លេខាធិការដ្ឋានសម្រាប់ការអនុវត្តគោលនយោបាយជាតិស្ដីពីមុខរបរ និងការងារ រៀបចំវគ្គបណ្ដុះបណ្ដាលកសាងសមត្ថភាពដល់សមាជិកគណៈកម្មការខេត្តសៀមរាប

 Thursday, 19 September 2019 13:52  |    Written by MLVT  |  611 times  |   Print  |   Email

(សៀមរាប)៖ ក្រុមការងារលេខាធិការដ្ឋានសម្រាប់អនុវត្តគោលនយោបាយជាតិស្ដីពីមុខរបរ និងការងារ បានរៀបចំវគ្គបណ្ដុះបណ្ដាលកសាងសមត្ថភាពដល់សមាជិកគណៈកម្មការខេត្តសៀមរាប សម្រាប់អនុវត្តគោលនយោបាយជាតិស្ដីពីមុខរបរ និងការងារ និងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងគោលបំណងកសាងសមត្ថភាពដល់គណៈកម្មការខេត្ត និងលេខាធិការដ្ឋានក្នុងការអនុវត្តគោលនយោបាយជាតិស្ដីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥។ 

ថ្លែងបើកវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តម សោម ចំណាន អនុរដ្ឋលេខាធិការ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងថា ក្នុងការចាប់ផ្តើមអនុវត្តគោលនយោបាយនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសង្កេតឃើញថា សកម្មភាពមួយចំនួននៅក្នុងគោលនយោបាយ ត្រូវបាននឹងកំពុងអនុវត្តស្រាប់ហើយ តាមរយៈនៃការអនុវត្តសកម្មភាពជាក់ស្ដែងខ្លះៗរបស់ក្រសួង ស្ថាប័ន និងអង្គភាពនានា ដោយស្របផែនការយុទ្ធសាស្ត្រ និងបេសកកម្មរបស់ខ្លួនកន្លងមក។ តែទោះជាយ៉ាងណាក៏ដោយ ការយល់ដឹងអំពីគោលនយោបាយ និងការអនុវត្ត នៅមានកម្រិត ដែលទាមទារឱ្យមានការលើកកម្ពស់ការយល់ដឹងបន្ថែមទៀត។ ដូចនេះ តម្រូវការក្នុងការកសាងសមត្ថភាពដល់តួអង្គទាំងឡាយ ដែលជាប់ទាក់ទងនឹងការអនុវត្តគោលនយោបាយនៅថ្នាក់ខេត្ត ពិតជាមានសារៈសំខាន់ និងចាំបាច់។ ហេតុនេះហើយ វគ្គបណ្ដុះបណ្ដាលនាថ្ងៃនេះពិតជាត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបទៅតាមសេចក្ដីត្រូវការសម្រាប់អនុវត្តគោលនយោបាយនេះ។

ឯកឧត្តមអនុរដ្ឋលេខាធិការ សង្ឃឹមថា វគ្គបណ្ដុះបណ្ដាលនាថ្ងៃនេះ ពិតជាបានផ្តល់នូវការយល់ដឹងបន្ថែមទៀតសម្រាប់ការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ឱ្យកាន់តែមានប្រសិទ្ធភាព​ សំដៅពង្រឹងសុខដុមរមនាសង្គមដោយផ្តល់ជូនប្រជាពលរដ្ឋនូវឱកាសការងារសមរម្យ និងប្រកបដោយផលិតភាពការងារខ្ពស់​ ព្រមទាំងដើម្បីរួមចំណែកក្នុងដំណើរការធ្វើការផ្លាស់ប្តូរ និងលើកស្ទួយរចនាសម្ព័នឧស្សាកម្ម ពីឧស្សាហកម្មអតិពលកម្មទៅជាឧស្សាហកម្មពលកម្មផ្អែកលើជំនាញនៅឆ្នាំ២០២៥ ក៏ដូចជាការលើកកម្ពស់ការប្រកួតប្រជែង និងផលិតភាព សំដៅប្រែក្លាយពីឧស្សាហកម្មមានតម្លៃបន្ថែមទាប ទៅជាឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ និងចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យមានកំណើនខ្ពស់ ប្រកបដោយចីរភាព និងបរិយាប័ន្ន។ 

គួរបញ្ជាក់ផងដែរថា នេះជាលើកទី២ហើយ នៃវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពនេះ ដែលលើកទី១ បានរៀបចំធ្វើម្តងរួចមកហើយ នៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ កន្លងមកនេះ៕