ក្រសួងការងារ ចាប់ផ្តើមអនុវត្តស្តង់ដាបណ្តុះបណ្តាលលើមុខរបរការបន្ស៊ីលោហៈ មុខរបរការផលិតនំនិង មុខរបរការកែច្នៃបន្លែ និងផ្លែឈើ 

 ច័ន្ទ, 08 កក្កដា 2019 14:07  |    Written by MLVT  |  164 times  |   Print  |   Email

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាព្រឹកពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ បានបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការដាក់ឲ្យអនុវត្តកញ្ចប់ស្តង់ដាបណ្តុះបណ្តាលលើមុខរបរការបន្ស៊ីលោហៈ មុខរបរការផលិតនំ និងមុខរបរការកែច្នៃបន្លែ និងផ្លែឈើ ” កម្រិត៣ និងកម្រិត៤ នៅសណ្ឋាគារសាន់វ៉េ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

  ឯកឧត្តម ហ៊ឹង ស៊ីដេត អគ្គនាយអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈបានមានប្រសាសន៍ថាសិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយនិងលើកទឹកចិត្តដល់វិទ្យាស្ថានបណ្តុះបណ្តាលទាំងអស់ឲ្យយល់ពីស្តង់ដារបណ្តុះបណ្តាលទៅលើមុខរបរការបន្ស៊ីលោហៈ មុខរបរការផលិតនំនិងមុខរបរការកែច្នៃបន្លែនិងផ្លែឈើ ” កម្រិត៣ និងកម្រិត៤ឲ្យស្របទៅតាមស្តង់ដារជាតិនិងតំបន់។

  ឯកឧត្តម បណ្ឌិត ពេជ សោភ័ន មានប្រសាសន៍ថា កញ្ចប់ស្តង់ដារបណ្តុះបណ្តាលនេះ គឺជាម៉ែត្រថ្មីមួយ សម្រាប់សាធារណៈជនដែលធ្លាប់បានរៀននៅសាលាចំណេះទូទៅ ឬមានសមត្ថភាពជំនាញខ្លះៗ ឬមានបទពិសោធន៍ពីការងារប្រតិបត្តិជាក់ស្ដែងនានាមិនថានៅទីណាក៏ដោយឬពេលណាក៏ដោយ ពោលគឺអ្នកទាំងនោះ អាចសុំធ្វើតេស្តសមត្ថភាពទទួលបានកម្រិតសមត្ថភាពជាក់ស្ដែង ឬសុំធ្វើការទទួលស្គាល់ការសិក្សាដែលមានពីមុន និងការទទួលស្គាល់សមត្ថភាពបច្ចុប្បន្ន (RPL/RCC) ដើម្បីបានទទួលនូវកម្រិត គុណវុឌ្ឍិសមស្រប ឬអាចបន្តចូលរៀនបានតាមកម្រិតសមត្ថភាពរៀងៗខ្លួន។

  ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ លើកឡើងបន្តទៀតថា វាជាឱកាសដ៏ប្រពៃមួយសម្រាប់សាធារណៈជន ដែលអាចទទួលបាននូវវិញ្ញាបនបត្រវិជ្ជាជីវៈ ឬសញ្ញាបត្រ កម្រិតខ្ពស់ជាងនេះ ដែលទទួលស្គាល់ដោយថ្នាក់ជាតិតាមក្របខ័ណ្ឌគុណវុឌ្ឍជាតិកម្ពុជា(CQF)ដើម្បីបញ្ជាក់ពីគុណវុឌ្ឍិការងារ នៅព្រះរាជាណាចក្រកម្ពុជា និងបណ្តាប្រទេសនៅក្នុងតំបន់។ ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថាដោយមើលឃើញថាការអភិវឌ្ឍកញ្ចប់ស្តង់ដាបណ្តុះបណ្តាលពិតជាមានសារៈសំខាន់  ដល់វិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទសនិងវិជ្ជាជីវៈ គម្រោង ILO-STED សហការជាមួយអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ក្រោមការឧបត្ថម្ភថវិកានិងបច្ចេកទេសដោយ ILO-SIDA និងILO-5UNJP បានអភិវឌ្ឍកញ្ចប់ស្តង់ដាបណ្តុះបណ្តាលលើមុខរបរអាទិភាពចំនួន០៤រួមមាន ការផ្សារអគ្គិសនី  ការបន្ស៊ីលោហៈ ការកែច្នៃបន្លែនិងផ្លែឈើ និង ការផលិតនំ ដែលនឹងត្រូវដាក់ផ្សព្វផ្សាយឲ្យអនុវត្តសាកល្បង មុននឹងដាក់ជូនគណកម្មការជាតិបណ្តុះបណ្តាល NTB អនុម័តនិងសម្រេចដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាពេលខាងមុខ។

ឯកឧត្តមសង្ឃឹមថា សិក្ខាសាលាផ្សព្វផ្សាយនេះនឹងទទួលបានប្រយោជន៍ច្រើន និងឈានទៅដល់ទិសដៅមួយ ដែលល្អ និងសម្រេចបាននូវផែនការសកម្មភាពជាយុទ្ធសាស្ត្រ សម្រាប់ការអនុវត្តនាពេលអនាគត ហើយសមាជិក គ្រប់រូប នឹងជួយអនុវត្តសកម្មភាពនានាដើម្បីគាំទ្រជាបន្តទៀត។   គួរបញ្ចាក់ថាការដាក់ឲ្យអនុវត្តស្តង់ដាបណ្តុះបណ្តាលលើមុខរបរការបន្ស៊ីលោហៈ មុខរបរការផលិតនំ និងមុខរបរការកែច្នៃបន្លែនិងផ្លែឈើ ” កម្រិត៣ និងកម្រិត៤នេះដោយសារតែបច្ចុប្បន្ននេះសេដ្ឋកិច្ចកម្ពុជាបានឈានដល់ដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយពោល គឺបានក្លាយទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប និងនៅក្នុងដំណើរការនៃការផ្លាស់ប្តូរហេដ្ឋារចនាសម្ព័ន្ធ ពីកសិកម្មទៅជាប្រទេសឧស្សាហកម្ម៕