ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

ព័ត៌មានច្បាស់លាស់ ត្រឹមត្រូវអំពីវិស័យការងារ សន្តិសុខសង្គម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

សិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា

 អង្គារ, 10 មេសា 2018 09:48  |    Written by MLVT  |  3133 times  |   Print  |   Email

ឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខាធិការ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់ លើ សេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា នៅសណ្ឋាគារភ្នំពេញ ថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨។

ឯកឧត្តម ម៉ម វណ្ណៈ មានប្រសាសន៍ថា ការរៀបចំឲ្យមានសេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមានេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពសេដ្ឋកិច្ច សមាហរណកម្មអាស៊ាន ការប្រកួតប្រជែងក្នុងវិស័យពាណិជ្ជកម្មអន្តរជាតិ និងសង្គមជាតិនាពេលបច្ចុប្បន្ន។ ដូច្នេះ ការគ្រប់គ្រងលើតម្លៃពលកម្មដ៏សមស្របមួយ ជាពិសេសក្នុងផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិត ស្បែកជើង គឺជាចំណុចមួយដែលយើងមិនត្រូវមានការធ្វេសប្រហែសទ្បើយ។

សេចក្តីព្រាងច្បាប់នេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កម្មករនិយោជិត និងដល់ប្រទេសជាតិទាំងមូល ពីព្រោះសេចក្តីច្បាប់នេះត្រូវបានធ្វើទ្បើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ជីវភាពរស់នៅសមរម្យ ថ្លៃថ្នូរ បង្កើតឱកាសការងារ និងបង្កើនផលិតភាពការងាររបស់កម្មករនិយោជិត ព្រមទាំងជំរុញឲ្យមានបរិយាកាសវិនិយោគ និងធុរកិច្ចឲ្យកាន់តែប្រសើរប្រកបដោយភាពទាក់ទាញនៅកម្ពុជាទៀតផង។

ការកំណត់ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា តាមរយៈយន្តការច្បាប់ គឺជាយន្តការដ៏រឹងមាំមួយក្នុងការធានាឲ្យបាននូវប្រាក់ឈ្នួលអប្បបរមាមួយ សមស្របតាមបែបវិទ្យាសាស្រ្ត ដែលផ្អែកលើលក្ខខណ្ឌវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច តាមរយៈក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាដែលមានតំណាងស្មើៗគ្នាមកពីភាគីកម្មករនិយោជិត ភាគីនិយោជក និងភាគីរាជរដ្ឋាភិបាល។

ក្រុមប្រឹក្សានេះ នឹងសិក្សាស្រាវជា្រវ និងផ្តល់អនុសាសន៍អំពីប្រាក់ឈ្នួលអប្បបរមា និងអត្ថប្រយោជន៍ផ្សេងៗរបស់ជនទាំងទ្បាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ហើយប្រជុំពិភាក្សាដោយឈរលើគោលការណ៍ប្រជាធិបតេយ្យ តម្លាភាព និងឈ្នះ ឈ្នះ។ កន្លងមក ក្រសួងបានរៀបចំកិច្ចប្រជុំពិភាក្សាត្រីភាគីលើសេចក្តីព្រាងច្បាប់នេះចំនួន ០២លើក (ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ និងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦), សិក្ខាសាលាពិគ្រោះយោបល់ស្តីពីសេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមាចំនួន ០២លើក (ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ និងថ្ងៃ២២ ខែសីហា ឆ្នាំ២០១៧) និងសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគី កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ផងដែរ។

តាមរយៈ កិច្ចប្រជុំត្រីភាគី និងសិក្ខាសាលាពិគ្រោះយោបល់ទាំងនោះ ក្រសួងបានទទួលធាតុចូលពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ភាគីសហជីព ភាគីនិយោជក អង្គការអន្តរជាតិខាងការងារ និងស្ថាប័នដទៃទៀត ហើយក្រុមការងារកសាងខ្លឹមសារសេចក្តីព្រាងច្បាប់ក៏បានសិក្សាផ្ទៀងផ្ទាត់មើលមតិយោបល់ទាំងនោះ ដើម្បីកែសម្រួល និងដាក់ឲ្យពិភាក្សាក្នុងសិក្ខាសាលាពិគ្រោះយោបល់នាពេលនេះ។ សូមបញ្ជាក់ផងដែរថា គិតចាប់ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០១៨ រាជរដ្ឋាភិបាលបានដំឡើងប្រាក់ឈ្នួលអប្បបរមា និងអត្ថប្រយោជន៍ផ្សេងៗរបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង បានចំនួន១៤លើក ដោយកើនពី ៣០ដុល្លារអាមេរិក ក្នុងឆ្នាំ១៩៩៧ ដល់ ១៧០ដុល្លារអាមេរិកក្នុងឆ្នាំ២០១៨។ ក្នុងឆ្នាំ២០១៨ នេះ ដោយបូករួមទាំងប្រាក់រង្វាន់ប្រាក់អត្ថប្រយោជន៍ផ្សេងៗ និងប្រាក់អតីតភាព កម្មករនិយោជិតម្នាក់ៗទទួលបានប្រាក់ឈ្នួលចាប់ពី ១៨៧ដុល្លារអាមេរិក ទៅ ១៩៨ ដុល្លារអាមេរិក ក្នុងមួយខែ។

ដូច្នេះ សមិទ្ធផលទាំងអស់នេះមិនមែនជាការកើតទ្បើងដោយចៃដន្យនោះទេ គឺកើតចេញពីឆន្ទៈ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលតែងតែបើកឲ្យមានការចូលរួមសហការ ផ្តល់មតិយោបល់ពីគ្រប់ភាគីពាក់ព័ន្ធ ជាក់ស្តែង ដូចជាដំណើរការតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមានេះតែម្តង ដែលកន្លងមកក្រសួងបានដាក់ឲ្យមានកិច្ចពិគ្រោះយោបល់ និងទទួលយកធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់មកពិចារណា និងកែសម្រួល។ ហេតុដូច្នេះ សេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមានេះ នឹងក្លាយជាច្បាប់មួយដែលមានភាពល្អប្រសើរគ្រប់ជ្រុងជ្រោយ និងអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ បន្ទាប់ពីការដាក់ឲ្យអនុម័តប្រើប្រាស់រួច។

 


ឯកសារផ្លូវការ