ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តួចផ្តើមធ្វើ បុណ្យកឋិនទានសាមគ្គី ដង្ហែរចូលវត្តចំនួន៣ ក្នុងរាជធានីភ្នំពេញ

 Friday, 01 November 2019 16:28  |    Written by MLVT  |  142 times  |   Print  |   Email

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តួចផ្តើមធ្វើ បុណ្យកឋិនទានសាមគ្គី ដង្ហែទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមា ដើម្បីប្រមូលបច្ច័យទៅកសាងសមិទ្ធផលនានា ចំនួន៣វត្ត ក្នុងរាជធានីភ្នំពេញ រួមមាន៖ វត្តមហាមន្ត្រី ស្ថិតនៅសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង វត្តសារាវ័ន្តតេជោ ស្ថិតនៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ និងវត្តទួលទំពួង ស្ថិតនៅសង្កាត់ទួលទំពួង ខណ្ឌចំការមន។ 

សម្រាប់ថ្ងៃសុក្រ ៥កើត ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ វេលាម៉ោង ១៤:០០ រសៀល ប្រារព្វបទនមស្សការព្រះរតនត្រ័យ សមាទានសីល ចម្រើនព្រះបរិត្ត និងសម្តែងព្រះធ៌មទេសនា នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ លុះព្រឹកឡើងថ្ងៃសៅរ៍ ៦កើត ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ៧:០០ព្រឹក ពិធីដង្ហែរអង្គកឋិនទាន ក្នុងវត្តមហាមន្ត្រី ស្ថិតនៅសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង និងវត្តសារាវ័ន្តតេជោ ស្ថិតនៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ព្រមទាំងវត្តទួលទំពួង ស្ថិតនៅសង្កាត់ទួលទំពួង ខណ្ឌចំការមន។ រួមប្រទក្សិណជុំវិញព្រះវិហារបីជុំ និងវេរកឋិនទានប្រគេនព្រះសង្ឃ ឧទ្ទិសផល្លានិសង្ឃជូន មាតា បិតា បុព្វការីជន និង ជីដូន ជីតាជាកិច្ចបង្ហើយបុណ្យ។ 

សូមបញ្ជាក់ថា កឋិនទាន គឺជាបុណ្យមួយ ដែលមានតែក្នុងព្រះពុទ្ធសាសនាប៉ុណ្ណោះ និងជាទានមានមកតាមផ្លូវព្រះវិន័យ ហើយក៏ជាកាលទានដ៏ពិសេសមួយមានកំណត់ពេលវេលាច្បាស់លាស់ ពុំមែនចេះតែធ្វើនៅពេលណា ក៏បានតាមចិត្តចង់នោះឡើយ។ គឺរយៈកាលទទួលកឋិនទានក្ដី និងរយៈកាលកឋិនទានក្ដី អាចធ្វើបានតែក្នុងសម័យតែ ១ខែគត់ (២៩ថ្ងៃ) ចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក ។

បើខុសពីសម័យកាលនេះ ទោះបីអ្នកមានសទ្ធាធ្វើបុណ្យ មានលក្ខណៈសណ្ឋានដូចកឋិនក៏ដោយ ក៏មិនអាចហៅថា កឋិនទានបានដែរ ព្រោះធ្វើខុសកាលទាន មិនចំសម័យ មួយខែចុងវស្សាន្តរដូវនេះ ពោលគឺមិនត្រូវ តាមពុទ្ធានុញ្ញាត ។ ក្នុងវត្តមួយ បើការចាំវស្សា គ្មានភិក្ខុសោះ ក៏មិនអាចហែកឋិនចូលដែរ ព្រោះសាមណេរ គ្មានសិទ្ធិទទួលក្រាលគ្រងកឋិនទេ លុះតែយ៉ាងហោចបំផុត ត្រូវមានភិក្ខុ ១អង្គដែរ ហើយដែលបានចាំវស្សា អស់៣ខែ បានត្រឹមត្រូវ ទើបអាចហែកឋិនចូលបាន៕