល នយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម (២០១៥-២០២៥) ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋអោយកាន់តែល្អប្រសើរឡើង។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយជាខ្លាំងដែលបានអញ្ជើញចុះជួបសំណេះ សំណាលជាមួយកូនក្មួយកម្មករកម្មការនីនៅពេលនេះបន្តទៀត។សម្តេចតេជោអរគុណជាខ្លាំងចំពោះការទទួលរាក់ទាក់ស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ឋស្នាលពីកូនក្មួយកម្មករកម្មការនីយើង ។ ទន្ទឹមនឹង នេះដែរ សម្តេចតេជោបានអរគុណម្ចាស់រោងចក្រទាំងអស់ដែលអនុញ្ញាតឲ្យកូនក្មួយ កម្មករកម្មការនី បានជួបជុំគ្នា និងឈប់សំរាកនៅល្ងាចថ្ងៃនេះដោយមានប្រាក់ឈ្នួលពេញ។

នៅថ្ងៃនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់យោបល់ឲ្យក្រសួងការងារ ពិចារណាចំពោះ ការឈប់សម្រាករបស់ប្តីកម្មការនីពេលដែលសម្រាលកូន ព្រោះកម្មការនីពេលឆ្លងទន្លេត្រូវបានឈប់ សម្រាកចំនួន៣ខែ និងទទួលបានប្រាក់ខែ ១២០% ដូចច្នេះតើប្តីកម្មការនីគួរតែត្រូវបានឈប់សម្រាក ៣ថ្ងៃ ឬ១អាទិត្យបានដែរឬទេ?។ សូមក្រសួងការងារពិចារណា និងដោះស្រាយទៅលើកកិច្ចការងារនេះដើម្បីឲ្យប្តីមានឱកាសបានមើលថែទាំប្រពន្ធកូនកំឡុងពេលសម្រាលកូន។ នៅថ្ងៃនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់សារជាថ្មីពីគោលនយោបាយយុទ្ធសាស្ត្រ ច្បាស់លាស់សំខាន់២ដើម្បីប្រែក្លាយជីវភាពរស់នៅរបស់បងប្អូនជាមួយប្រទេសជិតខាងនិងក្នុងតំបន់ឲ្យកាន់តែប្រសើរឡើង។នយោបាយយុទ្ធសាស្ត្ររួមមាន៖

     ១)ប្រែក្លាយអតីតតំបន់សមរភូមិទាំងអស់នៅក្នុងប្រទេសឲ្យ ក្លាយទៅជាតំបន់ទីផ្សារដែលជួយជំរុញដល់ការងារ និងមុខរបរប្រជាពលរដ្ឋ និងក្មួយៗឲ្យកាន់តែ ប្រសើរឡើង។

    ២)ប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ ឲ្យក្លាយជាតំបន់សន្តិភាព សហប្រតិបត្តិការ មិត្តភាព និងអភិវឌ្ឍន៍។ នេះមិនត្រឹមតែជាមួយតែប្រទេស ជិតខាងប៉ុណ្ណោះទេ គឺជាមួយប្រទេសក្នុងក្របខ័ណ្ឌតំបន់អាស៊ានទាំងអស់និងជាមួយប្រទេសដទៃ ទៀតដូចជាប្រទេសចិនជាដើមដែលយើងអាចភ្ជាប់ទំនាក់ទំនងលើវិស័យពាណិជ្ជកម្មលើផ្នែកដឹកជញ្ជូន និងកំពង់ផែជាដើម។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្នុងនាមជាអ្នកដឹកនាំប្រទេស សម្តេចតែងតែខិតខំ ប្រឹងប្រែងជំរុញឲ្យមានការវិនិយោគពីបរទេសមកកាន់កម្ពុជាកាន់តែច្រើនឡើងតាមរយៈការកៀងគរ អ្នកវិនិយោគពីបណ្តាប្រទេសនានាមកបង្កើតក្រុមហ៊ុនឬធ្វើការវិនិយោគផ្សេងៗនៅកម្ពុជាដើម្បីផ្តល់ការងារដល់ពលរដ្ឋខ្មែរឲ្យមានជីវភាពកាន់តែល្អប្រសើរឡើង។ ផ្ទុយពីគណបក្សប្រឆាំងដែលតែងតែ បំបាសបំបោលកម្មករ និងបំបិទកុំឲ្យបរទេសមកវិនិយោគនៅកម្ពុជា មិនឲ្យទិញទំនិញពីកម្ពុជា ថែមទាំងប្រព្រឹត្តនូវអំពើរក្បត់ជាតិទៀតផង។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យកម្មករកម្មការនី ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សា”សន្តិភាព”ឲ្យបានគង់វង្សដើម្បីបន្តការអភវិឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនតទៅមុខទៀត។ សម្តេចតេជោ សុំកុំឲ្យបណ្តាលរោងចក្រទាំងអស់មាន នូវបងតូចបងធំ(ជើងកាង) ដែលមកបំបាសបំបោលកម្មករយើង។ សូមកម្មករកម្មការនីយើងត្រូវរួមគ្នា រក្សាការងាររបស់ខ្លួន ត្រូវគោរពគ្នាទៅវិញទៅមករវាងម្ចាស់រោងចក្រ និងកម្មករយើង។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ចេញនូវសារសំខាន់ៗ ៩ចំនុចដើម្បីឲ្យក្រសួង ពាក់ពន្ធ័អនុវត្តឲ្យមានប្រសិទ្ធភាព។

     ១)ត្រូវអនុវត្តប្រាក់ខែអប្បបរិមា ១៧០ ដុល្លារ ចាប់ពីថ្ងៃ១ ខែមករា ឆ្នាំ២០១៨ តទៅ។

     ២)ត្រូវអនុវត្តការចុះពិនិត្យនៅតាមមន្ទីពេទ្យរដ្ឋ ចំពោះការពិនិត្យសុខភាព និងការព្យាបាល កម្មករកម្មការិនីរោងចក្រ រួមទាំងកីឡាករ កីឡាការិនី ក្រុមប្រឹក្សាភូមិ ឃុំ ក៏ត្រូវបានអនុវត្តដូចគ្នាជា ពិសេសរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងក្រសួងការងារត្រូវធ្វើអោយបានម៉ត់ចត់។

    ៣)ត្រូវអនុវត្តចំពោះស្រ្តីមានផ្ទៃពោះសំរាលកូនគឺនឹងទទួលបានពេលវេលាឈប់សម្រាក ពីការងាររយៈ ពេល៣ខែ ហើយទទួលបានប្រាក់ខែ ១២០% (៥០% ដោយក្រុមហ៊ុន និង ៧០%ដោយបេឡាជាតិ) ក្រសួងពាក់ព័ន្ធត្រូវតាមដានការងារឲ្យបានដិតដល់ចំពោះការអនុវត្តសកម្មភាពនេះ។

    ៤)ត្រូវអនុវត្តចំពោះកម្មការនីសម្រាលបានកូន(១)គឺទទួលថវិកា៤០ម៊ឺនរៀល និងពិនិត្យផ្ទៃពោះដោយឥតគិតថ្លៃ។ បើសម្រាលបានកូនភ្លោះ (២) គឺទទួលបានថវិកា៨០ម៊ឺនរៀល។ បើសម្រាលបានកូន(៣)គឺទទួលបានថវិកា១លាន២សែនរៀលហើយបូកប្រាក់ឧបត្ថម្ភចំនួន៥លានរៀលទៀតពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត។

    ៥)ត្រូវអនុវត្តចំពោះរបប សន្តិសុខសង្គមដោយចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ តទៅ កម្មករកម្មករនីមិនចាំបាច់បង់ទៀតទេ គឺម្ចាស់ក្រុមហ៊ុនជាអ្នកបង់ជំនួស ១០០%។

    ៦)អនុវត្តតាមដានមើលបញ្ហា ទឹក ភ្លើង គឺត្រូវខិតខំបន្ត តទឹកតភ្លើងដល់ផ្ទះរបស់កម្មករយើង ដែលនៅឆ្ងាយដែលមិនទាន់ទៅដល់ឲ្យបានគ្រប់គ្រាន់ និងតំលៃផ្ទះជួលដល់កម្មករកម្មការនីកុំ អោយមានការឡើងថ្លៃក្នុងឆ្នាំ២០១៨ ពីព្រោះកន្លងមកយើងមានកំណត់រួចរាល់ហើយ។

   ៧)អនុវត្តប្រាក់សោធននិវត្តន៍ ចាប់ពីឆ្នាំ ២០១៩ ទៅក្មួយកម្មករ និងទទួលបានប្រាក់ ចូលនិវត្តន៍(ប្រាក់រឺត្រែត)ដូចច្នេះក្នុងរយៈពេល១ឆ្នាំ(២០១៨)ត្រូវត្រៀមរៀបចំអោយហើយដើម្បីឲ្យដំណើរការបានល្អនៅក្នុងឆ្នាំ២០១៩នូវរបបសោធននិវត្តន៍នេះ។

   ៨)អនុវត្តចូលរួមបន្តយកចិត្តទុកដាក់និងដោះស្រាយបញ្ហាផ្សេងៗដែលបងប្អូនពលករទៅក្រៅប្រទេសជួយសម្រួលនូវបែបបទលិខិតបទដ្ឋានផ្លូច្បាប់នានា និងដើម្បីទទួលបាននូវល័ក្ខខ័ណ្ឌការងារ ល្អប្រសើរ។

   ៩)ក្រសួងការងារត្រូវចុះអនុវត្តតាមដានភ្លាមៗឲ្យបានដិតដល់ និងចូលរួមដោះស្រាយបញ្ហាប្រឈម នានាចំពោះកម្មករ នៅពេលដែលម្ចាស់រោងចក្ររត់ចោល។ ក្នុងនោះគឺត្រូវដោះស្រាយផ្តល់ ប្រាក់ឈ្នួលជាបន្ទាន់ដល់កម្មករកម្មការិនីដែលបានធ្វើការ ក្នុងពេលដែលថៅកែរោងចក្របានរត់ចោល ហើយត្រូវបន្តដោះស្រាយបញ្ហានានាជាមួយម្ចាស់រោងចក្រដោយផ្ទាល់។ ទន្ទឹមនឹងនោះដែរ គឺត្រូវជួយ រកការងារធ្វើដល់កម្មករកម្មការនីអោយបានឆាប់បំផុត។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជូនពរបងប្អូនកូនក្មួយកម្មករ កម្មការិនី និយោជកទាំងអស់ជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា។ ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់ជូននូវឧបត្ថម្ភប្រាក់លើកទឹកចិត្តមួយចំនួនដល់កម្មករ និង ដល់កម្មការនីមានផ្ទៃពោះចំនួន ៧១៤ នាក់ផងដែរ។ នៅក្នុងឱកាសនេះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានថតរូបអនុស្សាវរីយ៍ Free Selfie ដែលបង្ហាញការអាណិតស្រឡាញ់ និងយកចិត្តទុកដាក់យ៉ាងស្មោះស្ម័គ្រចំពោះបងប្អូនកូនក្មួយ កម្មករ កម្មការនីនៅក្នុងបរិយាកាសស្និទ្ធស្នាល និងសប្បាយរីករាយក្រៃលែង៕