Print this page

អាស៊ាន​បន្ត​រួមគ្នា​ដោះស្រាយ​បញ្ហា​សុខភាព និង​សុវត្ថិភាព​ការងារ ក្រោយ​សម្រេច​បាន​វឌ្ឍន​ភាព​មួយ​ចំនួន

 ពុធ, 04 មេសា 2018 15:12  |    Written by MLVT  |  3447 times

(សៀមរាប)៖ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា បានលើកឡើងថា ប្រទេសសមាជិកអាស៊ាន នៅតែរួមគ្នាដោះស្រាយបញ្ហាពាក់ព័ន្ធបណ្ដាញសុខភាព និងសុវត្ថិភាពការងារអាស៊ាន (ASEAN–OSHNET) ដែលកំពុងប្រឈមមុខនឹងបញ្ហាជាច្រើនទៀត។ ឯកឧត្តម អ៊ិត សំហេង ថ្លែងបែបនេះ ធ្វើឡើងក្នុងពិធីបើកសន្និសីទអាស៊ាន-អូស្ហណេត (ASEAN-OSHNET) លើកទី៥ នៅទឹកដីអង្គរ ខេត្តសៀមរាប នាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨។

ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថា បច្ចុប្បន្ននេះ អាស៊ាន-អូស្ហណេត គឺជាស្ថាប័នបុត្រសម្ព័ន្ធមួយដ៏ល្អ និងមានប្រសិទ្ធិភាពខ្ពស់សម្រាប់ប្រជុំមន្ត្រីរាជការជាន់ខ្ពស់លើវិស័យការងារ (SLOM) ហើយក៏សំខាន់ផងដែរ ក្នុងការកត់សម្គាល់ថា សេដ្ឋកិច្ចរបស់អាស៊ាននៅតែមានភាពរឹងមាំ និងមានការប្រកួតប្រជែង។

ឯកឧត្តម អ៊ិត សំហេង បានលើកឡើងថា ក្រោមក្របខ័ណ្ឌនៃអាស៊ានមិនអាចប្រកែកបានទេថា អាស៊ាន-អូស្ហណេត បានទទួលនូវសមិទ្ធផលគួរឱ្យកត់សម្គាល់ ហើយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍបរិយាកាសការងារប្រកបដោយសុវត្ថិភាព និងសុខភាពល្អនៅក្នុងតំបន់អាស៊ានទាំងមូល។ ដោយឡែក លោក Nyunt Win តំណាងអគ្គលេខាធិការអាស៊ាន-អូស្ហណេត បានសម្តែងការអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខាងផ្នែកសុខភាព និងការងារ ដែលបានព្យាយាមរៀបចំ សន្និសីទអាស៊ាន-អូស្ហណេត ប្រកបដោយជោគជ័យ។

លោកបានចាត់ទុកកម្មវិធីនេះថា គឺជាទិវាដ៏អស្ចារ្យ សម្រាប់អាស៊ាន-អូស្ហណេត ដែលបានជួបប្រជុំគ្នាចំនួន០៥លើកមកហើយ ទោះជាមានបញ្ហាប្រឈម ឬពិបាកយ៉ាងណាក៏ដោយ។ លោកជឿជាក់ថា ក្នុងនាមជាសមាជិកអាស៊ាន-អូស្ហណេត នឹងពិចារណា ថាតើធ្វើយ៉ាងម៉េចឲ្យកម្មករមានសេរីភាព និងទទួលបានសុវត្ថិភាពក្នុងវិស័យការងារនេះ។ សូមបញ្ជាក់ថា អាស៊ាន-អូស្ហណេត (ASEAN- OSHNET) ត្រូវបានបង្កើតជាផ្លូវការនៅឆ្នាំ២០០០ ជាបណ្តាញមួយ ដើម្បីលើកកម្ពស់បរិយាកាសការងារដែលមានសុវត្ថិភាព និងមានសុខភាពល្អ ដើម្បីនាំមកនូវកម្លាំងពលកម្មប្រកួតប្រជែង ដែលមានផលិតភាពនៅក្នុងអាស៊ាន។

ក្នុងន័យនេះ ប្រទេសជាសមាជិកអាស៊ានទាំងអស់ បានបង្កើតទំនាក់ទំនងការងារល្អ ដោយផ្អែកលើការទុកចិត្ត និងការគោរពគ្នាទៅវិញទៅមក។ ដោយឡែក គោលបំណងសំខាន់នៃសន្និសីទខាងលើនេះ ដើម្បីក្លាយជាវេទិកាថ្នាក់តំបន់សម្រាប់អ្នក ពាក់ព័ន្ធនានា ដើម្បីរួមគ្នាកសាងបណ្ដាញផ្លាស់ប្តូរចំណេះដឹងនិងបទពិសោធន៏ដើម្បីកែលម្អ សុខសុវត្ថិភាពការងារ (OSH) ដោយមិនគិតពីកន្លែងណាដែលមានមូលដ្ឋាននៅក្នុងតំបន់ និងដោយមិនគិតពីតួនាទី។ ជាងនេះទៀត គឺរដ្ឋជាសមាជិកអាស៊ានត្រូវរួបរួមគ្នាជាធ្លុងមួយដើម្បីធានាថា គ្រប់កម្មករទាំងអស់នៅកន្លែង ធ្វើការមានសុវត្ថិភាព និងមានសុខភាពល្អ៕