លទ្ធផលនៃតួលេខប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២០ រវាងភាគីសហជីព និងនិយោជកមានគន្លាតគ្នា ១៥ដុល្លារ

 Friday, 06 September 2019 14:20  |    Written by MLVT  |  185 times  |   Print  |   Email

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា សម្រាប់កិច្ចប្រជុំនៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩នេះ ភាគីនិយោជកបានលើកយកតួលេខចំនួន ១៨៤ដុល្លារ និងភាគីសហជីពចំនួន ១៩៩ដុល្លារអាមេរិក សម្រាប់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២០ខាងមុខ។

បន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា លើកទី៣ នៅទីស្តីការក្រសួង ឯកឧត្តម ហេង សួរ មានប្រសាសន៍ប្រាប់ដល់ក្រុមអ្នកសារព័តមានថា សម្រាប់តួលេខលើកឡើង រវាងភាគីនិយោជក និងភាគីសហជីពនៅថ្ងៃនេះ មិនចម្លែកទេ បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ ដែលជាទូទៅភាគីនីមួយៗ តែងតែបង្ហាញតួលេខផ្តើមចេញពីខ្ពស់ រីឯម្ខាងទៀតផ្តើមចេញពីទាប ហើយអ្វីទាំងអស់នេះ យើងនឹងកែសម្រួលគោលជំហរបន្តទៀតនៅពេលប្រជុំថ្ងៃខាងមុខ ដោយយោងទៅតាមលក្ខណៈវិនិច្ឆ័យតាមបែបសង្គមនិងសេដ្ឋកិច្ច ដែលយើងឯកភាពគ្នាកន្លងមក។ ទាក់ទងនឹងតួលេខចំនួន ១៩៩ដុល្លាររបស់ភាគីសហជីព លោក សោម អូន តំណាងឲ្យ ភាគីសហជីព បានរំពឹងទុកថា ភាគីនិយោជកនឹងតម្លើងក្នុងកម្រិតមួយដែលអាចទទួលយកបាន សម្រាប់កិច្ចប្រជុំលើកក្រោយទៀត។

ពាក់ព័ន្ធនឹងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបើកកិច្ចចរចាបន្តទៀត នៅថ្ងៃទី១២ ខែកញ្ញាខាងមុខ វេលាម៉ោង៣រសៀល៕