ការធ្វើទំនើបកម្ម TVET កាន់តែអាចសម្រេចបានតាមការរំពឹងទុក ខណៈក្រុមហ៊ុនមួយនៅស្វីសបង្ហាញឆន្ទៈចង់ជួយអភិវឌ្ឍន៍វិស័យ TVET ដល់កម្ពុជា

 Thursday, 25 July 2019 17:02  |    Written by MLVT  |  385 times  |   Print  |   Email

(ភ្នំពេញ)៖ ក្រុមហ៊ុនដ៏ធំមួយរបស់ស្វីសដែលមានសាខារបស់ខ្លួននៅ៧០ប្រទេសនោះ បានបង្ហាញគោលបំណងក្នុងការជួយដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការអភិវឌ្ឍវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ព្រមទាំងវិស័យមួយចំនួនទៀត ដូចជាឧស្សាហកម្ម ទេសចរណ៍ ថាមពល រ៉ែ កសិកម្ម ជាមួយរាជរដ្ឋាភិបាលកម្ពុជាផងដែរ។ ការបង្ហាញឆន្ទៈជួយដល់រាជរដ្ឋាភិបាលកម្ពុជាយ៉ាងដូច្នេះ ហាក់រំលេចនូវក្ដីរំពឹងទុកឈានទៅសម្រេចគោលដៅ បន្ថែមទៀតក្នុងគោលនយោបាយ «ធ្វើទំនើបកម្មវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ» នៅកម្ពុជា។

គោលបំណងនេះត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោក Anshul Sonak អគ្គនាយកក្រុមហ៊ុន Planet One Education ដែលមានទីស្នាក់ការនៅប្រទេសស្វីស និងមានសាខាប្រមាណ៧០ប្រទេសជុំវិញពិភពលោក រួមទាំងកម្ពុជាផងដែរ។ នាឱកានោះ លោក Anshul Sonak លើកឡើងថា ការដែលក្រុមហ៊ុន Planet One Education ចង់ជួបពិភាក្សាជាមួយឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី នាពេលនេះ គឺដើម្បីលើកបង្ហាញពីគោលបំណងចង់ជួយក្រសួង ក្នុងការអភិវឌ្ឍវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងវិស័យមួយចំនួនទៀត ដូចជាវិស័យឧស្សាហកម្ម ទេសចរណ៍ ថាមពល រ៉ែ កសិកម្ម សុខាភិបាល និងការកៀរគររកប្រភពធនធានហិរញ្ញវត្ថុជាដើម។

លោកបានបន្តថា កន្លងមក ក្រុមហ៊ុនរបស់លោក បានធ្វើការលើវិស័យទាំងនេះនៅប្រមាណ ២០ប្រទេស ដូចជាសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងតាមបណ្ដាប្រទេសនានានៅតំបន់អាស៊ី អាហ្វ្រិក អឺរ៉ុបផងដែរ ដោយទទួលបានលទ្ធផលជោគជ័យ។ លោកបន្តទៀតថា ក្រុមហ៊ុនចង់ជួយអភិវឌ្ឍន៍ជំនាញ TVET នៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈរបស់កម្ពុជា ប៉ុន្តែមិនទាន់ដឹងថា តើរាជរដ្ឋាភិបាលកម្ពុជា ចង់ឱ្យក្រុមហ៊ុនលោកជួយលើវិស័យណាផ្សេងទៀត ដូច្នេះក៏ស្នើសុំការចង្អុលបង្ហាញពីសំណាក់ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ដើម្បីរៀបចំគម្រោងពាក់ព័ន្ធបន្តទៀត។

ឆ្លើយតបនឹងការលើកឡើងនេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី អ៊ិត សំហេង បានឱ្យដឹងថា កម្ពុជា ពិតជាស្វាគមន៍ចំពោះបំណងចង់ជួយអភិវឌ្ឍដល់កម្ពុជា ពីសំណាក់ក្រុមហ៊ុន Planet One Education ខ្លាំងណាស់ ដូច្នេះហើយបានជាឯកឧត្តមរដ្ឋមន្ត្រី លើកសំណើមួយចំនួនដល់ក្រុមហ៊ុនឱ្យពិនិត្យ និងពិភាក្សាជាមួយអគ្គនាយកដ្ឋានជំនាញរបស់ក្រសួងបន្តទៀត។ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ក៏បានចង្អុលបង្ហាញលើការគាំទ្រដល់ការធ្វើទំនើបកម្ម TVET របស់កម្ពុជាឱ្យកាន់តែប្រសើរឡើងផងដែរ ពីព្រោះនៅកម្ពុជាបច្ចុប្បន្ន កំពុងមានការរីកចម្រើនលើវិស័យឧស្សាហកម្ម លំហូរនិវិយោគិនពីបរទេសក៏កាន់តែមានការកើនឡើង ជាហេតុបណ្ដាលឱ្យកម្ពុជាជួបនូវកង្វះកម្លាំងពលកម្មដែលមានជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។ ឯកឧត្តមបណ្ឌិត បានបន្ថែមថា ដំណោះស្រាយនៅចំពោះមុខបញ្ហាកម្លាំងពលកម្មជំនាញនេះ ពិតជាមានសម្រាប់រាជរដ្ឋាភិបាលកម្ពុជា ដោយក្រសួងពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល បានបង្កើតគោលនយោបាយ កម្មវិធីអភិវឌ្ឍ យន្តការដោះស្រាយ បង្កើតសាលាបណ្ដុះបណ្ដាល និងមជ្ឈមណ្ឌលបណ្ដុះបណ្ដាជាច្រើន ដាក់ពង្រាយនៅទូទាំងប្រទេស ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា ក៏ចាំបាច់ត្រូវការការចូលរួមពីសំណាក់ដៃគូអភិវឌ្ឍន៍ ដៃគូវិនិយោគ អង្គការជាតិ-អន្តរជាតិ ព្រមទាំងផ្នែកឯកជននានាចូលរួមធ្វើកិច្ចការនេះជាមួយគ្នាផងដែរ។

ដូច្នេះហើយបានជាឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ចង់ឱ្យក្រុមហ៊ុនជួយសហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អនុវត្តកិច្ចការងារនេះឱ្យបាន ពីព្រោះនៅលើពិភពលោកអ្នកណាក៏ដឹងដែរថា ស្វីសជាប្រទេសដែលគេគ្រប់គ្នាជឿទុកចិត្តលើគុណភាពបច្ចេកទេស តាមរយៈផលិតផលល្បីៗជាច្រើន ដែលផលិតឡើងតាមស្ដង់ដារបស់ប្រទេសនេះ។ ទោះបីជាយ៉ាងណា ក៏ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ស្នើឱ្យមានការពិភាក្សាគ្នាឱ្យបានល្អិតល្អន់ជាមួយភាគីពាក់ព័ន្ធ មុននឹងចាប់អនុវត្តគម្រោងអភិវឌ្ឍន៍នានា ហើយឯកឧត្តមបណ្ឌិតបានបញ្ជាក់យ៉ាងច្បាស់ថា «យើងខ្ញុំពិតជាត្រូវការក្រុមហ៊ុនរបស់អស់លោកជួយធ្វើកិច្ចការងារនេះណាស់»។ សូមជម្រាបថា នេះមិនមែនជាលើកដំបូងឡើយដែលក្រុមហ៊ុនបានជួយដល់កម្ពុជា ដោយកាលពីពេលកន្លងទៅ ក្រុមហ៊ុនក៏បានជួយសាងសង់អគារមន្ទីរពេទ្យ និងបណ្ដុះបណ្ដាលជំនាញសុខាភិបាល ដល់សិក្ខាកាមកម្ពុជាមួយចំនួនទៀតផងដែរ៕