ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

ព័ត៌មានច្បាស់លាស់ ត្រឹមត្រូវអំពីវិស័យការងារ សន្តិសុខសង្គម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

ក្រសួងការងារ រួមនឹង​ដៃ​គូរពាក់​ព័ន្ធ​បើក​កិច្ច​ប្រជុំ​លើកទី១ នៃគណៈ​កម្មាធិការ​ជាតិ​សុខភាព និង​សុវត្ថិភាព​ការងារ ដើម្បីទប់ស្កាត់បញ្ហាករណីដួលសន្លប់

 អង្គារ, 13 កុម្ភៈ 2018 13:23  |    Written by MLVT  |  2696 times  |   Print  |   Email

ដើម្បីដោះស្រាយករណីដួលសន្លប់របស់កម្មករ និយោជិត ក៍ដូចជាករណីដួលសន្លប់ជារួម និងអនុវត្តទៅតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលសម្តេចបានផ្តល់អនុសាសន៍ អោយក្រសួងដែលពាក់ព័ន្ធធើ្វការជាដៃគូរជាមួយគ្នា ដើម្បីពិនិត្យមើលបាតុភាពដួលសន្លប់នេះ មកពីបញ្ហាអ្វីពិតប្រាកដ ដើម្បីស្រាវជ្រាវបញ្ហាហ្នឹង ហើយបញ្ចៀសបញ្ហាហ្នឹងអោយបាន ។ គណៈកម្មាធិការជាតិសុខភាព និងសុវត្ថិភាពការងារ ដែលមាន ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាប្រធាន បានបើកកិច្ចប្រជុំជាលើកទីមួយរបស់ខ្លួនដើម្បីរកអោយឃើញនូវករណីដួលសន្លប់នេះឈានទៅទប់ស្កាត់ និងលុបបំបាត់អោយបានទាំងស្រុង ដោយកិច្ចប្រជុំនេះធ្វើឡើង នៅទីស្តីការក្រសួងការងារ នាថ្ងៃអង្គារ ១៣រោជ ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ ។ ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍លើកឡើងថា កិច្ចប្រជុំ ទាក់ទងករណីគ្រោះថ្នាក់ការងារ អនាម័យ និងសុវត្ថិភាពការងារនេះ មានការចូលរួមចំនួនបីភាគី ក្នុងនោះមានភាគីរាជរដ្ឋាភិបាល ភាគីនិយោជក និងភាគីសហជីព ហើយកិច្ចប្រជុំនេះយើងក៍បានអញ្ជើញភាគីពាក់ព័ន្ធអោយចូលរួមដែរ ក្នុងនោះមានអង្គការសុខភាពពិភពលោក(WHO) អង្គការILO-BFC ដើម្បីបង្កើតភាពជាដៃគូរផ្តល់នូវបច្ចេកទេសពាក់ព័ន្ធដើម្បីរិះរកគ្រប់វិធីទប់ស្កាត់ករណីដួលសន្លប់របស់បងប្អូនកម្មករ និយោជិត តាមរោងចក្រសហគ្រាស ពិសេសរោងចក្រកាត់ដេរ និងផលិតស្បែកជើង។ ឯកឧត្តមមានប្រសាសន៍ថា "អង្គប្រជុំបានពិនិត្យមើលករណីដួលសន្លប់កន្លងមក និងវិភាគពីផ្នែកបច្ចេកទេស ផ្នែកចិត្តសាស្រ្តសង្គម ផ្នែកវេជ្ជសាស្ត្រមួយចំនួន ដើម្បីប្រមូលធាតុចូល និងផ្តើមនូវវិធានការណ៍ ហើយតាមរយៈកិច្ចប្រជុំនេះយើងបានបង្កើតនូវក្រុមការងារបច្ចេកទេសមួយ មានខ្ញុំដឹកនាំផ្ទាល់តែម្តង មានក្រសួងសុខាភិបាល និងក្រសួងដែលពាក់ព័ន្ធ មានសហជីព និយោជក អង្គការសុខភាពពិភពលោក អង្គការអាយឡូ ចូលរួមជាដៃគូរ ហើយក្នុងហ្នឹងមានក្រុមបច្ចេកទេសមួយទៀតដែលជាសេនាធិការផ្តល់ការសិក្សាស្រាវជ្រាវផ្នែកបច្ចេកទេសដែលមានរដ្ឋលេខាធិការក្រសួងការងារ និងរដ្ឋលេខាធិការក្រសួងសុខាភិបាល ជាសហប្រធានដឹកនាំការងារនេះលើផ្នែកបច្ចេកទេស និងផ្តល់យោបល់ ក្នុងហ្នឹងយើងនឹងធ្វើយ៉ាងណាផ្តល់យោបល់ខាងផ្នែកបច្ចេកទេស ថាតើត្រូវធ្វើយ៉ាងម៉េចដើម្បីទប់ស្កាត់ និងឈានទៅលុបបំបាត់ករណីដួលសន្លប់នេះទាំងស្រុងតែម្តង ទីពីរ គឺរៀបចំនូវបទបញ្ញាតិ អាចជាប្រកាសរួមរវាងក្រសួងការងារ និងក្រសួងសុខាភិបាល កំណត់នូវបទបញ្ញតិមួយចំនួនដើម្បីយកទៅអនុវត្ត ទីបីបង្កើននូវកិច្ចប្រជុំផ្សព្វផ្សាយ ធ្វើយ៉ាងណាអោយបងប្អូនកម្មករ និយោជិត មានការប្រុងប្រយ័ត្ន និងទីបួន បង្កើននូវវិធានការអនុវត្តច្បាប់ទាក់ទងទៅនឹងក្រុមពិនិត្យសុវត្ថិភាព អនុវត្តពាក្យស្លោក សុវត្ថិភាពជាចំបងមុនពេលធ្វើការអីហ្នឹង(Safety First) ដើម្បីបង្កើនប្រសិទ្ធិភាព ករណីដួលសន្លប់ ដូចជាបង្កើននូវអធិការកិច្ចការងាររបស់យើងធានានូវអនាម័យ និងសុវត្ថិភាពការងារនេះនៅកន្លែងធ្វើការ"។ ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា មូលហេតុសំខាន់បណ្តាលអោយមានករណីដួលងសន្លប់រួមមាន កត្តាគីមី កត្តារូបសាស្ត្រ កត្តាចិត្តសាស្ត្រសង្គម កត្តាការរៀបចំប៉ុស្តការងារ កត្តាមេកានិច កត្តាជីវសាស្ត្រ និងលក្ខខណ្ឌការងារ ។ ដើម្បីដោះស្រាយបញ្ហានេះចំពោះមុខក្រុមការងារនឹងធ្វើការសិក្សាស្រាវជ្រាវ យើងក៍មានសេចក្តីជូនដំណឹងរួចហើយ កាលពីឆ្នាំមុនយើងមានសៀវភៅពាក់ព័ន្ធទៅនឹងអនាម័យ និងសុវត្ថិភាពការងារនៅតាមរោងចក្រ និងចុងឆ្នាំនេះយើងក៍មានចេញនូវសេចក្តីជូនដំណឹងមួយអោយបង្កើតនូវសុវត្ថិមុនពេលដំណើរការ ប៉ុន្តែកន្លងមកយើងទើបតែចាប់ផ្តើមអនុវត្តដំបូងវាមានខ្វះខាតខ្លះ ពិនិត្យហើយវាមិនបានគ្រប់ជ្រុងជ្រោយ ឧទាហរណ៍ថា នៅខេត្តតាកែវនាពេលថ្មីៗនេះ វាមិនមែននៅក្នុងរោងចក្រប៉ុន្តែកើតចេញពីការបាញ់ថ្នាំសំលាប់សត្វល្អិតពីខាងក្រៅមកក៍បានធ្វើអោយបងប្អូនសន្លប់បានដែរ ដូច្នេះយើងនឹងបង្កើននូវវិធានការណ៍ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ៕

 

 


ឯកសារផ្លូវការ