ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

ព័ត៌មានច្បាស់លាស់ ត្រឹមត្រូវអំពីវិស័យការងារ សន្តិសុខសង្គម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

ឯកឧត្តម​រដ្ឋមន្ត្រី អនុញ្ញាត​ឲ្យ​គណៈ​ប្រតិភូ របស់​អង្គការ​ភូមិ​កុមារ SOS ចូល​ជួប​សម្តែង​ការ​គួរ​សម និង​ពិភាក្សា​ការ​ងារ PrinterEmail

 ច័ន្ទ, 21 តុលា 2013 14:32  |    Written by MLVT  |  3027 times  |   Print  |   Email

នៅ​ព្រឹ​ក​​ថ្ងៃ​ទី​២​១​ ខែ​​តុ​លា ​ឆ្នាំ​​២០​១​៣ ឯកឧត្តម វង សូត រដ្ឋមន្រ្តី​​ក្រសួង​​សង្គមកិច្ច អតីត​​យុទ្ធជន និង​យុវនីតិ​សម្បទា អនុញ្ញាត​ឲ្យ​គណៈ​ប្រតិភូ របស់​អង្គការ​ភូមិកុមារ អេស អូ អេស ដែល​​ដឹក​នាំ​​ដោយ​​លោក​ស្រី ស៊ូបា មូទី អគ្គ​លេខាធិការរង នៃ​អង្គការ​ភូមិ​កុមារ SOS ចូល​ជួប​​សម្តែង​​ការ​គួរ​សម និង​ពិភាក្សា​​ការងារ នៅ​ទីស្តី​ការ​ក្រសួង ។ លោកស្រី ស៊ូបា មូទី មាន​ប្រសាសន៍​ថា ចាប់ពី​ឆ្នាំ ១៩៩៩ រហូត​ដល់​​បច្ចុប្បន្ន អង្គការ​ភូមិ​កុមារ SOS បាន​ចុះ​ហត្ថលេខា​លើ​​អនុស្សរណៈ​​យោគ​យល់​គ្នា​ជាមួយ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា គឺ​មាន​កិច្ច​សហ​ប្រតិ​បត្តិការ​បាន​យ៉ាង​ល្អ ដែល​ក្នុង​នោះ​បាន​សាង​សង់​​ភូមិ​​កុមារ SOS បាន​ចំនួន ៥ កន្លែង តាម​បណ្តា​​រាជធានី​-​ខេត្ត រួម​មានៈ ភូមិកុមារ SOS នៅ​ភ្នំពេញ, ភូមិកុមារ SOS នៅ​សៀមរាប, ភូមិ​កុមារ SOS នៅ​បាត់ដំបង, ភូមិ​កុមារ SOS នៅ​រតនៈគីរី និង​ភូមិ​កុមារ SOS នៅ​ក្រចេះ ។ លោកស្រី ស៊ូបា មូទី មាន​ប្រសាសន៍​ទៀត​ថា អង្គការ​ភូមិ​កុមារ SOS បាន​ជួយ​កុមារ​កម្ពុជា​ជាច្រើន​ក្នុង​កម្ម​វិធី​ថែរក្សា​​តាម​គ្រួសារ, កម្មវិធី​ពង្រឹង​គ្រួសារ​មណ្ឌល​សង្គមកិច្ច, កម្មវិធី​អាហារូបត្ថម្ភ, មណ្ឌល​បណ្តុះ​​បណ្តាល​វិជ្ជា​ជីវៈ និង​សាលា​រៀន សំដៅ​លើក​កម្ពស់ និង​ការពារ​សិទ្ធិ​កុមារ នៅ​កម្ពុជា ។ លោកស្រី​បាន​បន្ត​ទៀត​ថា អង្គការ​គ្រោង​ដាក់​សម្ភោធ​ភូមិ​កុមារ SOS ដែល​ទើប​សាង​សង់​រួច នៅ​ខេត្ត​​ក្រចេះ នាពេល​ឆាប់​ៗ​នេះ​ហើយ ។ គួរ​បញ្ជាក់​ផង​ដែរ​ថា អង្គការ​នឹង​មាន​គម្រោង​​ពង្រីក​​ភូមិ​​កុមារ SOS ចំនួន ២ កន្លែង​បន្ថែម​ទៀត ដែល​មាន​ទីតាំង​ស្ថិត​នៅក្នុង​ខេត្ត​កំពត និង​ខេត្ត​ព្រៃវែង​​ផង​ដែរ ។ ឆ្លៀត​នៅ​​ក្នុង​ឱកាស​​នោះ​ផង​ដែរ ឯកឧត្តម វង សូត រដ្ឋមន្រ្តី​ក្រសួង​សង្គមកិច្ច អតីត​​យុទ្ធជន និង​យុវនីតិ​សម្បទា មាន​ប្រសាសន៍​ថ្លែង​អំណរ​គុណ និង​វាយ​តម្លៃ​ខ្ពស់ ចំពោះ​​កិច្ច​​សហ​​ប្រតិបត្តិ​ការ​បាន​យ៉ាង​ល្អ រវាង​អង្គការ​​ភូមិ​កុមារ SOS និង​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​​យុវនីតិ​សម្បទា នា​ពេល​កន្លង​មក ក្នុង​គោល​ដៅ​ជួយ​ដល់​កុមារ​កម្ពុជា​ដែល​ត្រូវ​ការ​​ថែទាំ​ជា​​អចិន្រ្តៃយ៍​ ដោយ​មិន​ប្រកាន់​ពូជ​សាសន៍ ។ ឯកឧត្តម​រដ្ឋមន្រ្តី​​មាន​​ប្រសាសន៍​ទៀត​ថា រាជរដ្ឋា​​ភិបាល​កម្ពុជា ក្នុង​អាណ្ណតិទី​៥​នេះ ក្រោមការ​ដឹកនាំ​ដ៏​ឈ្លាស​វៃ​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់​សម្តេច​​អគ្គ​មហា​ សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា តែងតែ​យក​ចិត្ត​​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​កុមារ សំដៅ​ផ្តល់​ភាព​កក់​ក្តៅ​ដល់​កុមារ និង​លើកកម្ពស់​សិទ្ធិ​​ក្នុង​ការ​រស់​នៅ​របស់​កុមារ ។ ជាទី​បញ្ចប់ ឯកឧត្តម វង សូត រដ្ឋមន្រ្តី​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវនីតិ​​សម្បទា បាន​មាន​ប្រសាសន៍​ថា កិច្ច​សហប្រតិបត្តិការ​នេះ នឹង​បន្ត​វិវឌ្ឍន៍​រីក​ចម្រើន​​ទៅ​​មុខ​ទៀត ដើម្បី​ជួយ​​ដល់​កុមារ​ទាំង​អស់​នៅ​កម្ពុជា​ទាំង​មូល ដែល​កំពុង​ជួប​ការ​លំបាក គ្មាន​ទីពឹង ហើយ​ឯកឧត្តម​សង្ឃឹម​យ៉ាង​មុត​មាំ​ថា នា​ពេល​អនាគត នឹង​មាន​អង្គការ​ភូមិ​កុមារ SOS បន្ថែម​ទៀត​នៅ​គ្រប់​រាជធានី-ខេត្ត សម្រាប់​ការពារ និង​ផ្តល់​ប្រយោជន៍​ដល់​កុមារ​កម្ពុជា​ទាំង​មូល ព្រោះ​ថា កុមារ គឺជា​ទំពាំង​​ស្នង​​ឫស្សី ៕

ឯកសារផ្លូវការ