កិច្ចប្រជុំប្រាក់ឈ្នួល កម្មករនិយោជិតកំពុងប្រមូលព័ត៌មានធ្វើជាមូលដ្ឋានក្នុងការជជែកស្វែងរកកុងសង់ស៊ីស

 Tuesday, 03 September 2019 15:55  |    Written by MLVT  |  129 times  |   Print  |   Email

(ភ្នំពេញ)៖ កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាលើកទី២ បាននឹងកំពុងប្រមូលទិន្នន័យនិងព័ត៌មានពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ពិភាក្សាស្វែងរកយន្តការកុងសង់ស៊ីស(ឯកភាព)មួយ ដែលនឹងលើកយកមកពិភាក្សាគ្នានៅចុងសប្តាហ៍នេះ។

មានប្រសាសន៍ប្រាប់ដល់ក្រុមអ្នកសារព័ត៌មាន ក្រោយចប់កិច្ចប្រជុំ កាលពីព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា កិច្ចប្រជុំថ្ងៃនេះបានប្តូរជារូបភាពត្រីភាគី ទៅជាកិច្ចប្រជុំផ្ទៃក្នុងរបស់ភាគីនីមួយៗចាប់ពីពេលនេះរហូតដល់ថ្ងៃ ទី៦ ខែកញ្ញាខាងមុខ ហើយគ្រប់ភាគីនឹងមកជួបប្រជុំគ្នាឡើងវិញ ដើម្បីពិភាក្សាស្វែងរកយន្តការមួយដើម្បីពិភាក្សាឈានទៅរកចំណុចមួយដែលគ្រប់ភាគីអាចទទួលយកបាន។ ឯកឧត្តម ហេង សួរ បញ្ជាក់ទៀតថា ឆ្លងតាមរយៈកិច្ចប្រជុំពេញមួយព្រឹកនេះ បើទោះជាភាគីសហជីព និងនយោជក មិនទាន់បានបង្ហាញតួលេខណាមួយក៏ដោយ ប៉ុន្តែគ្រប់ភាគី ហាក់ដូចជាបានដឹងអំពីនិន្នាការក្នុងតំបន់ ក៏ដូចជាលក្ខណវិនិច្ឆ័យមួយចំនួន។ នៅពេលនេះពួកគេក៏កំពុងតែស្ទាបស្ទង់ដើម្បីរកចំណុចឯកភាពផ្ទៃក្នុងជាមុនសិនសម្រាប់បង្ហាញទៅភាគីម្ខាងទៀត។

ដូច្នេះហើយបានជា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា សម្រេចទុកលទ្ធភាព ឬពេលវេលាឲ្យភាគីនីមួយៗសម្រេចផ្ទៃក្នុងតាមរយៈការពិភាក្សាគ្នាឲ្យបានយល់ជាមុនសិន ធ្វើយ៉ាងណាឲ្យភាគីម្ខាងទៀតអាចទទួលយកបាន។ ឯកឧត្តមរដ្ឋលេខាធិការ បានអះអាងថា កិច្ចប្រជុំថ្ងៃនេះភាគីទាំងពីរ មានការឆ្លើយឆ្លងគ្នាជាវិជ្ជមាន ដោយផ្តោតទៅលើតួលេខនិងផលប៉ះពាល់នៃការប្រែប្រួលលក្ខណវិនិច្ឆ័យនីមួយៗ ច្រើនជាងឆ្លងឆ្លើយ រវាងភាគីកម្មករនិយោជិត ទៅនយោជក៕