ឯកឧត្តម អុិត សំហេង៖ ការបង្កើត សមាគមសភាពាណិជ្ជកម្មចិនកម្ពុជានៅខេត្តព្រះសីហនុ កាន់តែជួយជំរុញវិនិយោគគិនចិន ឱ្យងាយស្រួលថែមទៀតក្នុងការពង្រីកទំនាក់ទំនងធ្វើពាណិជ្ជកម្ម

 Friday, 11 October 2019 20:22  |    Written by MLVT  |  320 times  |   Print  |   Email

(ព្រះសីហនុ)៖ ការបង្កើត សមាគមសភាពាណិជ្ជកម្មចិនកម្ពុជានៅខេត្តព្រះសីហនុ ដែលតាមរយៈសមាគមនេះ នឹងកាន់តែជួយជំរុញពាណិជ្ជករ និងវិនិយោគគិនចិនឱ្យងាយស្រួលថែមទៀតក្នុងការពង្រីកទំនាក់ទំនងធ្វើពាណិជ្ជកម្ម តាមរយៈការបង្កើតនូវយន្តការសម្រាប់ផ្លាស់ប្តូរព័ត៌មានទៅវិញទៅមក អំពីបរិយាកាសធុរកិច្ច និងសក្តានុពល ក្នុងការវិនិយោគ ក៏ដូចជាគោលនយោបាយសេដ្ឋកិច្ច គោលនយោបាយពន្ធ និងកិច្ចសម្រួលពាណិជ្ជកម្ម នៅកម្ពុជាសម្រាប់ធ្វើការទាក់ទាញដៃគូចិនដូចគ្នា ក៏ដូចជាទាក់ទាញដៃគូបរទេស និងអ្នកវិនិយោគទុនក្នុងស្រុក ដើម្បីសហការគ្នាក្នុងការប្រកបរបរអាជីវកម្ម ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។

នេះជាប្រសាសន៍លើកឡើង របស់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីសម្ពោធសមាគមសភាពាណិជ្ជកម្មចិននៅខេត្តព្រះសីហនុ នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ក្នុងនោះក៏មានការចូលរួមពីឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ លោក ចូវ ហៃចាំង អនុប្រធានសភាពាណិជ្ជកម្មឯកជនចិន និងប្រធានក្រុមហ៊ុន HoDo Group និងលោក ជីង យូន ប្រធានសភាពាណិជ្ជកម្មចិននៅកម្ពុជា។

ឯកឧត្តមបណ្ឌិត អុិត សំហេង បានសម្តែងនូវអំណរគុណ និងការកោតសរសើរខ្ពស់ចំពោះអ្នកវិនិយោគទាំងអស់ ដែលបានសម្រេចចិត្ត ជ្រើសរើសកម្ពុជា ជាទីតាំងបណ្តាក់ទុនវិនិយោគ។ កត្តានេះ ជាទឡ្ហីករណ៍បញ្ជាក់ឱ្យឃើញនូវជំនឿទុកចិត្តយ៉ាងខ្លាំងពីសំណាក់អ្នក វិនិយោគទុនបរទេស ជាពិសេសអ្នកវិនិយោគទុនចិន ទៅលើគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលធានាបាននូវបរិយាកាសវិនិយោគ ពាណិជ្ជកម្ម ស្ថិរភាពនយោបាយ និងកំណើនសេដ្នកិច្ច។ 

កម្ពុជាពិតជានូវមានសក្តានុពលខ្ពស់ ក្នុងការបន្តភាពទាក់ទាញវិនិយោគទុន ដោយផ្អែកលើកត្តាគ្រឹះដ៏រឹងមាំ ដែលរាជរដ្ឋាភិបាលកម្ពុជាខិតខំធានាឱ្យបាននូវ សុខសន្តិភាព ស្ថិរភាពនយោបាយ ហើយបន្ថែមពីនេះមាន កត្តាសំខាន់បីទៀតរួមផ្សំផងនោះគឺ៖ កត្តាប្រជាសាស្រ្ត, កត្តាវិនិយោគទុនផ្ទាល់ពីបរទេស និងកត្តាសេដ្ឋកិច្ច។

ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបញ្ជាក់ថា ថ្នាក់ដឹកនាំកំពូល របស់ប្រទេសយើងទាំងពីរបានបង្កើត និងបន្តជំរុញកិច្ចសហប្រតិបត្តិការដល់កម្រិត យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដែលតាមរយៈនេះ ក៏បានបន្តលើកទឹកចិត្ត និងជំរុញដល់ពាណិជ្ជករ និងវិនិយោគិនចិន មកធ្វើធុរកិច្ចនៅកម្ពុជា ស្របទៅតាមគោលនយោបាយ ផ្លូវមួយ ខ្សែក្រវាត់មួយ របស់ចិន និងយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា។ 

ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណ ចំពោះរដ្ឋាភិបាល ក៏ដូចជាប្រជាជនចិន ដែលតែង ផ្តល់ជំនួយគ្រប់បែបយ៉ាងមកដល់កម្ពុជា ជាពិសេសអ្នកវិនិយោគចិន ដែលបានបណ្តាក់ទុនវិនិយោគជាច្រើននៅកម្ពុជា។ ជាមួយនេះដែរ ឯកឧត្តម ក៏បានអំពាវនាវដល់បណ្តាវិនិយោគិនទាំងអស់ សូមចូលរួមអនុវត្តច្បាប់ និងលិខិតបទដ្ឋាននានាដែលបានដាក់ចេញឱ្យបានត្រឹមត្រូវ សំដៅពង្រឹងនូវសុខុដុមនីកម្មក្នុងវិស័យទំនាក់ទំនងវិជ្ជាជីវៈ ប្រកបដោយនិរន្តរភាព ។ ក្នុងនាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងពាណិជ្ជកម្ម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីបេ្តជ្ញា បន្តជួយជ្រោមជ្រែង សម្របសម្រួល និងពិនិត្យដោះស្រាយនូវបញ្ហានានា ដូចដែលយើងបាននឹងកំពុងធ្វើកន្លងមក ដើម្បីធានាថាក្រុមហ៊ុនអាជីវកម្ម ពាណិជ្ជកម្ម និងវិនិយោគទាំងអស់បន្តបាននូវភាពរីកចម្រើនរបស់ខ្លួន ហើយថែមទាំងគៀងគរបានថែមទៀតនូវដៃគូថ្មីៗទៀត ស្របតាម “យុទ្ធសាស្ត្រចតុកោណ” របស់រាជរដ្ឋាភិបាលកម្ពុជា និងគំនិតផ្តួចផ្តើម“ខ្សែក្រវាត់មួយ-ផ្លូវមួយ”៕