អបអរសាទរ! ជ័យលាភីសម្រស់ឯកវាយនភណ្ឌ ឆ្នាំ២០១៨ វគ្គផ្តាច់ព្រ័ត្រ

 ពុធ, 02 ឧសភា 2018 08:31  |    Written by MLVT  |  543 times  |   Print  |   Email

(ភ្នំពេញ)៖ ក្រោយការប្រឡងសម្រស់ឯកវាយនភណ្ឌ ឆ្នាំ២០១៨ វគ្គផ្តាច់ព្រ័ត្រ នារាត្រីថ្ងៃទី០១ ខែឧសភានេះរួចមក គណៈកម្មការវាយតម្លៃការប្រកួត បានប្រកាសជាផ្លូវការនូវបេក្ខជន-បេក្ខនារី ដែលជាកម្មករ-កម្មការិនីជ័យលាភីសម្រស់ឯកវាយនភណ្ឌ ឆ្នាំ២០១៨។ ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ ត្រូវបានធ្វើឡើងនៅសាលមហោស្រពកោះពេជ្រ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

បេក្ខជន-បេក្ខនារីសម្រស់ឯកវាយនភណ្ឌ ឆ្នាំ២០១៨នេះ រួមមាន៖

      * សម្រាប់បេក្ខជន៖

          ជ័យលាភីលេខ១ បានទៅលើបេក្ខជន ឌិន សិត ពាក់ស្លាកលេខ៨ មកពីមណ្ឌលភ្នំពេញ។

          ជ័យលាភីលេខ២ បានទៅលើបេក្ខជន គង់ វិតាក់ ពាក់ស្លាកលេខ១២ មកពីមណ្ឌលភ្នំពេញ។

          ជ័យលាភីលេខ៣ បានទៅលើបេក្ខជន ទូត ទិត្យា ពាក់ស្លាកលេខ១៤ មកពីមណ្ឌលព្រះសីហនុ។

       * សម្រាប់បេក្ខនារី៖

          ជ័យលាភីលេខ១ បានទៅលើបេក្ខនារី ញឿន ស៊ូវិកញ្ញា ពាក់ស្លាកលេខ៣ មកពីមណ្ឌលភ្នំពេញ។

          ជ័យលាភីលេខ២ បានទៅលើបេក្ខនារី ប៊ិន អ៊័ន ពាក់ស្លាកលេខ៧ មកពីមណ្ឌលព្រះសីហនុ។

          ជ័យលាភីលេខ៣ បានទៅលើបេក្ខនារី ហុក ណាគ្រី ពាក់ស្លាកលេខ១២ មកពីមណ្ឌលបន្ទាយមានជ័យ។

      ចំពោះរង្វាន់សម្រាប់បេក្ខជន-បក្ខនារី ដែលចូលរួមក្នុងការប្រឡងវិញ រួមមាន៖

          * ជ័យលាភីលេខ១ ទទួលបានថវិកាចំនួន ៥,០០០,០០០រៀល និងម៉ូតូ Honda Scoopy I ចំនួន ១គ្រឿង។

          * ជ័យលាភីលេខ២ ទទួលបានចំនួន ៤,០០០,០០០រៀល និងម៉ូតូ Honda Dream ចំនួន ១គ្រឿង។

          * ជ័យលាភីលេខ៣ ទទួលបានចំនួន ៣,០០០,០០០រៀល និងម៉ូតូ Honda Wave ចំនួន ១គ្រឿង។

          * ជ័យលាភីកិត្តិយសទទួលបានថវិកាចំនួន ២,០០០,០០០រៀល និងអ្នកមិនទទួលបានជ័យលាភី ក៏ទទួលបានថវិកាចំនួន ១,០០០,០០០រៀល ពីក្រសួងការងារផងដែរ។

        ឯកឧត្តម អ៊ិត សំហេង បានបញ្ជាក់ថា ការរៀបចំកម្មវិធីសម្រស់ឯកវាយនភណ្ឌ ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចំនួន៣លើករួចមកហើយ គឺនៅឆ្នាំ២០១៥ ឆ្នាំ២០១៦ និងឆ្នាំ២០១៧ ដោយទទួលបានជោគជ័យ និងការគាំទ្រយ៉ាងពេញទំហឹងពីសាធារណជន ជាពិសេសពីសំណាក់កម្មករ-កម្មការិនី។

        ឯកឧត្តមរដ្ឋមន្ត្រីបន្តថា ឆ្នាំនេះគឺជាលើកទី៤ហើយ ដែលក្រសួងការងារបានរៀបចំកម្មវិធីសម្រស់ឯកវាយនភណ្ឌ ដែលកាន់តែមានលក្ខណៈទូលំទូលាយជាងមុន ដោយមានការចូលរួមពីសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) និងសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) និងដៃគូពាក់ព័ន្ធនានា សំដៅលើកតម្លៃកម្មករ-កម្មការិនី និងបង្កើតនូវបរិយាកាសសប្បាយរីករាយជូនកម្មករ-កម្មការិនី ដែលកំពុងបម្រើការងារក្នុងឧស្សាហកម្មផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងនៅកម្ពុជា និងវិស័យសេដ្ឋកិច្ចផ្សេងៗទៀត ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣២ ទិវាពលកម្មអន្តរជាតិ ក្រោមប្រធានបទ «សន្តិភាព ស្ថិរភាព ដើម្បីការងារ និងមុខរបរ»។

        ឯកឧត្តម បានលើកទឹកចិត្តដល់កម្មករ-កម្មការិនីឲ្យត្រូវមានមោទនភាពថា ពិតជាបានចូលរួមលើកស្ទួយដល់សិទ្ធិ និងផលប្រយោជន៍របស់កម្មករនិយោជិតក្នុងវិស័យនេះ ដោយបានចូលរួមបំផុសឱ្យកម្មករនិយោជិតឱ្យស្គាល់តម្លៃនៃការងាររបស់ខ្លួន កាន់តែស្រឡាញ់ការងារខ្លួន សំដៅបង្កើនផលិតភាពការងារ និងទំនាក់ទំនងកាន់តែល្អជាមួយថៅកែ និងគោរពច្បាប់ស្តីពីការងារទាំងអស់គ្នា។ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តរៀបចំកម្មវិធីនេះនៅឆ្នាំក្រោយៗទៀត ហើយសង្ឃឹមថាកម្មករ-កម្មការីនីនឹងបន្តចូលរួមក្នុងកម្មវិធីនេះ កាន់តែអធឹកអធ័មថែមទៀត៕