ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យ វាយនភណ្ឌ កាត់ដេរ​ និងផលិតស្បែកជេីង​ សម្រាប់ឆ្នាំ២០២០ ឡើងដល់ ១៩០ដុល្លារ

 Friday, 20 September 2019 11:11  |    Written by MLVT  |  604 times  |   Print  |   Email

(ភ្នំពេញ)៖ នៅទីបំផុត! សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបន្ថែម ៣ដុល្លារ លើតួលេខបោះឆ្នោតដោយក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ១៨៧ដុល្លារ ដែលធ្វើឱ្យប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ​ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២០ខាងមុខនេះ​ កើនដល់ ១៩០ដុល្លារ។

ចំនួនប្រាក់ឈ្នួលអប្បបរមា  សម្រាប់កម្មករនិយោជិតវិស័យវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងនៅឆ្នាំក្រោយនេះ បានធ្វើឡើងបន្ទាប់ពី​ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី១ លើកទី៦ ដែលរួមមានរាជរដ្ឋាភិបាល សហជីព និងនិយោជក បើកកិច្ចប្រជុំចុងក្រោយ​ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីបោះឆ្នោតជ្រើសរើសយកតួលេខមួយធ្វើជាគោល ក្នុងនោះសន្លឹកឆ្នោតភាគច្រើនបានបោះឆ្នោតជ្រើសរើសយកតួលេខ ១៨៧ដុល្លារ ហើយបន្ទាប់មក  សម្តេចតេជោ ហ៊ុន សែន បានផ្តល់បន្ថែម ៣ដុល្លារទៀតជូនកម្មករនិយោជិត ដែលធ្វើឱ្យប្រាក់ឈ្នួលពួកគេកើនឡើង ១៩០ដុល្លារ នៅឆ្នាំ២០២០ ខាងមុខនេះតែម្តង។

ប្រាក់ឈ្នួលអប្បបរមា ១៩០ដុល្លារនេះ នឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០ តទៅ។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលនយោបាយ​ តំឡេីងប្រាក់ឈ្នួលដល់កម្មករនិយោជិត​ ក្នុងវិស័យវាយនភណ្ឌ​ កាត់ដេរ និងផលិតស្បែកជេីង​ជារៀងរាល់ឆ្នាំ​ ចាប់តាំងពីឆ្នាំ២០១៣មក។ 

ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២០នេះ មានការកើនឡើង ៨ដុល្លារអាមេរិក បើធៀបនឹងឆ្នាំ២០១៩ ដែលប្រាក់ឈ្នួលរបស់កម្មករមានត្រឹម ១៨២ដុល្លារប៉ុណ្ណោះ៕