ក្រសួងការងារ និងអង្គការ GIZ សហការអនុវត្តកម្មវិធី“គម្រោងពង្រឹងនិរន្តរភាពវិស័យវាយនភណ្ឌ និង កាត់ដេរនៅទ្វីបអាស៊ី”

 អង្គារ, 09 កក្កដា 2019 11:03  |    Written by MLVT  |  409 times  |   Print  |   Email

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការ GIZ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពី ការអនុវត្តកម្មវិធី“គម្រោងពង្រឹងនិរន្តរភាពវិស័យវាយនភណ្ឌ និង កាត់ដេរនៅទ្វីបអាស៊ី”(GIZ, FABRIC) នៅព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពជាសាក្សី ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង។

ពិធីនេះ ចុះហត្ថលេខាដោយ ឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោកបណ្ឌិត Guenter Riethmacher នាយកGIZ ប្រចាំប្រទេសកម្ពុជា មុនចាប់ផ្តើមពិធីចុះហត្ថលេខា ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានថ្លែងអំណរគុណដល់អង្គការ GIZ ដែលតែងតែផ្តល់ការគាំទ្រទាំងថវិការ ក៏ដូចជាអ្នកជំនាញបច្ចេកទេសជួយដល់កម្ពុជា ជាពិសេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាពេលកន្លងមក។ ឯកឧត្តមរដ្ឋមន្រ្តី ពេញចិត្តចំពោះការអនុវត្តគម្រោង GIZ ក៏ដូចជាការជួយរបស់រដ្ឋាភិបាលអាល្លឺម៉ង មកដល់កម្ពុជាពិសេសវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ភាគី GIZ ពេញចិត្តនឹងកិច្ចសហប្រតិបត្តិការ នូវការផ្តល់ជំនួយក្នុងការអនុវត្តគម្រោងអោយទទួលជោគជ័យបន្ថែមទៀត។ ភាគីទាំងពីរបានបង្ហាញការរីករាយចំពោះកិច្ចសហការនេះ និងសន្យាបន្តកិច្ចការងារនេះបន្ថែមទៀតទៅលើគម្រោងដើម្បីឈានសម្រេចបានភាពជោគជ័យ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាផែនការយុទ្ធសាស្រ្តរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សូមបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីការអនុវត្តកម្មវិធី“គម្រោងពង្រឹងនិរន្តរភាពវិស័យវាយនភណ្ឌ និងកាត់ដេរនៅទ្វីបអាស៊ី”(GIZ, FABRIC) នៅព្រះរាជាណាចក្រកម្ពុជា មានរយៈពេល ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ ដល់ថ្ងៃទី៣១ មីនា ឆ្នាំ២០២១ ដែលមានថិវកា គិតជាទឹកប្រាក់សរុបចំនួន ៦លានអឺរ៉ូ សម្រាប់ប្រទេសបង់ក្លាដេស, កម្ពុជា, ចិន, មីយ៉ាន់ម៉ា, ប៉ាគីស្ថាន និងវៀតណាម

គោលបំណងនៃអនុស្សរណៈនៃការយោគយល់គ្នានេះ រួមមាន៖

- គាំទ្រដល់បណ្តាស្ថាប័នរដ្ឋ និងឯកជន ដើម្បីផ្លាស់ប្តូរព័ត៌មាន កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ ថ្នាក់ជាតិ និងកម្រិតសហគ្រាស គ្រឹះស្ថាន ដើម្បីពង្រឹងអនុលោមភាពតាមបទដ្ឋានសង្គម និងការងារដូចមានចែងនៅក្នុងច្បាប់ស្តីពីការងារនៅព្រះរាជាណាចក្រកម្ពុជា និងអនុសញ្ញាអន្តរជាតិនានាដែលកម្ពុជាបានផ្តល់សច្ចាប័ន និងធ្វើឱ្យប្រសើរឡើងនូវសមភាពយេនឌ័រនៅកន្លែងធ្វើការ។

- ផ្ដល់ជំនួយគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសពីគម្រោង GIZ, FABRIC ដល់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពង្រឹងប្រព័ន្ធអធិការកិច្ចការងារនៅកម្ពុជាឱ្យកាន់តែមានសមត្ថភាព តម្លាភាព ប្រសិទ្ធភាព និងទទួលបានការជឿជាក់ពីគ្រប់ភាគីពាក់ព័ន្ធ។

- ផ្តល់ជំនួយបច្ចេកទេសដល់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់អនុវត្តសកម្មភាពទាំងឡាយដែលគាំទ្រដល់ផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្នុងវិស័យការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងផ្តល់សិទ្ធិអំណាចដល់ស្ត្រីដែល ធ្វើការក្នុងវិស័យវាយនភណ្ឌ និងកាត់ដេរ។