អគ្គរដ្ឋទូតស៊ុយអែតចប់អាណត្តិ៖ រដ្ឋាភិបាលស៊ុយអែត នៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

 Tuesday, 23 July 2019 11:22  |    Written by MLVT  |  313 times  |   Print  |   Email

(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតទើបចប់អាណត្តិរបស់ស៊ុយអែតប្រចាំកម្ពុជា លោកជំទាវ Maria Sargren (ម៉េរៀ សាហ្គ្រេន) បានបញ្ជាក់ប្រាប់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឱ្យដឹងថា រដ្ឋាភិបាលស៊ុយអែត នៅតែបន្តកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយកម្ពុជាបន្តទៀត ដែលស្របទៅនឹងគោលដៅរួមរបស់រដ្ឋាភិបាលទាំងពីរ។ ការលើកឡើងនេះត្រូវបានធ្វើឡើងក្នុងឱកាសដែលលោកជំទាវ Maria Sargren ជម្រាបលាឯកឧត្តម អ៉ិត សំហេង ជាផ្លូវការនាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានលើកឡើងពីលទ្ធផលការងារ និងកិច្ចសហប្រតិបត្តិការជាច្រើន ដែលកម្ពុជាបានអនុវត្តជាមួយស៊ុយអែត និងអង្គការអន្តរជាតិមួយចំនួន នាពេលកន្លងមក ក្នុងនោះរួមមាន៖ គម្រោងគាំទ្រផ្នែកហិរញ្ញវត្ថុដោយភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត (SIDA) តាមរយៈទីភ្នាក់ងារផ្តល់សេវាការងារសាធារណៈស៊ុយអែត (SPES) ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) និងក្រសួងអប់រំ យុវជន និងកីឡា និងគំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងសកល (Global Deal Initiatives)។

មិនតែប៉ុណ្ណោះ កម្ពុជាបាននិងកំពុងប្រើប្រាស់យន្តការនេះ ក្នុងក្របខណ្ឌមួយចំនួន ដូចជា យន្តការគ្រប់គ្រងរបស់បេឡាជាតិរបបសន្តិសុខសង្គម យន្តការនៃការដោះស្រាយវិវាទការងារ យន្តការនៃការចរចារកំណត់ប្រាក់ឈ្នួលអប្បបរមា និងនីតិវិធីនៃការតាក់តែងច្បាប់ ព្រមទាំងគោលនយោបាយដែលធ្វើទ្បើងដោយមានការពិភាក្សា និងចូលរួមពីត្រីភាគី។ល។ លោកជំទាវ ម៉េរៀ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារទាំងនេះ ដែលកម្ពុជាពិតជាបានខិតខំចូលរួមអនុវត្តយ៉ាងយកចិត្តទុកដាក់ ពិសេសគឺការចូលរួមអនុវត្តរួមគ្នានូវការបង្កើតមណ្ឌលការងារចល័ត ដែលបញ្ជូនទៅដល់តំបន់ដាច់ស្រយាល និងផ្ដល់ជូននូវព័ត៌មានទីផ្សារការងារ ព្រមទាំងផ្ដល់ការងារទៅដល់យុវជនប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី មានសុទិដ្ឋិនិយមចំពោះអ្នកវិនិយោគស៊ុយអែត ដែលបានផ្ដល់ទំនុកចិត្តមកលើកម្ពុជា និងនៅតែបន្តវិនិយោគមកកម្ពុជាបន្ថែម ដោយបានបង្កើតការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋកម្ពុជាយ៉ាងច្រើនផងដែរ។ ភាគីទាំងពីរបានប្ដេជ្ញាចិត្តថា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការដែលកំពុងអនុវត្តជាមួយគ្នា ដែលស្របទៅនឹងគោលនយោបាយរួមរបស់រដ្ឋាភិបាលស៊ុយអែត និងរាជរដ្ឋាភិបាលកម្ពុជា៕