ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

ព័ត៌មានច្បាស់លាស់ ត្រឹមត្រូវអំពីវិស័យការងារ សន្តិសុខសង្គម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងការងារ ផ្តួចផ្តើមបុណ្យកឋិនទានសាមគ្គី កសាងសមិទ្ធផល ក្នុងទីវត្តអារាមមួយចំនួន នៅរាជធានីភ្នំពេញ

 Wednesday, 21 October 2020 16:11  |    Written by MLVT  |  1807 times  |   Print  |   Email

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត រដ្ឋមន្ត្រី អុិត សំហេង និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តួចផ្តើមបុណ្យកឋិនទានសាមគ្គី ដង្ហែរទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមា ដើម្បីប្រមូលបច្ច័យយកទៅកសាងសមិទ្ធផលនានា ក្នុងទីវត្តអារាមមួយចំនួន នៅរាជធានីភ្នំពេញ រួមមាន៖ វត្តមហាមន្រ្តី វត្តសារាវ័ន្តតេជោ វត្តទួលទំពូង និងវត្តលង្កា ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១៤:០០នាទីរសៀល ជួបជុំពុទ្ធបរិស័ទប្រារព្ធបទនមស្សការព្រះរតនត្រ័យ សមាទានសីលចម្រើន ព្រះបរិត្ត និងសម្តែងព្រះធម៌ទេសនា នៅទីស្តីការក្រសួងការងារ។ 

លុះព្រឹកឡើងថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៧:០០នាទីព្រឹក ដង្ហែរអង្គកឋិនទានសាមគ្គី ទៅវត្តមហាមន្រ្តី និងនិមន្តព្រះសង្ឃដារបង្សុកូលឆ្លងជាកិច្ចបង្ហើយបុណ្យ។

សូមជម្រាបជូនផងដែរថា កឋិនទាន គឺជាបុណ្យមួយ ដែលមានតែក្នុងព្រះពុទ្ធសាសនាប៉ុណ្ណោះ និងជាទានមានមកតាមផ្លូវព្រះវិន័យ ហើយក៏ជាកាលទានដ៏ពិសេសមួយមានកំណត់ពេលវេលាច្បាស់លាស់ ពុំមែនចេះតែធ្វើនៅពេលណា ក៏បានតាមចិត្តចង់នោះឡើយ។ គឺរយៈកាលទទួលកឋិនទានក្ដី និងរយៈកាលកឋិនទានក្ដី អាចធ្វើបានតែក្នុងសម័យតែ ១ខែគត់ (២៩ថ្ងៃ) ចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក ។

បើខុសពីសម័យកាលនេះ ទោះបីអ្នកមានសទ្ធាធ្វើបុណ្យ មានលក្ខណៈសណ្ឋានដូចកឋិនក៏ដោយ ក៏មិនអាចហៅថា កឋិនទានបានដែរ ព្រោះធ្វើខុសកាលទាន មិនចំសម័យ មួយខែចុងវស្សាន្តរដូវនេះ ពោលគឺមិនត្រូវ តាមពុទ្ធានុញ្ញាត ។ ក្នុងវត្តមួយ បើការចាំវស្សា គ្មានភិក្ខុសោះ ក៏មិនអាចហែកឋិនចូលដែរ ព្រោះសាមណេរ គ្មានសិទ្ធិទទួលក្រាលគ្រងកឋិនទេ លុះតែយ៉ាងហោចបំផុត ត្រូវមានភិក្ខុ ១អង្គដែរ ហើយដែលបានចាំវស្សា អស់៣ខែ បានត្រឹមត្រូវ ទើបអាចហែកឋិនចូលបាន៕


ឯកសារផ្លូវការ