យុទ្ធនាការទប់ស្កាត់ពលកម្មកុមារក្នុងសិប្បកម្មផលិតឥដ្ឋ បន្តចុះដល់៥០ទីតាំងទៀតក្នុងខេត្តកំពង់ចាម ត្បូងឃ្មុំ និងក្រចេះ

 Monday, 09 September 2019 17:56  |    Written by MLVT  |  54 times  |   Print  |   Email

(កំពង់ចាម)៖ យុទ្ធនាការទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ នៅតែបន្តអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់ និងបានចុះទៅដល់ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ ដើម្បីលើកកម្ពស់ការអនុវត្តច្បាប់ស្តីពីការងារ និងយុទ្ធនាការសហគមន៍ផលិតឥដ្ឋគ្មានពលកម្មកុមារ នៅឆ្នាំ២០២០។ ការយុទ្ធនាការក្នុងខេត្តទាំងបីនេះ គឺបានចុះទៅដល់សិប្បកម្មផលិតឥដ្ឋចំនួន ៥០ទីតាំង គិតចាប់ពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ មក។

ឯកឧត្តម វ៉េង ហៀង ប្រធាននាយកដ្ឋានការងារកុមារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំក្រុមការងារចុះយុទ្ធនាការទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ ក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ ដោយបានប្រាប់ពីវឌ្ឍនភាពលក្ខខណ្ឌការងារល្អៗ មានជាអាទិ៍៖

* ការយល់ដឹងអំពីការទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ ក្នុងចំណោមនិយោជក កម្មករនិយោជិត ក្រុមគ្រួសារ និងសហគមន៍នៅក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ បើធៀបទៅនឹងឆ្នាំ២០១៦។

* គ្រប់សិប្បកម្មផលិតឥដ្ឋទាំងអស់មិនមានប្រើប្រាស់ពលកម្មកុមារនោះទេ និងនិយោជកប្រមាណ ១០ភាគរយ មានសញ្ញាហាមប្រើប្រាស់កុមារអាយុក្រោម១៥ឆ្នាំ។ * គ្រប់សិប្បកម្មទាំងអស់បានប្រើប្រាស់ឧសមិនប៉ះពាល់ដល់បរិស្ថាន។

* គ្មានការកាត់បំណុល ការដាក់បន្ទុកសេរីភាពកម្មករនិយោជិត ការងារដោយបង្ខំ និងទាសភាពបំណុល ឬអន្ទាក់បំណុលនោះទេ។

* ម៉ាស៊ីនផលិតដុំឥដ្ឋនៅមិនទាន់មានលក្ខណៈស្វ័យប្រវត្តិនៅឡើយ។ នាអំឡុងពេលចុះយុទ្ធនាការនេះផងដែរ និយោជក និងសហគមន៍ផលិតឥដ្ឋទាំងអស់ បានប្តេជ្ញាជំរុញឱ្យកុមារទទួលបានការអប់រំ បណ្តុះបណ្តាលជំនាញ និងទប់ស្កាត់គ្រោះថ្នាក់ការងារ ក៏ដូចជាការប្រើប្រាស់ពលកម្មកុមារនៅក្នុងសិប្បកម្មផលិតផលឥដ្ឋ។

ឯកឧត្តម វ៉េង ហៀង បានបញ្ជាក់ទៀតថា យុទ្ធនាការនេះនឹងបន្តទៅទូទាំងរាជធានី-ខេត្ត ដែលមានសិប្បកម្មផលិតឥដ្ឋដោយមិនលើកលែង និងគ្មានការយោគយល់ឡើយ៕