ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

ព័ត៌មានច្បាស់លាស់ ត្រឹមត្រូវអំពីវិស័យការងារ សន្តិសុខសង្គម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

ស្អែកនេះ! ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៩ នឹងចាប់ផ្តើមជាមួយឱកាសការងារសរុបជាង ២ម៉ឺនកន្លែង

 Friday, 01 November 2019 12:31  |    Written by MLVT  |  3131 times  |   Print  |   Email

(ភ្នំពេញ)៖  ថ្ងៃស្អែកនេះ មហាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំគឺ "ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៩" នឹងបើកទទួលស្វាគមន៍ សម្រាប់និយោជក អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល អ្នកស្វែងរកការងារធ្វើ និងកម្មករនិយោជិតក្នុងការទទួលបានឱកាសការងារ ជ្រើសរើសបុគ្គលិក និងចែករំលែកព័ត៌មានទីផ្សារការងារ។ ឱកាសការងារសរុបជាង២ម៉ឺននឹងត្រូវបានផ្តល់ដោយក្រុមហ៊ុន/សហគ្រាសធំៗជាង១៥០មកពីវិស័យសំខាន់ៗដូចជា៖ ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ, សំណង់, សណ្ឋាគារនិងបដិសណ្ឋារកិច្ច,ទូរគមនាគមន៍, ការអប់រំនិងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ, កម្មន្តសាល និងភ្នាក់ងារជ្រើសរើសឯកជននៅក្នុងបញ្ជរសរុបចំនួន៣០០។ ក្រៅពីទទួលបានឱកាសការងាររាប់ម៉ឺនកន្លែង អ្នកចូលរួមនឹងទទួលបានព័ត៌មានពីផែនការតម្រូវការ និងគោលនយោបាយក្នុងការជ្រើសរើសកម្លាំងពលកម្មនាពេលបច្ចុប្បន្ន និងអនាគត កម្មវិធីសិក្សា អាហារូបករណ៍ វគ្គសិក្សា និងកម្មវិធីអភិវឌ្ឍជំនាញ។

ពិព័រណ៍នេះ ត្រូវបានរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដោយមានរយៈពេលពីរថ្ងៃគឺ ថ្ងៃសៅរ៍-អាទិត្យទី០២-០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៨យប់ នៅពិព័រណ៍កោះពេជ្រ ។ 

ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៩ គឺជាការជំរុញយន្តការវេទិកាការងាររបស់រាជរដ្ឋាភិបាលកម្ពុជាដូចបានចែងក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើម្បីលើកកម្ពស់វិស័យការងារ និងព័ត៌មានទីផ្សារការងារនៅកម្ពុជាជាពិសេសសំដៅផ្តល់ ឱកាសទូលំទូលាយដល់កម្លាំងពលកម្មទាំងមានជំនាញ និងមិនមានជំនាញឲ្យទទួលបានការងារកាន់តែប្រសើរចំណេញពេលវេលាកាត់បន្ថយចំណាយ និងទទួលបានប្រាក់ចំណូលខ្ពស់។ លើសពីនេះ ពិព័រណ៍ការងារ និងផលិតភាពជាតិ ក៏រួមចំណែកកាត់បន្ថយគម្លាតរវាងការផ្គត់ផ្គង់ និងតម្រូវការជំនាញនៅក្នុងទីផ្សារការងារព្រមទាំងបង្កភាពងាយស្រួលដល់យុវជនដែលត្រូវឈានចូលទីផ្សារការងារក្នុងការទទួលបាការងារបន្ទាប់ពីបញ្ចប់ការសិក្សានៅកម្រិតឧត្តមសិក្សា ឬជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។

ពិព័រណ៍ដ៏ធំនេះ ត្រូវបានរំពឹងថាមានអ្នកចូលរួមទស្សនាជាង ៣ម៉ឺននាក់ ដែលភាគច្រើនជាសិស្ស-និស្សិត យុវជន អ្នកស្វែងរកការងារ និងកម្មករនិយោជិតពីគ្រប់វិស័យ។ ដូច្នេះដើម្បីទទួលបានឱកាសការងារល្អៗ និងការយល់ដឹងអំពីការបង្កើនផលិតភាពសូមយុវជន សិស្ស-និសិ្សតអ្នកស្វែងរកការងារធ្វើនិងកម្មករនិយោជិតទាំងអស់ចូលរួមទស្សនា និងកុំភ្លេចយកប្រវត្តិរូបសង្ខេប (CV) មកជាមួយដើម្បីដាក់ពាក្យស្នើសុំការងារដោយផ្ទាល់ជាមួយនិយោជក ដែលកំពុងត្រូវការជ្រើសរើសកម្លាំងពលកម្ម។ 

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទ 017 871 807, 096 2155 162 គេហទំព័រ www.nea.gov.kh ឬទំព័រ Facebook របស់ NEA neakhmer៕


ឯកសារផ្លូវការ