ក្រសួងការងារ ដាក់ចេញវិធានការមួយចំនួន ដើម្បីបញ្ចប់ពលកម្មកុមារត្រឹមឆ្នាំ២០២៥

 Wednesday, 12 June 2019 11:41  |    Written by MLVT  |  98 times  |   Print  |   Email

(ភ្នំពេញ,ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩)៖ នាឱកាសទិវាកុមារកម្ពុជា ទិវាកុមារអន្តរជាតិ ១មិថុនា ឆ្នាំ២០១៩ និងទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញវិធានការមួយចំនួន ដើម្បីសម្រេចទិសដៅបញ្ចប់ពលកម្មកុមារនៅត្រឹមឆ្នាំ២០២៥។ ទិវានេះធ្វើឡើងក្រោមអធិបតីភាពលោកជំទាវ ស៊ើង សរសុចិត្តា រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីស្ដីការក្រសួង។

ទិវាកុមារកម្ពុជា ទិវាកុមារអន្តរជាតិ ១មិថុនា ឆ្នាំ២០១៩ និងទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនានេះ បានប្រារព្ធឡើងក្រោមប្រធានបទ «កុមារត្រូវសម្រេចសុបិនរបស់ខ្លួន ដោយមិនត្រូវធ្វើជាពលកម្មកុមារនៅកន្លែងការងារណាមួយឡើយ» ដើម្បីរំលឹកដល់សិទ្ធិជាមូលដ្ឋានរបស់កុមារ និងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការពារកុមារពីគ្រប់ទម្រង់នៃការកេងប្រវ័ញ្ចពលកម្ម និងទប់ស្កាត់ ភាពគ្រោះថ្នាក់ការងារ ជាពិសេសការផ្តល់ឱកាសឱ្យកម្មករនិយោជិតវ័យក្មេងទទួលបានជំនាញ និងមុខរបរសមស្របសម្រាប់ការបង្កើនជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង។ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសមួយនាំមុខ ក្នុងចំណោមប្រទេសទាំង៥ក្នុងពិភពលោក ដែលបានលុបបំបាត់ពលកម្មកុមារ និងមានលក្ខខណ្ឌការងារល្អប្រសើរ មានគោលនយោបាយច្បាស់លាស់ ក្នុងការប្រឆាំងនឹងពលកម្មកុមារ និងជាប្រទេសនាំមុខមធ្យម ក្នុងចំណោមប្រទេសនាំមុខទាំង១៣នៅលើពិភពលោក ក្នុងវឌ្ឍនភាពប្រឆាំងពលកម្មកុមារ។

ទន្ទឹមនឹងនេះ  ដើម្បីសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍សកលប្រកបដោយចីរភាព (២០១៥-២០៣០) ដែលចែងអំពីការបញ្ចប់ពលកម្មកុមារនៅឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា មានវិធានការនិងប្តេជ្ញាចិត្ត៖

   * បន្តពង្រឹងយន្តការអនុវត្តច្បាប់និងអធិការកិច្ចការងារ និងសហការជាមួយអង្គការនិយោជិត និយោជក ដើម្បីដោះស្រាយករណីវិវាទពលកម្មកុមារ និងសុវត្ថិភាពការងារឱ្យបានទាន់ពេលវេលា ជាពិសេសជំរុញនិយោជកគោរព បទដ្ឋានការងារ និងការដាក់ពិន័យកម្រិតធ្ងន់សម្រាប់សហគ្រាស គ្រឹះស្ថាន ដែលប្រើប្រាស់ពលកម្មកុមារ

   * ពង្រីកកិច្ចសហការអន្តរវិស័យ និងស្វែងរកដំណោះស្រាយសមស្រចំពោះបញ្ហាពលកម្មកុមារដែលមានចរិតលក្ខណៈពហុវិស័យ ដើម្បីធានាឧត្តមប្រយោជន៍របស់កុមារកម្ពុជា និងកសាងមូលធនមនុស្សស្របតាមបរិបទការងារសមរម្យ

   * ជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធសហការគ្នា ដើម្បីធានាសុវត្ថិភាពការងារសម្រាប់កម្មករនិយោជិតវ័យក្មេង និងអំពាវនាវសាធារណៈជនរាយការណ៍អំពីករណីពលកម្មកុមារនៅកន្លែងធ្វើការ។ ទន្ទឹមនឹងនេះ ការណែនាំ ដល់អាណាព្យាបាល និងនិយោជកករណីរំលោភបំពានពលកម្មកុមារ ជាពិសេសកុមារបម្រើការងារក្នុងផ្ទះ គឺជាបទល្មើសព្រហ្មទណ្ឌ ដើម្បីកាត់បន្ថយការប្រើប្រាស់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ

   * ស្វែងរកការគាំទ្រធនធាននិងបច្ចេកទេស ដើម្បីស្រាវជ្រាវ និងចងក្រងប្រកាសពាក់ព័ន្ធនឹងពលកម្មកុមារនៃសកម្មភាពសេដ្ឋកិច្ចដែលវិវត្តន៍ថ្មីៗ និងយុទ្ធនាការឆ្ពោះទៅបញ្ចប់ពលកម្មកុមារនៅកម្រិតថ្នាក់ឃុំសង្កាត់។ ដើម្បីឆ្លើយតបទៅនឹងការលុបបំបាត់គ្រប់ទម្រង់នៃពលកម្មកុមារ លោកជំទាវ ស៊ើង សរសុចិត្តា បានផ្តល់នូវអនុសាសន៍ដូចតទៅ៖

       ១៖ គណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.) ត្រូវបន្តសម្របសម្រួលអនុវត្តអនុសញ្ញាអន្តរជាតិ និងគោលនយោបាយជាតិពាក់ព័ន្ធនឹងពលកម្មកុមារ ជាពិសេសសហការជាមួយអន្តរក្រសួង-ស្ថាប័ន ដើម្បីជំរុញអនុវត្តផែនការសកម្មភាពជាតិ ស្តីពីការកាត់បន្ថយពលកម្មកុមារ និងការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ ឆ្នាំ២០១៦-២០២៥។

      ២៖ អគ្គលេខាធិការដ្ឋាន គ.ជ.ព. និងនាយកដ្ឋានជំនាញត្រូវខិតខំពង្រឹងវិធានការអធិការកិច្ចការងារឱ្យមានប្រសិទ្ធភាព ទប់ស្កាត់គ្រោះថ្នាក់ការងារ និងភាពងាយរងគ្រោះផ្នែកសុខភាព សម្រាប់កម្មករនិយោជិតវ័យក្មេង ដើម្បីលុបបំបាត់ពលកម្មកុមារ ជាពិសេសពង្រីកវិសាលភាពការងារវិស័យសេដ្ឋកិច្ចមិនរៀបរយ ដូចជា កម្មករការងារផ្ទះ សិប្បកម្ម និងសេវាកម្មដទៃទៀត។

      ៣៖ បន្តបណ្តុះបណ្តាលពង្រឹងសមត្ថភាពគ្រប់ភាគីពាក់ព័ន្ធ និងកៀរគរធនធានហិរញ្ញវត្ថុ និងស្វែងរកការគាំទ្រពីសាធារណៈជនចូលរួមប្រឆាំងពលកម្មកុមារ។

      ៤៖ ពង្រីកការផ្សព្វផ្សាយ និងយុទ្ធនាការប្រឆាំងពលកម្មកុមារ និងការងារដោយបង្ខំទៅដល់មូលដ្ឋាន និងសហគមន៍នានា ដើម្បីទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ។

      ៥៖ ពង្រឹងកិច្ចអន្តរាគមន៍ស្នូល ដើម្បីសង្គ្រោះពលកម្មកុមារ និងហាមឃាត់ការងារដោយបង្ខំទៅតាមប្រភេទមុខរបរ និងបង្កើនកិច្ចសហប្រតិបត្តិការក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធ ក្នុងការទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារពីគ្រប់ទម្រង់៕