ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

ព័ត៌មានច្បាស់លាស់ ត្រឹមត្រូវអំពីវិស័យការងារ សន្តិសុខសង្គម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

ពិធីចុះហត្ថលេខាត្រីភាគីលើអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកម្មវិធីការងារសមរម្យ សម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០១៦-២០១៨

 ពុធ, 19 តុលា 2016 10:29  |    Written by MLVT  |  2903 times  |   Print  |   Email

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាត្រីភាគីលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកម្មវិធីការងារសមរម្យ សម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០១៦-២០១៨ នៅសណ្ឋាគារ អាំងទែកង់ទីណង់តាល់ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ ភាគីហត្ថលេខីលើអនុស្សរណៈនេះរួមមានឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ម៉ូរីហ្សូ ប៊ូស៊ី (Maurizio Bussi) នាយកការិយាល័យអង្គការ ILO ប្រចាំប្រទេសកម្ពុជា ឡាវ និងថៃ លោកស្រី ទេព គឹមវណ្ណារី តំណាងសហជីព និងប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា លោកឧកញ៉ា វ៉ាន់ ស៊ូអៀង ប្រធានសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា។ ចាប់តាំងពីឆ្នាំ២០០៥ មក ប្រទេសកម្ពុជាបានអនុវត្តប្រកបដោយជោគជ័យនូវកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជា ចំនួន០៤ដំណាក់កាលរួចមកហើយ ដោយមានការចូលរួមអនុវត្តយ៉ាងសកម្ម និងមានប្រសិទ្ធភាព ពីភាគីពាក់ព័ន្ធ។ កម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០១៦-២០១៨ ថ្មីនេះ ត្រូវបានរៀបចំឡើងតាមយៈកិច្ចពិគ្រោះយោបល់ជាលក្ខណៈត្រីភាគីជាបន្តបន្ទាប់ រហូតទទួលបានការអនុម័តជាផ្លូវការដោយសិក្ខាសាលាត្រីភាគីថ្នាក់ជាតិ កាលពីខែឧសភា ឆ្នាំ២០១៦។ កម្មវិធីថ្មីនេះ គឺត្រូវបានរៀបចំឡើងដោយផ្តោតលើការបង្កើនលទ្ធផលការងារ ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយចីរភាព ក៏ដូចជាដោះស្រាយនូវរាល់បញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងការងារសមរម្យ និងការអភិវឌ្ឍនានា។កម្មវិធីការងារសមរម្យប្រចាំប្រទេស (DWCP) គឺជាយន្តការដ៏សំខាន់មួយ ដែលអង្គការអន្តរជាតិខាងការងារ (ILO) ផ្តល់នូវជំនួយបច្ចេកទេស និងការសម្របសម្រួលនានា ដល់បណ្តាប្រទេសជាសមាជិក ក្នុងការៀបចំកម្មវិធីការងារសមរម្យសម្រាប់ប្រទេសនីមួយៗ សំដៅបន្ស៊ីគោលដៅជាយុទ្ធសាស្រ្តរបស់អង្គការILO (ការលើកកម្ពស់ការងារសមរម្យសម្រាប់ទាំងអស់គ្នា) ជាមួយនឹងគោលនយោបាយ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍសង្គមកិច្ច និងសេដ្ឋកិច្ចជាតិនៃ បណ្តាប្រទេសទាំងនោះ។ កម្មវិធីនេះស្របទៅនឹងកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល។ ការចុះអនុស្សរណៈនៃការយោគយល់គ្នា នាពេលនេះ គឺបង្ហាញពីការប្តេជ្ញារួមគ្នារវាងអង្គការ ILO ភាគីរាជរដ្ឋាភិបាល ភាគីនិយោជក និងភាគីកម្មករនិយោជិត នៅក្នុងប្រទេសកម្ពុជាដើម្បីធ្វើការរួមគ្នាក្នុងការលើកកម្ពស់ និងជំរុញការងារសមរម្យសម្រាប់ប្រជាជនកម្ពុជាទាំងអស់។ សូមបញ្ជាក់ថាកម្មវិធីការងារសមរម្យផ្តោតលើជើងសសរស្តមចំនួន ៤ គី ការបង្កើតការងារ កិច្ចគាំពារសង្គម សិទ្ធិនៅកន្លែងការងារ និងសំវាទសង្គម។ អាទិភាព នៃកម្មវិធីការងារសមរម្យប្រចាំប្រទេស មានដូចជា៖ ទី១៖ ការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងវិជ្ជាជីវ: និងសិទ្ធិការងារ ទី២៖ ការលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់កំណើនការងារសមរម្យ និងសហគ្រាស ប្រកបដោយចីរភាព ដោយផ្តោតសំខាន់លើប្រជាជនវ័យក្មេង និងទី៣៖ ការពង្រីកនិងធ្វើឱ្យប្រសើរឡើងនូវកិច្ចគាំពារសង្គម ព្រមទាំងសុខភាព និងសុវត្ថិភាពការងារ។


ឯកសារផ្លូវការ