ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានអនុញ្ញាតទទួលជួបលោក ហ្វូមីអូ យ៉ាម៉ាដា ប្រធានអង្គការសមាគមសហប្រតិបត្តិការ កម្ពុជាជប៉ុន (JCIA) ពិភាក្សាការងារពាក់ព័ន្ធលើវិស័យការងារនិងបណ្តុះបណ្តាល

 សៅរ៍, 02 ធ្នូ 2017 11:04  |    Written by MLVT  |  356 times  |   Print  |   Email

នៅរសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧នេះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតទទួលជួបលោក ហ្វូមីអូ យ៉ាម៉ាដា ប្រធានអង្គការសមាគមសហប្រតិបត្តិការ កម្ពុជាជប៉ុន (JCIA) ពិភាក្សាការងារពាក់ព័ន្ធលើវិស័យការងារនិងបណ្តុះបណ្តាល។

ក្នុងជំនួបនាឱកាសនោះ លោក ហ្វូមីអូ យ៉ាម៉ាដា (Fumio Yamada) បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីអំពីភាពរីកចម្រើន របស់អង្គការ ជេស៊ីអាយអេ ដែលជាអង្គការបណ្តុះបណ្តាលកម្មសិក្សាការីថែទាំមនុស្សចាស់។ ទន្ទឹមនឹងនេះ ភាគីជប៉ុនបានរាយការណ៍បន្តថា ដោយមើលឃើញពីសមត្ថភាព ការយកចិត្តទុកដាក់ សុជីវធម៌ ភាពស្មោះត្រង់ និងក្រមសីលធម៌ខ្ពស់របស់កម្មសិក្សាការីកម្ពុជា ទើបលោកមានគម្រោងបន្តបណ្តុះបណ្តាល និងបញ្ជូនកម្មសិក្សាការីបន្ថែមទៀតដើម្បីបំពេញតាមតម្រូវការចាំបាច់។ ក្នុងនោះអង្គការរបស់លោក គ្រោង នឹងបញ្ជូនអ្នកបច្ចេកទេសជប៉ុនមកបណ្តុះបណ្តាលបច្ចេកទេសថែទាំមនុស្សចាស់នៅកម្ពុជាដែរ មុនពេលកម្ម សិក្សាការីកម្ពុជាចេញទៅបម្រើការងារនៅប្រទេសជប៉ុន។

ជាកិច្ចឆ្លើយតបរបស់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង លោកបានថ្លែងអំណរដល់ភាគីជប៉ុន ដែលបាន ខិតខំបំពេញការងាររបស់ខ្លួនព្រមទាំងការបណ្តុះបណ្តាលកម្មសិក្សាការីកម្ពុជាលើជំនាញថែទាំមនុស្សចាស់ ដែលឯកឧត្តមយល់ឃើញថ ជំនាញនេះកំពុងមានតម្រូវការជាចាំបាច់នៅ ប្រទេសជប៉ុន ជាពិសេសការ បណ្តុះបណ្តាលស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញនាពេលកន្លងទៅ ស្តីពីការថែទាំមនុស្សចាស់។