ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

ព័ត៌មានច្បាស់លាស់ ត្រឹមត្រូវអំពីវិស័យការងារ សន្តិសុខសង្គម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

អគ្គរាជទូតជប៉ុនថ្មី ប្ដេជ្ញាជួយជំរុញឱ្យមានការបង្កើនកូតាទទួលកម្មសិក្សាការី និងពលករជំនាញពីកម្ពុជាបន្ថែម

 Monday, 14 October 2019 14:10  |    Written by MLVT  |  2825 times  |   Print  |   Email

ទីស្ដីការក្រសួង៖ ឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតថ្មីនៃព្រះរាជាណាចក្រជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញការប្ដេជ្ញាថា ក្នុងអាណត្តិការងារថ្មីនៅកម្ពុជា ឯកឧត្តមនឹងខិតខំជំរុញឱ្យមានទីផ្សារការងារនៅប្រទេសជប៉ុន សម្រាប់កម្មសិក្សាការី និងពលករជំនាញកម្ពុជាឱ្យកាន់តែច្រើន ដើម្បីចេញទៅធ្វើការនៅប្រទេសជប៉ុនបន្ថែមទៀត។

ការប្ដេជ្ញាយ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងពេលឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ជួបពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩។

ឯកឧត្តមMIKAMI Masahiro បានឱ្យដឹងថា ឯកឧត្តមបានជួបសំណេះសំណាលជាមួយតំណាងក្រុមហ៊ុនរបស់ជប៉ុន ដូចជាក្រុមហ៊ុនអ៉ីអនជាដើម ដែលកំពុងដំណើរការនៅប្រទេសកម្ពុជា ដោយពួកគេបានរាយការណ៍ និងកោតសរសើរពីការខិតខំប្រឹងប្រែងធ្វើការរបស់បុគ្គលិកជនជាតិខ្មែរ ដែលបានបង្កឱ្យមានបរិយាកាសការងារល្អ ពិសេសគឺមានភាពអត់ធ្មត់ ឧស្សាហ៍ព្យាយាម និងស្មោះត្រង់ចំពោះការងារ។

ឯកឧត្តមបានបន្ថែមថានេះក៏មិនខុសពីការលើកឡើងរបស់និយោជក និងតំណាងក្រុមហ៊ុននៅប្រទេសជប៉ុន ដែលបានទទួលកម្មសិក្សាការីកម្ពុជា ធ្វើការក្នុងសហគ្រាសរបស់ខ្លួនដែរ គឺពួកគេពិតជាមានការពេញចិត្តយ៉ាងខ្លាំងចំពោះអត្តចរិតការងាររបស់កម្មសិក្សាការីកម្ពុជាជាពន់ពេក។

ឯកឧត្តមរដ្ឋមន្ត្រី អុិត សំហេង បានសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះការប្ដេជ្ញា និងការជំរុញឱ្យមានកិច្ចប្រតិបត្តិការនេះ ខណៈកម្ពុជាក៏មានការពេញចិត្តផងដែរ ចំពោះលក្ខខណ្ឌការងាររបស់និយោជកជប៉ុន ដែលកំពុងបើកក្រុមហ៊ុន រោងចក្រ សហគ្រាសនៅកម្ពុជា ក៏ដូចជាលក្ខខណ្ឌការងារនៅប្រទេសជប៉ុន ដែលបានកែសម្រួលឱ្យកាន់តែងាយស្រួលជាងមុន។

ឯកឧត្តមបណ្ឌិត អុិត សំហេង បានលើកឡើងថា កម្មសិក្សាការីកម្ពុជាដែលបានទៅធ្វេីកម្មសិក្សា​ និងបម្រើការងារនៅប្រទេសជប៉ុន មានចំនួនប្រមាណ ១ម៉ឺន​ ២ពាន់នាក់។ គិតត្រឹមខែកញ្ញា ឆ្នាំ២០១៩នេះ កម្ពុជាបានបញ្ជូនពលករជំនាញលើកដំបូងទៅបម្រើការនៅជប៉ុនចំនួន ១១នាក់ ក្រោយអនុស្សារណៈនៃការយោគយល់គ្នារវាងកម្ពុជា-ជប៉ុន លើការបញ្ជូននិងទទួលពលករជំនាញ ត្រូវបានចុះហត្ថលេខារួចរាល់ផងដែរ។

មិនតែប៉ុណ្ណោះ ឯកអគ្គរាជទូតជប៉ុនបានសន្យាថា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយរាជរដ្ឋាភិបាលកម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត មិនថានៅប្រទេសជប៉ុន ឬនៅប្រទេសកម្ពុជានោះឡើយ។លើសពីនេះទៅទៀត ឯកឧត្តមឯកអគ្គរាជទូតជប៉ុន ក៏បានមើលឃើញអំពីសារៈសំខាន់ នៃការប្រកួតប្រជែងលើវិស័យឧស្សាហកម្មរបស់កម្ពុជា ដោយឯកឧត្តមបានប្ដេជ្ញាថានឹងជួយពង្រឹង និងពង្រីកឧត្តមភាពប្រកួតប្រជែងលើវិស័យឧស្សាហកម្មរបស់កម្ពុជា ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត អុិត សំហេង ក៏បានចូលរួមសម្ដែងនូវការសោកស្ដាយចំពោះប្រជាជនជប៉ុន ដែលបានទទួលរងគ្រោះមហន្តរាយដោយសារព្យុះទីហ្វុង បង្កឱ្យប្រជាជនរងរបួស និងបាត់បង់អាយុជីវិត បំផ្លិចបំផ្លាញប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងខូចខាតសមិទ្ធផលជាច្រើនទៀត ជាមួយគ្នានេះឯកអគ្គរាជទូតជប៉ុនក៏បានទទួលនូវទឹកចិត្តរបស់ឯកឧត្តមរដ្ឋមន្ត្រី ក៏ដូចជាក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងលើកឡើងថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាពិតជាបានឈឺឆ្អាលចូលរួមរំលែកទុក្ខ និងសោកស្តាយ ក្នុងពេលប្រទេសរបស់ឯកឧត្តមជួបគ្រោះមហន្តរាយម្ដងៗ៕


ឯកសារផ្លូវការ