Print this page

ក្រសួងការងារ រៀបចំវគ្គកសាងសមត្ថភាពក្នុងការអនុវត្តគោលនយោបាយជាតិ ស្ដីពីមុខរបរ និងការងារដល់សមាជិកគណៈកម្មការខេត្តកំពង់ចាម

 Thursday, 31 October 2019 11:39  |    Written by MLVT  |  2813 times

(កំពង់ចាម)៖ ក្រុមការងារលេខាធិការដ្ឋានសម្រាប់អនុវត្តគោលនយោបាយជាតិស្ដីពីមុខរបរ និងការងារ នៅថ្ងៃទី៣១ ខែតុលាឆ្នាំ២០១៩ បានរៀបចំវគ្គបណ្ដុះបណ្ដាលកសាងសមត្ថភាព ដល់សមាជិកគណៈកម្មការខេត្តកំពង់ចាម សម្រាប់អនុវត្តគោលនយោបាយជាតិស្ដីពី មុខរបរ និងការងារ ក្នុងគោលបំណងកសាងសមត្ថភាពដល់គណៈកម្មការខេត្ត និងលេខាធិការដ្ឋានក្នុងការអនុវត្តគោលនយោបាយជាតិស្ដីពី មុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥។

ថ្លែងបើកវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តម សោម ចំណាន អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលើកឡើងថា ក្នុងការចាប់ផ្តើមអនុវត្តគោលនយោបាយនេះ ក្រសួងការងារបានសង្កេតឃើញថា គោលនយោបាយនេះជាគោលនយោបាយជាតិ​ ដែលទាមទារអោយមានការចូលរួមអនុវត្តពីក្រសួង​ ស្ថាប័ន​ និងអង្គភាពពាក់ព័ន្ធទាំងអស់​ និងមានភារកិច្ចរៀបចំរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តគោលនយោបាយនេះជាប្រចាំ។ 

សកម្មភាពមួយចំនួននៅក្នុងតែទោះជាយ៉ាងណាក៏ដោយ ការយល់ដឹងអំពីគោលនយោបាយនេះ និងការអនុវត្តនៅមានកម្រិត ដែលទាមទារឱ្យមានការលើកកម្ពស់ការយល់ដឹងបន្ថែមទៀត។ ដូចនេះ តម្រូវការក្នុងការកសាងសមត្ថភាពដល់តួអង្គទាំងឡាយ ដែលជាប់ទាក់ទងនឹងការអនុវត្តគោលនយោបាយនៅថ្នាក់ខេត្ត ពិតជាមានសារៈសំខាន់ និងចាំបាច់។ ហេតុនេះហើយ វគ្គបណ្ដុះបណ្ដាលនាថ្ងៃនេះ ពិតជាត្រូវបានរៀបចំឡើង ដើម្បីឆ្លើយតបទៅតាមសេចក្ដីត្រូវការសម្រាប់អនុវត្តគោលនយោបាយនេះ។

ឯកឧត្តមអនុរដ្ឋលេខាធិការសង្ឃឹមថា វគ្គបណ្ដុះបណ្ដាលនាថ្ងៃនេះ ពិតជាបានផ្តល់នូវការយល់ដឹងបន្ថែមទៀត សម្រាប់ការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ឱ្យកាន់តែមានប្រសិទ្ធភាព សំដៅពង្រឹងសុខដុមរមនាសង្គម ដោយផ្តល់ជូនប្រជាពលរដ្ឋនូវឱកាសការងារសមរម្យ និងប្រកបដោយផលិតភាពការងារខ្ពស់ ព្រមទាំងដើម្បីរួមចំណែកក្នុងដំណើរការធ្វើការផ្លាស់ប្តូរ និងលើកស្ទួយរចនាសម្ព័នឧស្សាកម្មពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មពលកម្មផ្អែកលើជំនាញ នៅឆ្នាំ២០២៥ ក៏ដូចជាការលើកកម្ពស់ការប្រកួតប្រជែង និងផលិតភាព សំដៅប្រែក្លាយពីឧស្សាហកម្មមានតម្លៃបន្ថែមទាប ទៅជាឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ និងចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យមានកំណើនខ្ពស់ ប្រកបដោយចីរភាព និងបរិយាប័ន្ន។

គួរបញ្ជាក់ថា នេះជាលើកទី៣ហើយ នៃវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពនេះ ដែលលើកទី១ បានរៀបចំធ្វើឡើងនៅខេត្តកំពង់ស្ពឺ លើកទី២ នៅខេត្តសៀមរាប និងលើកទី៣ធ្វើឡើងនៅក្នុងខេត្តកំពង់ចាម៕