កម្ពុជាចូលរួមក្នុងកិច្ចប្រជុំថ្នាក់តំបន់អង្គការអន្តរជាតិខាងការងារសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក តាមរយៈប្រព័ន្ធវីដេអូ

 Thursday, 02 July 2020 14:51  |    Written by MLVT  |  442 times  |   Print  |   Email

(ភ្នំពេញ)៖ កម្ពុជាបានចូលរួមក្នុងកិច្ចប្រជុំថ្នាក់តំបន់អង្គការអន្តរជាតិខាងការងារសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក ស្តីពី “ជំងឺកូវីដ-១៩ និងពិភពនៃការងារ៖ កសាងអនាគតនៃការងារកាន់តែប្រសើរ” ក្រោមវត្តមានដឹកនាំដោយលោកជំទាវ សុវណ្ណ វណ្ណារតន៍ អនុរដ្ឋលេធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលកិច្ចប្រជុំថ្នាក់តំបន់នេះ រៀបចំធ្វើឡើងនាថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១១:០០-១៤:០០រសៀល (ម៉ោងនៅកម្ពុជា) តាមរយៈប្រព័ន្ធវីដេអូ។

កិច្ចប្រជុំថ្នាក់តំបន់អង្គការអន្តរជាតិខាងការងារសម្រាប់អាស៊ី និងប៉ាស៊ីហ្វិកនេះរៀបចំឡើង ក្នុងគោលបំណង៖ 

•ដើម្បីផ្តល់វេទិកាថ្នាក់តំបន់កម្រិតខ្ពស់សម្រាប់សមាជិកត្រីភាគីក្នុងការដោះស្រាយផលប៉ះពាល់នៃការរាលត្បាតជំងឺកូវីដ-១៩ទៅលើសេដ្ឋកិច្ចនិងសង្គម និងត្រួតពិនិត្យទៅលើគោលនយោបាយឆ្លើយតបចាំបាច់នៅក្នុងអំឡុងពេលនៃការបិទការធ្វើដំណើរ និងការវិលត្រលប់ទៅធ្វើការវិញ ដើម្បីជំរុញការស្តារឡើងវិញ ដោយផ្តោតសំខាន់ទៅលើគោលបំណងការបំបាត់ភាពក្រីក្រ និងសិទ្ធិចាំបាច់ និងយុត្តិធម៌សង្គម និងនិរន្តរភាពរបស់សហគ្រាស។

•ដើម្បីយល់ឱ្យកាន់តែច្បាស់ពីការប្រែប្រួលនៃការងារ អាជីវកម្ម និងពិភពនៃការងារ បន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ-១៩ និងតើវាមានអត្ថន័យយ៉ាងដូចម្តេចចំពោះអនាគតនៃការងារនេះ

•ដើម្បីយកចិត្តទុកដាក់ជាពិសេសទៅលើការអនុវត្ត និងភាពពាក់ព័ន្ធទៅនឹងសេចក្តីថ្លែងការណ៍សតវត្សសម្រាប់អនាគតនៃការងារក្នុងការលើកកម្ពស់មុខរបរ និងការងារសមរម្យប្រកបដោយភាពពេញលេញ និងផលិតភាពនៅក្នុងអំឡុងពេលនៃការរាតត្បាត និងបន្ទាប់ពីការរាតត្បាត ជាមួយនឹងការស្តារឡើងវិញប្រកបដោយបរិយាបន្ន និងនិរន្តភាព និងបង្កើនភាពធន់ទៅលើទីផ្សារការងារ

•ដើម្បីចង្អុលបង្ហាញអំពីអាទិភាពចាំបាច់សម្រាប់សកម្មភាពនាពេលអនាគតរបស់អង្គការអន្តរជាតិខាងការងារនៅក្នុងតំបន់ រួមបញ្ចូលកាលានុវត្តភាពជាច្រើនសម្រាប់កិច្ចសហការក្នុងតំបន់ និងកិច្ចសហប្រតិបត្តិការជាសកល/ពហុភាគីនិយម និងផ្សារភ្ជាប់ទៅនឹងយន្តការផ្តល់មូលនិធិសម្រាប់ការឆ្លើយតបនឹងជំងឺកូវីដ-១៩៕