កម្មវិធី​ប្រឡង​សម្រស់​ឯក​វាយ​នភណ្ឌ​តំបន់ ៧NG ចូល​រួម​អបអរ​សាទរ​ទិវាអន្តរ​ជាតិ​៨មីនា

 ព្រហស្បតិ៍, 08 មីនា 2018 14:41  |    Written by MLVT  |  420 times  |   Print  |   Email

មការងារថ្នាក់ជាតិ ចុះជួយស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម រួមជាមួយនិងរដ្ឋបាលតំបន់រោងចក្រ៧NG បានរៀបចំ កម្មវិធីប្រឡងសម្រស់ឯកវាយនភណ្ឌតំបន់ ៧NG ដោយមានការចូលរួមសហការ ផ្នែកបច្ចេកទេសរៀបចំពី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើឡើងនាល្ងាចថ្ងៃពុធ ៦រោច ខែភល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨។

ចូលមកដល់ វគ្គផ្តាច់ព្រ័ត្រ នាល្ងាចម៉ិញនេះ មានបេក្ខនារីចំនួន១២នាក់ និងបេក្ខជន ចំនួន១២នាក់ ចូលរួមប្រកួតប្រជែងដណ្តើមយកជ័យលាភីលេខ១ដល់លេខ៣ ដោយមានការចូលរួមជាអធិបតី ពីសំណាក់លោកជំទាវ ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ហេង សួរ ប្រតិភូទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកឧកញ្ញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុនជេតស៍គ្រុប ៧NG-SkyLand។

លោកជំទាវ ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍លើកឡើងថា ក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រុមការងារ បានរៀបចំ កម្មវិធីប្រឡងសម្រស់ឯកវាយនភណ្ឌតំបន់ ៧NG នេះឡើង ដើម្បីបង្កើនឳកាសសប្បាយរីករាយ និងដើម្បីលើកកម្ពស់តម្លៃការងាររបស់កម្មករ-កម្មការិនី ដែលកំពុងបម្រើការងារ ផ្នែកវាយនភណ្ឌ កាត់ដេរ និង ផលិតស្បែកជើង និងវិស័យសេដ្ឋកិច្ចផ្សេងៗទៀត ព្រមទាំងជាការចូលរួមអបអរសាទរខួបអនុស្សាវរីយ៍ លើកទិ១០៧ ទិវាអន្តរជាតិ៨មីនាផងដែរ។

នាឳកាស ទិវាអន្តរជាតិ៨មីនានេះដែរ លោកជំទាវ បញ្ជាក់ថា បើគ្មានស្ត្រី បុរស មិនអាចសម្រចអ្វីគ្រប់យ៉ាងបាននោះទេ ទាល់តែមានការចូលរួមពីខាងស្ត្រីដែរ ដូចពាក្យចាស់បុរាណខ្មែរ ពោលថា សំណាបយោងដី ស្ត្រីយោងបុរស រឺសម្លឆ្ងាញ់ដោយសារគ្រឿងស្វាមីរុងរឿងដោយសារភរិយា។ លោកជំទាវក៍បានចូលរួមអបអរសាទរ ដល់អ្នកដែលទទួលបាននូវជ័យលាភី និងអ្នកដែលមិនបានទទួលបាននូវជ័យលាភីសូមកុំអាក់អន់ស្រពន់ចិត្តព្រោះយើងនៅមានកម្មវិធីប្រឡងលើកក្រោយៗទៀតសម្រាប់ចូលរួមបង្ហាញពីសម្រស់ និងសមត្ថភាពរបស់ខ្លួនបន្តទៀត។

សូមបញ្ជាក់ថា ចំពោះការប្រកួតកម្មវិធីប្រឡងសម្រស់ឯកវាយនភណ្ឌតំបន់ ៧NGនេះ ជ័យលាភីលេខមួយបេក្ខនារី បានទៅលើ កញ្ញា នី ស្រីពេជ្រ ធ្វើការនៅរោងចក្រ Kyung Shin Cambodia Corp ជ័យលាភីលេខពីរ កញ្ញា ម៉ៅ ធីតា ធ្វើការនៅរោងចក្រឥណ្ឌូចិន ជ័យលាភីលេខបី កញ្ញា ខន ពីសី ធ្វើការនៅរោងចក្រឥណ្ឌូចិន ចំណែកជ័យលាភីលេខមួយបុរស លោក ឡន ម៉េងលាង ធ្វើការនៅរោងចក្រ Crystal Matin ជ័យលាភីលេខពីរ លោក គង់ វីតាក់ ធ្វើការនៅរោងចក្រ Kyung Shin Cambodia និងជ័យលាភីលេខបី លោក លាង ស៊ីណា ធ្វើការនៅរោងចក្រ Crystal Matin។ ចំពោះរង្វាន់ជ័យលាភីលេខមួយទទួលបានទឹកប្រាក់ចំនួន ២,000,000រៀល ជ័យលាភីលេខពីរទទួលបាន១,៥00,000រៀល និងជ័យលាភីលេខបីទទួលបានទឹកប្រាក់ចំនួន ១,០00,000រៀល រីឯអ្នកដែលមិនបានជាប់ជ័យលាភីម្នាក់ទទួលបានទឹកប្រាក់ចំនួន២០០,០០០រៀល៕