Print this page

កម្ពុជាចាត់ទុកយន្តការកិច្ចសន្ទនាសង្គម នៃកិច្ចព្រមព្រៀងសាកល ជាការដោះស្រាយរួមគ្នានូវបញ្ហាប្រឈម និងទទួលបានផលពីសាកលភាវូបនីយកម្ម

 Tuesday, 04 February 2020 20:55  |    Written by MLVT  |  2499 times

 (ប៉ារីស)៖ ថ្លែងក្នុងបទអន្តរាគមន៍នៅក្នុងកិច្ចប្រជុំ ជាន់ខ្ពស់ ស្តីពី កិច្ចសន្ទនាសង្គមសម្រាប់ការងារនាពេលអនាគតកាន់តែប្រសើរ ដែលរៀបចំដោយដៃគូកិច្ចព្រមព្រៀងសាកល នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្នាក់ការអង្គការ OECD ទីក្រុងប៉ារីស ប្រទេសបារំាង ឯកឧត្តម បណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បញ្ជាក់ថា កម្ពុជាបានចាត់ទុកយន្តការកិច្ចសន្ទនាសង្គម នៃកិច្ចព្រមព្រៀងសាកលមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការដោះស្រាយរួមគ្នានូវបញ្ហាប្រឈមនានានៅក្នុងទីផ្សារការងារ និងជំរុញឱ្យមនុស្សគ្រប់រូបអាចទទួលបានផលពីសាកលភាវូបនីយកម្ម បាននិងកំពុងរួមចំណែកធ្វើឱ្យដៃគូរបស់ខ្លួនសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ ជាពិសេស SDG-៨ និងSDG-១០។ អាស្រ័យហេតុនេះហើយបានជាកម្ពុជា ជាដៃគូដំបូងគេនៃសមាជិកអាស៊ាន បានផ្តល់ការគំាទ្រកិច្ចព្រមព្រៀងនេះ។ 

ឯកឧត្តម បណ្ឌិត អុិត សំហេង មានប្រសាសន៍ថា ចាប់តាំងពីពេលនោះកម្ពុជា បានបង្កើតគណៈកម្មការអន្តរក្រសួងសម្រាប់គាំទ្រគំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងសាកលដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាប្រធាន។ កម្ពុជាបានដាក់ចេញនូវការប្តេជ្ញាចិត្ត ដោយផោ្តតសំខាន់ទៅលើការធានាសិទ្ធិនិងលក្ខខណ្ឌការងារកាន់តែល្អប្រសើរ លើកកម្ពស់ភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ និងកិច្ចគំាពារសង្គម តាមរយៈការអនុម័ត និងពង្រឹងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិនានាដែលឆ្លើយតបទៅនឹងគោលដៅរបស់កិច្ចព្រមព្រៀងសាកល ដូចដែលបានរំលេចនៅក្នុងរបាយការណ៍របស់កិច្ចព្រមព្រៀងសាកលស្តីពី “ការកសាងទំនុកចិត្តក្នុងពិភពការងារដែលកំពុងតែប្រែប្រួល ឆ្នាំ២០១៨”។

កម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាអន្តរជាតិខាងការងារចំនួន១៣ រួមទាំងអនុសញ្ញាស្នូលទាំង៨ តាមរយៈការអនុវត្តបទដ្ឋានទាំងនេះ ទទួលបានសមិទ្ធផលជាច្រើនក្នុងការអភិវឌ្ឍវិស័យការងារ ជាពិសេស តាមរយៈកិច្ចសហបេ្រតិបត្តិការយ៉ាងល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) យើងបានបន្តធ្វើការរួមគ្នាដើម្បីធ្វើឱ្យប្រសើរទ្បើងនូវលក្ខខណ្ឌការងារក្នុងវិស័យវាយនភណ្ឌនិងកាត់ដេរសម្លៀកបំពាក់ និងវិស័យផលិតផលធ្វើដំណើរនិងកាបូបនៅកម្ពុជា បានអនុវត្តប្រកបដោយជោគជ័យនូវកម្មវិធីការងារសមរម្យប្រចាំប្រទេសលើកទី៥ សម្រាប់ឆ្នាំ២០១៩-២០២៣ ដើម្បីធានាថា សិទ្ធិការងារ និងលក្ខខណ្ឌការងារត្រូវបានអនុវត្តប្រកបដោយតម្លាភាពពេញលេញ គ្មានការរើសអើងដោយឈរលើគោលការណ៍នីតិរដ្ឋ។ 

កម្ពុជាក៏បាននិងកំពុងប្រើប្រាស់យន្តការកិច្ចសន្ទនាសង្គមក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈការបង្កើតអោយមានយន្តការកិច្ចសន្ទនាសង្គមត្រីភាគី និងត្រីភាគីបូកជាច្រើនសម្រាប់ដោះស្រាយបញ្ហាក៏ដូចជាកង្វល់នានារបស់ដៃគូរសង្គម ដូចជាគណៈកម្មការប្រឹក្សាការងារដែលមានបេសសកកម្មសិក្សាស្រាវជ្រាវរាល់បញ្ហាដែលពាក់ព័ន្ធនឹងការងារ, ក្រុមប្រឹក្សាអាជ្ញាកណ្តាល, ការអប់រំវិជ្ជាជីវៈ, ចលនាកម្លាំងពលកម្មក្នុងប្រទេស, ទេសន្តរប្រវេសន៍ការងារ, លក្ខខណ្ឌការងារ និងអនាម័យនិងសន្តិសុខការងារ ក្រុមប្រឹក្សាភិបាលនៃបេឡាជាតិរបបសន្តិសុខសង្គម, យន្តការដោះស្រាយវិវាទការងារ, ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា និងវេទិការត្រីភាគីគ្រប់កំរិត, ការតាក់តែងច្បាប់ និងគោលនយោបាយនានា។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ និងកិច្ចប្រជុំទ្វេភាគីនិងត្រីភាគីទៀងទាត់ពីរដងក្នុងមួយឆ្នាំ ដើម្បីពិនិត្យ តាមដាន វាយតម្លៃ និងដោះស្រាយរាល់សំណូមពរពីភាគីពាក់ព័ន្ធ ក្នុងការអនុវត្តបទប្បញ្ញត្តិច្បាប់ ក្នុងគោលបំណងលើកកម្ពស់សេរីភាពសមាគម សិទ្ធិនិងលក្ខខណ្ឌការងារ និងសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ ។ 

គួរបញ្ជាក់ផងដែរថា សន្និសីទនាថ្ងៃនេះ គឺជាវេទិកាមួយសម្រាប់ដៃគូនៃកិច្ចព្រមព្រៀងសាកលដើម្បីចែករំលែកគំនិត, បញ្ហាប្រឈម, ដំណោះស្រាយ, ឧត្តមមានុវត្តន៍ និងបទពិសោធល្អៗ ក៍ដូចជាគោលនយោបាយនានាពាក់ព័ន្ធនឹងការអនុវត្តកិច្ចសន្ទនាសង្គមដើម្បីលើកកម្ពស់ការងារសមរម្យ និងកំណើនប្រកបដោយបរិយាប័ន្ន និងដើម្បីចូលរួមដោះស្រាយនូវរាល់បញ្ហាប្រឈមថ្មីៗក្នុងទីផ្សារការងារ នាពេលអនាគត។ 

ក្នុងឱកាសជាប្រវត្តិសាស្រ្តនេះ រាជរដ្ឋាភិបាលកម្ពុជាសូមសម្តែងនូវការសាទរចំពោះសមិទ្ធផលសម្រេចបានក្រោមគំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងសាកល និងប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធក្នុងការលើកកម្ពស់កិច្ចសន្ទនាសង្គមដើម្បីការងារសមរម្យ និងកំណើនប្រកបដោយបរិយាប័ន្នដែលជាចក្ខុវិស័យរបស់កិច្ចព្រមព្រៀងសាកល ឆ្ពោះទៅរកការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃរបៀបវារៈឆ្នាំ២០៣០របស់អង្គការសហប្រជាជាតិ៕