ក្រសួងការងារ-IOM រៀបចំប្រជុំពិគ្រោះយោបល់ប្រចាំឆ្នាំលើការអនុវត្តគម្រោង PROMISE

 Thursday, 08 October 2020 14:37  |    Written by MLVT  |  147 times  |   Print  |   Email

(សៀមរាប)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយអង្គការទេសន្តរប្រវេសន៍ អន្តរជាតិ (IOM) ក្រោមជំនួយថវិការបស់ទីភ្នាក់ងារអភិវឌ្ឍន៍ និងសហប្រតិបត្តិការស្វីស (SDC) រៀបចំប្រជុំពិគ្រោះយោបល់ប្រចាំឆ្នាំលើការអនុវត្តគម្រោងកាត់បន្ថយភាពក្រីក្រ នៅក្នុងប្រទេសកម្ពុជា ឡាវ ភូមា និងថៃ (PROMISE) តាមរយៈការធ្វើចំណាកស្រុកដោយសុវត្ថិភាព ការកសាងជំនាញ និងការលើកកម្ពស់ប្រសិទ្ធភាពសេវារកការងារអោយធ្វើ  នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ ។

កិច្ចប្រជុំពិគ្រោះយោបល់នេះ ត្រូវបានរៀបចំឡើង នៅសណ្ឋាគារសោម៉ាទេវី ក្រោមអធិបតីភាព ឯកឧត្តម ហ៊ូ វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត រដ្ឋមន្ត្រី អុិត សំហេង ដោយមានការអញ្ជើញចូលរួមពីលោកស្រី Kristin Parco ប្រធានបេសកកម្មអង្គការ IOM ប្រចាំនៅកម្ពុជា និងលោកស្រី Nadia Ottiger អនុប្រធានទីភ្នាក់ងារអភិវឌ្ឍន៍ និងសហប្រតិបត្តិការស្វីស (SDC) ប្រចាំនៅកម្ពុជាផងដែរ។ 

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំពិគ្រោះយោបល់នេះ ឯកឧត្តម ហ៊ូ វុឌ្ឍី មានប្រសាសន៍ថា ការអនុវត្តគម្រោង PROMISE នៅកម្ពុជាពិតជាមានសារៈសំខាន់ ក្នុងការលើកកម្ពស់ទេសន្តរប្រវេសន៍ការងារដោយសុវត្ថិភាព ឱ្យទទួលបានការងារសមរម្យ និង ទទួលបានការអភិវឌ្ឍជំនាញ និងទទួលស្គាល់ជំនាញ។ ឯកឧត្តមអនុរដ្ឋលេខាធិការ បានបន្តថា សកម្មភាពនានានៃគម្រោង PROMISE ជាផ្នែកមួយនៃសកម្មភាពដែលបានកំណត់ក្នុងគោលនយោបាយទេសន្តរប្រវេសន៍ការងារសម្រាប់ប្រទេសកម្ពុជាឆ្នាំ២០១៩-២០២៣ ដែលប្រមូលផ្តុំលើការលើកកម្ពស់ប្រសិទ្ធិភាពនៃការការពារពលករ និងកិច្ចអភិវឌ្ឍន៍មុខរបរក្រៅប្រទេស រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកម្ពុជា ជាពិសេសការកាត់បន្ថយភាពក្រីក្រ ធ្វើឱ្យជីវភាពរបស់ពលរដ្ឋខ្មែរកាន់តែប្រសើរឡើង។ 

ជាមួយគ្នានេះ លោកស្រី Kristin Parco ប្រធានបេសកកម្មអង្គការ IOM ប្រចាំនៅកម្ពុជា មានប្រសាសន៍ថា គម្រោង PROMISE គឺជាការគាំទ្រកម្មវិធីទេសន្តរប្រវេសន៍ការងារដោយសុវត្ថិភាព រួមចំណែកអភិវឌ្ឍន៍ជំនាញ ដែលមានរយៈពេល៤ឆ្នាំ ត្រូវបានគាំទ្រខាងថវិកាដោយ SDC។ គម្រោងនេះកំពុងជួយគាំទ្រការបង្កើតឱកាសការងារ និងលក្ខខណ្ឌការងារល្អ សម្រាប់ពលករទេសន្តរប្រវេសន៍ ជាពិសេសពលករស្ត្រី តាមរយៈការបង្កើនជំនាញ និងការដាក់ឱ្យធ្វើការដោយជោគជ័យ។គម្រោងPROMISE កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងទេសចរណ៍  អ្នកផ្តល់ជំនាញ ដៃគូអភិវឌ្ឍ និង វិស័យឯកជន។ 

លោកស្រី Nadia Ottiger អនុប្រធានទីភ្នាក់ងារអភិវឌ្ឍន៍និងសហប្រតិបត្តិការស្វីស បានថ្លែងថា ការអភិវឌ្ឍជំនាញបច្ចេកទេសវិជ្ជាជីវៈ នៃគម្រោង PROMISE ជាកត្តាសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ដែលពលករទេសន្តរប្រវេសន៍ទទួលបានជំនាញនិងចំណេះដឹងពាក់ព័ន្ធនឹងការងារ ផ្តល់អត្ថប្រយោជន៍ដល់ពលករនៅពេលវិលត្រឡប់មកមាតុប្រទេសវិញ។ លោកស្រី ក៏បានផ្តោតជាសំខាន់ទៅលើកិច្ចសហប្រតិបត្តិការរវាងស្ថាប័នពាក់ព័ន្ធ  វិស័យឯកជន និង ភាគីពាក់ព័ន្ធឯទៀតផងដែរ។ ទន្ទឹមនេះដែរលោកស្រី អនុប្រធានទីភ្នាក់ងារអភិវឌ្ឍន៍ និងសហប្រតិបត្តិការស្វីស បញ្ជាក់ថា រដ្ឋាភិបាលស្វីសនៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងគាំទ្រគម្រោង PROMISE នៅជំហ៊ានបន្តទៀត៕