កម្ពុជា ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី២១របស់គណៈកម្មការសម្របសម្រួលនៃបណ្តាញសុខភាព និងសុវត្ថិភាពការងារអាស៊ាន (អាស៊ានអូស្ហណេត) តាមរយៈប្រព័ន្ធវីដេអូ

 Thursday, 15 October 2020 16:03  |    Written by MLVT  |  136 times  |   Print  |   Email

(ភ្នំពេញ)៖ នេះគឺជាឆ្នាំទី២១ហើយ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់អាស៊ានអូស្ហណេតដែលរៀបចំដោយប្រទេសឡាវ ក្នុងនាមជាប្រធាននៃកិច្ចប្រជុំ សហការជាមួយលេខាធិការដ្ឋានអាស៊ានដែលប្រព្រឹត្តទៅនាថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២០តាមរយៈប្រព័ន្ធវីដេអូ នៅទីស្តីការក្រសួងការងារ ។ 

កិច្ចប្រជុំនេះ ជាវេទិកាបើកចំហសម្រាប់សមាជិកអាស៊ាន ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងទស្សនៈពាក់ព័ន្ធនឹងផែនការសកម្មភាពរបស់អាស៊ានអូស្ហណេត បញ្ហាសុខភាព និងសុវត្ថិភាពការងារ ព្រមទាំងផ្តល់ឱកាសដល់ប្រទេសដៃគូ និងអង្គការដៃគូដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការអភិវឌ្ឍសុខភាព និងសុវត្ថិភាពការងារនៅក្នុងតំបន់អាស៊ាន រួមមានបណ្តាប្រទេសអាស៊ានទាំង ១០ អង្គការអន្តរជាតិខាងការងារ (ILO) សមាគមអធិការកិច្ចការងារអន្តរជាតិ(IALI) អង្គការសុវត្ថិភាព និងសុខភាពការងារអាស៊ី-ប៉ាស៊ីហ្វិក (APOSHO) រដ្ឋការ នៃរដ្ឋបាលផ្នែកសុវត្ថិភាពការងារ នៃសាធារណៈរដ្ឋប្រជាមានិតចិន (SAWS) ក្រសួងសុខាភិបាល ការងារ និងសុខមាលភាពនៃប្រទេសជប៉ុន (MHLW) ទីភ្នាក់ងារសុវត្ថិភាព និងសុខភាព ការងារនៃសាធារណៈរដ្ឋកូរ៉េ (KOSHA) និងវិទ្យាស្ថានដើម្បីការអភិវឌ្ឍន៍នៃសាធារណៈរដ្ឋកូរ៉េ (KDI)។  

អង្គប្រជុំ បានពិនិត្យមើលឡើងវិញនូវលទ្ធផលការងារនៃការអនុវត្តផែនការសកម្មភាពអាស៊ានអូស្ហណេតសម្រាប់ឆ្នាំ២០១៦-២០២០ និងអនុម័តលើផែនការសកម្មភាពរបស់អាស៊ានអូស្ហណេតសម្រាប់ឆ្នាំ២០២១-២០២៥ ដោយប្រទេសកម្ពុជាបានលើគម្រោងក្នុងការរៀបចំសិក្ខាសាលា និងចងក្រងឯកសារស្តីពីការអនុវត្តល្អៗផ្នែកសុវត្ថិភាព និងសុខភាពការងារនៅក្នុងសហគ្រាស ខ្នាតតូច និងមធ្យម កន្លែងធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការដ្ឋានសំណង់ខ្នាតតូចដែលនឹងត្រូវដាក់ចូលនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំរដ្ឋមន្ត្រីខាងការងារអាស៊ាននាពេលខាងមុខ៕