ការចរចាប្រាក់ឈ្នួល៖ តួលេខកាន់តែខិតជិតចូលគ្នា តំណាងកម្មករនិយោជិតស្នើ ១៩៥ដុល្លារ និយោជកសុំ១៨៦ដុល្លារ ខណៈរាជរដ្ឋាភិបាល១៨៧ដុល្លារ

 ពុធ, 18 កញ្ញា 2019 21:51  |    Written by MLVT  |  909 times  |   Print  |   Email

(ភ្នំពេញ)៖ ក្នុងការចរចាបន្តសម្រាប់ការដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករកាត់ដេរសំលៀកបំពាក់ និងស្បែកជើងកម្ពុជាឆ្នាំ២០២០ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ ភាគីសហជីពដែលតំណាងឱ្យកម្មករ បានស្នើសុំតួលេខ១៩៥ដុល្លារក្នុង១ខែ ខណៈដែលនិយោជកសុំត្រឹម១៨៦ដុល្លារ ហើយរាជរដ្ឋាភិបាលស្នើ១៨៧ដុល្លារ។

ឯកឧត្តម ហេង សួរ តំណាងភាគីរដ្ឋាភិបាលឱ្យដឹងយ៉ាងដូច្នេះថា៖ «ភាគីនីមួយៗនៃក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានប្រកាសនូវគោលជំហរចុងក្រោយរៀងខ្លួន ដែលក្នុងនោះភាគីតំណាងនិយោជកបានស្នើសុំតួលេខ ១៨៦ដុល្លារអាមេរិក រីឯភាគីតំណាងកម្មករនិយោជិត បានស្នើសុំតួលេខ ១៩៥ដុល្លារអាមេរិកនិង ភាគីរាជរដ្ឋាភិបាលបានដាក់តួលេខ ១៨៧ដុល្លារអាមេរិក ជាប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ ២០២០»។

យ៉ាងណាក៏ដោយតួលេខនេះ កាន់តែខិតជិតចូលគ្នា ខ្លាំងជាងការចរចាកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩។

គួរបញ្ជាក់ថាតួលេខនេះនឹងដាក់ស្នេីប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាដេីម្បីពិនិត្យ​ និងសម្រេច តាមនីតិវិធីច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា​ នៅថ្ងៃទី​ ២០​ ខែកញ្ញា​ ឆ្នាំ២០១៩​នេះ៕