Print this page

ឯក​ឧត្តម ពេជ សោភ័ន ទទួល​ជួប​សំដែង​ការ​គួរ​សម និង​ពិភាក្សា​ការងារ​ជា​មួយ​គណៈ​ប្រតិ​ភូ​នាយក​ដ្ឋាន​អភិវឌ្ឍន៏​មុខ​ជំនាញ​ថៃ

 សុក្រ, 01 សីហា 2014 16:40  |    Written by MLVT  |  3659 times

ក្នុង​ក្រប​ខណ្ឌ​នៃ​គំរោង​អភិវឌ្ឍន៏​ជំនាញ​ការងារ​សំរាប់​ប្រទេស​កម្ពុជា ឡាវ មីយ៉ាម៉ា គណៈ​ប្រតិភូ​​មួយ​​ក្រុម​​ដឹក​នាំ​ដោយ​លោក Sandod Themsaw អ្នក​ជំនាញ​ការ​ជាន់​ខ្ពស់​ផ្នែក​​អភិវឌ្ឍ​មុខ​ជំនាញ​​នៃ​ព្រះ​រាជា​​ណា​ច​ក្រ​ថៃ​បាន​ចូល​ជួប​សំដែង​ការ​គួរ​សម​និង​ពិភាក្សា​ការងារ​ជា​មួយ ឯក​ឧត្តម ពេជ សោភ័ន រដ្ឋ​​លេខា​ធិការ​តំណាង​ឯក​ឧត្តម អ៊ិត សំហេង រដ្ឋម​ន្ត្រី​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ក្នុង​​គោល​​​បំណង​ផ្លាស់​ប្តូរ​ចំណេះ​ដឹង​និង​ជំរុញ​កិច្ច​សហ​ប្រតិ​បតិ្ត​ការ​អភិវឌ្ឍ​មុខ​ជំនាញ​រវាង​នាយក​ដ្ឋាន​​អភិវឌ្ឍ​​មុខ​ជំនាញ​នៃ​ព្រះ​រាជា​ណា​ចក្រ​ថៃ​ជា​មួយ​អគ្គនាយក​ដ្ឋាន​អប់រំ​បណ្តុះ​បណ្តាល​​បច្ចេក​ទេស​និង​​វិជ្ជាជីវៈ​​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​​ នៅ​ទីស្តី​ការ​ក្រសួង​រសៀល​ថ្ងៃ​ទី​៣០​ខែ​កក្កដា​ឆ្នាំ​២០១៤​។​ក្នុង​​នាម​ឯក​ឧត្តម​រដ្ឋមន្ត្រី អ៊ិត សំហេង និង​ក្នុង​នាម​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ឯក​ឧត្តម ពេជ សោភ័ន សូម​ថ្លែង​អំណរ​គុណ​ដល់​រាជ​រដ្ឋា​ភិបាល​និង​ក្រសួង​ការងារ​ថៃ​ ជា​ពិសេស​នាយក​ដ្ឋាន​​អភិវឌ្ឍ​មុខ​ជំនាញ​នៃ​ព្រះ​រាជា​ណា​ចក្រ​ថៃ​ដែល​បាន​ផ្តល់​ជំនួយ​ឧបត្ថម្ភ​ផ្នែក​សំភារៈ​ក៏​ដូច​ជា​​អភិវឌ្ឍ​​ផ្នែក​​ជំនាញ​នៅ​កម្ពុជា​ជា​ពិសេស​គឺ​ការ​កសាង​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​មួយ​ចំនួន​មក​ដល់​​មជ្ឈមណ្ឌល​​អភិវឌ្ឍន៏​​ជំនាញ​កម្ពុជា-ថៃ​។​​ លោក Sandod Themsaw ថ្លែង​អំណរ​គុណ​ដល់​ក្រសួង​ការងារ​និង​បណ្តុះ​​​បណ្តាល​​វិជ្ជាជីវៈ​កម្ពុជា​ដែល​បាន​ទទួល​ស្វា​គមន៏​គណៈ​ប្រតិភូ​នាយកដ្ឋាន​អភិវឌ្ឍ​​មុខ​​ជំនាញ​​​​​នៃ​ព្រះ​រាជា​​ណា​ចក្រ​ថៃ​យ៉ាង​កក់​ក្តៅ​លោក​បន្ត​ថា​គោល​បំណង​​សំខាន់​​សំរាប់​ដំណើរ​​ទស្សន​កិច្ច​​​របស់​គណៈ​ប្រតិភូ​នា​ពេល​នេះ​គឺ​ចង់​បង្កើន​នូវ​ទំនាក់​ទំន​កិច្ច​សហ​ប្រតិ​បត្តិការ​រវាង​ផ្នែក​បណ្តុះ​​បណ្តាល​​​វិជ្ជាជីវៈ​កម្ពុជា​-​ថៃ​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត​ដែល​ទំនាក់​ទំនង​នេះ​បាន​បន្ត​ជិត​២០​ឆ្នាំ​​មក​​ហើយ​។​ឯក​ឧត្តម ពេជ សោភ័ន បាន​លើក​ឡើង​៣​ចំនុច​ជូន​ដល់​ភាគី​ភ្ញៀវ​ដើម្បី​ពិភាក្សា​និង​ផ្លាស់​​ប្តូរ​​យោបល់​គ្នា​ចំនុច​ទី​១. កន្លង​មក​តាម​រយៈ​​​​​រដ្ឋា​ភិបាល​ថៃ​បាន​ជួយ​កសាង​​នូវ​មជ្ឈមណ្ឌល​​អភិវឌ្ឍន៏​​ជំនាញ​​កម្ពុជា​-ថៃ​ដែល​កំពុង​តែ​បណ្តុះ​បណ្តាល​នូវ​ធនធាន​មនុស្ស​និង​ជំនាញ​បច្ចេកទេស​​​ ឯក​ឧត្តម​​បាន​ស្នើ​អោយ​ភាគី​ថៃ​ជួយ​ដោះ​ស្រាយ​នូវ​បញ្ហា​មួយ​ចំនួន​ក្នុង​នោះ​រួម​មាន​ការ​បំពាក់​មូលដ្ឋាន​ខាង​​សំភារៈ​​​​តាម​រោង​ជាង​និង​ដោយ​​សារ​តែ​មជ្ឍមណ្ឌល​នៅ​ឆ្ងាយ​ពី​ទី​ប្រជុំ​ជន​សិស្ស​មួយ​​ចំនួន​​ដែល​មក​​សិក្សា​​ពិបាក​នឹង​ធ្វើ​ដំណើរ​ខាង​មជ្ឈមណ្ឌល​ខ្វះ​ខាត​នូវ​មធ្យោបាយ​ដឹក​ជញ្ជូន​ដូច្នេះ​សូម​ភាគី​ថៃ​​ពិនិត្យ​​លទ្ធ​ភាព​ដើម្បី​ជួយ​សំរួល​ដល់​ការ​ដឹក​ជញ្ជូន​នេះ​ហើយ​មួយ​វិញ​ទៀត​ភាគី​ថៃ​អាច​បញ្ជូន​អ្នក​​ជំនាញ​​ការ​ខាង​បច្ចេកទេស​ដែល​ពាក់​ព័ន្ធ​ដើម្បី​ជួយ​អភិវឌ្ឍ​គុណ​ភាព​នៅ​ទី​នោះ​​ផង​។ ២. ភាគី​កម្ពុជា​​ចង់​​​ស្នើ​សុំ​ភាគី​ថៃ​ជួយ​សាង​សង់​មជ្ឍមណ្ឌល​បណ្តុះ​បណ្តាល​​វិជ្ជាជីវៈ​មួយ​កន្លែង​នៅ​ខេត្ត​​បន្ទាយ​​មាន​​ជ័យ​​​ជាប់​ព្រំ​ប្រទល់​ថៃ​ដើម្បី​បណ្តុះ​បណ្តាល​ពល​ករ​កម្ពុជា​អោយ​មាន​ជំនាញ​មួយ​​ច្បាស់​លាស់​មុន​​នឹង​​ចេញ​​​ទៅ​ធ្វើ​ការ​ដោយ​ស្រប​ច្បាប់​នៅ​ប្រទេស​ថៃ​។ ​ ជា​ការ​ឆ្លើយ​តប​លោក Sandod Themsaw បាន​​បញ្ជាក់​ថា​ពាក់​ព័ន្ធ​នឹង​ការ​ស្នើ​សុំ​ឲ្យ​ដោះ​ស្រាយ​បញ្ហា​មួយ​ចំនួន​នៅ​ក្នុង​​មជ្ឈមណ្ឌល​​អភិវឌ្ឍន៏​​ជំនាញ​​កម្ពុជា​​​-ថៃ​និង​ការ​សាង​សង់​មជ្ឍមណ្ឌល​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​មួយ​កន្លែង​នៅ​ខេត្ត​បន្ទាយ​មានជ័យ ភាគី​ថៃ​​កំពុង​នឹង​ទទួល​យក​បញ្ហា​នេះ​ទៅ​ជំរាប​ជូន​ទៅ​ថ្នាក់​ដឹក​នាំ​ដើម្បី​យើង​មាន​ផែន​ការ​រយៈ​ពេល​ខ្លី​និង​​​រយៈ​​ពេល​វែង​ក្នុង​ការ​បន្ត​សហ​ការ​គ្នា​ត​ទៅ​ទៀត​។​ចំណុច​ទី​៣​ ឯក​ឧត្តម ពេជ សោភ័ន បាន​មាន​​ប្រសាសន៏​ទៅ​កាន់​ភាគី​ភ្ញៀវ​ថា​បច្ចុប្បន្ន​ពលករ​ខ្មែរ​ដែល​ធ្វើ​ការ​ដោយ​ខុស​ច្បាប់​ត្រូវ​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​មក​កម្ពុជា​វិញ​ឥលូវ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​​កំពុង​រៀប​ចំ​សំរួល​អោយ​ត្រឡប់​ទៅ​ធ្វើ​ការ​​ដោយ​ស្រប​​ច្បាប់​​នៅ​​ប្រទេស​​ថៃ​យើង​មិន​ត្រឹម​តែ​សំរួល​អោយ​ទៅ​ត្រឹម​តែ​ស្រប​ច្បាប់​ប៉ុណ្ណោះ​ទេ​យើង​ចង់​បណ្តុះ​​បណ្តាល​​អោយ​​ពួក​​គេ​មាន​​ជំនាញ​ច្បាស់​លាស់​ទៀត​យ៉ាង​ណា​មិញ​ដូច​ជា​ការ​បញ្ជូន​ពលករ​​ទៅ​​សាធារណៈ​រដ្ឋ​​កូរ៉េ​មុន​នឹង​ចេញ​ទៅ​ត្រូវ​ឆ្លង​កាត់​ការ​បណ្តុះ​បណ្តាល​ជា​មុន​សិន​ដូច​ជា​ខាង​ភាសា​ច្បាប់​និង​របៀប​របប​រស់​នៅ​ទី​នោះ​ជា​ដើម​ដូច្នេះ​ពេល​ពលករ​មុន​ពេល​ចេញ​ទៅ​ធ្វើ​ការ​នៅ​ថៃ​គួរ​តែ​យក​​មជ្ឈមណ្ឌល​អភិវឌ្ឍន៏​ជំនាញ​កម្ពុជា​-ថៃ​នេះ​ជា​កន្លែង​ដែល​ត្រូវ​បង្រៀន​ពលករ​ពី​ច្បាប់​ទំលាប់​​ ភាសា​​​និង​ជំនាញ​ដល់​ពួក​គេ​។​ជា​ការ​ឆ្លើយ​តប​លោក​ប្រធាន​គណៈ​ប្រតិ​ភូ​មិន​យល់​ទាស់​ទេ​ចំពោះ​សំណើ​នេះ​ហើយ​ភាគី​ទាំង​ពីរ​កម្ពុជា​ថៃ​នឹង​បន្ត​ពិភាក្សា​គ្នា​ដើម្បី​ជំរុញ​អោយ​ការងារ​នេះ​ទទួល​​បាន​ជោគ​ជ័យ​​បន្ត​ទៀត​។