ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

ព័ត៌មានច្បាស់លាស់ ត្រឹមត្រូវអំពីវិស័យការងារ សន្តិសុខសង្គម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

ក្រសួងការងារ និងក្រសួង៣ផ្សេងទៀត កំពុងរៀបចំច្របាច់ក្រុមអធិការកិច្ចបញ្ចូលគ្នាតែមួយ ដើម្បីសម្រួលការលំបាកដល់វិស័យឯកជន និងបង្កើនប្រសិទ្ធភាពការងារ

 Friday, 15 November 2019 12:36  |    Written by MLVT  |  3003 times  |   Print  |   Email

(ភ្នំពេញ)៖ យោងលទ្ធផលនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជាដាក់ចេញនូវវិធានការកែទម្រង់មុតស្រួច ជាកញ្ចប់មួយចំនួន សំដៅពង្រឹងភាពប្រកួតប្រជែង និងជំរុញការពិពិធកម្មសេដ្ឋកិច្ច។ ក្នុងន័យនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក៏ត្រូវបានរាជរដ្ឋាភិបាលចាត់តាំងឱ្យទទួល បន្ទុករៀបចំ និងដឹកនាំក្រុមការងារការច្របាច់បញ្ចូលក្រុមអធិការកិច្ចការងារតាមសហគ្រាស គ្រឹះស្ថាន ក្នុងកម្រិតអន្តរស្ថាប័ន សំដៅជួយកាត់បន្ថយបន្ទុករបស់ម្ចាស់សហគ្រាស គ្រឹះស្ថាន និងធានាប្រសិទ្ធភាពអធិការកិច្ចការងារ។

ដើម្បីឱ្យការច្របាច់បញ្ចូលនេះប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ក្រសួងទាំង៤ រួមមាន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងទេសចរណ៍ និងក្រសួងបរិស្ថាន បានបើកកិច្ចពិភាក្សាស្ដីពី ការច្របាច់បញ្ចូលក្រុមអធិការកិច្ចការងារក្នុងកម្រិតអន្តរស្ថាប័នលើកដំបូង នៅទីស្ដីការក្រសួងការងារ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា យោងតាមលទ្ធផលវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជនលើកទី១៨ រាជរដ្ឋាភិបាលបានចាត់តាំងឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលបន្ទុកការច្របាច់បញ្ចូលក្រុមអធិការកិច្ចការងារក្នុងកម្រិតអន្តរក្រសួង-ស្ថាប័ន ក្នុងនោះ ចែកជា២ជំហាន៖

* ជំហានដំបូង៖ គ្រប់ក្រសួង-ស្ថាប័នទាំងអស់ដែលមានអធិការកិច្ចទៅតាមរោងចក្រ សហគ្រាសលើសពីមួយក្រុម ត្រូវច្របាច់បញ្ចូលគ្នាទាំងអស់ឱ្យទៅជាក្រុមតែមួយ និងចុះតែមួយលើកក្នុងមួយឆ្នាំចំពោះគោលដៅមួយ ដោយរៀបចំបញ្ជីសកម្មភាពអធិការកិច្ច និងការកំណត់ពេលវេលាចុះឱ្យបានច្បាស់លាស់ លើកលែងតែមានករណីចាំបាច់ ឬករណីជាបទល្មើស។ 

ចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺបានបន្តប្រើយន្តការក្រុមអធិការកិច្ចការងារតែមួយ ដែលចុះក្នុងពេលតែមួយ និងប្រើបទដ្ឋានវាយតម្លៃតែមួយ ដែលក្រសួងបានដាក់ឱ្យអនុវត្តតាំងពីឆ្នាំ២០១៤។ ក្រុមអធិការកិច្ចការងារនេះ នឹងចុះធ្វើអធិការកិច្ចការងារលើសហគ្រាស គ្រឹះស្ថានចំនួនតែម្ដងគត់ក្នុងមួយឆ្នាំ ចំពោះគោលដៅមួយ។

* ជំហានបន្ទាប់៖ គឺក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំដឹកនាំក្រុមការងារដោយមានការចូលរួមពីគ្រប់ក្រសួងស្ថាប័ន មានក្រុមអធិការកិច្ចការងារទៅតាមសហគ្រា សហគ្រាស ដើម្បីពិនិត្យពីសារសំខាន់នៃការចុះធ្វើអធិការកិច្ចនីមួយៗ កំណត់ឱ្យបាននូវអធិការមួយណាគួរទុក និងមួយណាគួរដកចេញ និងរៀបចំជាបញ្ជីក្រុមអធិការកិច្ច មុខងារ និងពេលវេលាចុះអធិការកិច្ចឱ្យបានច្បាស់លាស់។

ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់បន្ថែមថា ក្នុងកិច្ចពិភាក្សាជាមួយអន្តរក្រសួងនាព្រឹកនេះ យើងបានស្នើសុំបញ្ជីអធិការកិច្ចការងាររបស់ក្រសួងនីមួយៗមកពិនិត្យរួមគ្នា «ប្រសិនបើកម្មវត្ថុអធិការកិច្ចណាខ្លះដូចគ្នា យើងនឹងសំយោគបញ្ចូលគ្នា ហើយកម្មវត្ថុណាខ្លះស្រដៀងគ្នា និងវាមានស្តង់ដាផ្សេងគ្នា យើងអាចសំយោគស្តង់ដានេះឱ្យទៅជាស្តង់ដារួម»។

ឯកឧត្តមរដ្ឋលេខាធិការបានបន្តថា ក្នុងដំណើរការនៃការធ្វើអធិការកិច្ចការងារនេះ ដំបូងឡើយម្ចាស់សហគ្រាស គ្រឹះស្ថាន និងវិស័យឯកជននានា ត្រូវធ្វើស្វ័យប្រកាសដោយខ្លួនឯងជាមុនសិន បន្ទាប់មក ក្រុមអធិការកិច្ចការងារអន្តរក្រសួង-ស្ថាប័ននឹងចុះទៅត្រួតពិនិត្យរួមគ្នាលើស្វ័យប្រកាសរបស់ផ្នែកឯកជនទាំងនោះ «ថាតើកិច្ចការដែលគាត់ធ្វើសមស្រប ឬត្រឹមត្រូវតាមស្វ័យប្រកាសរបស់គាត់ដែរឬទេ»។ ដល់ពេលនោះ ក្រុមអធិការកិច្ចការងារអន្តរក្រសួងនឹងធ្វើការវាយតម្លៃជាក់ស្ដែងទៅលើអាជីវកម្មរបស់ពួកគាត់តែម្ដង៕


ឯកសារផ្លូវការ