NEA ពង្រីកបន្ថែមមជ្ឈមណ្ឌលការងារមួយទៀត នាប៉ែកឦសាននៃប្រទេស

 Tuesday, 11 June 2019 13:14  |    Written by MLVT  |  70 times  |   Print  |   Email

(ស្ទឹងត្រែង, ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំសម្ពោធបើកដំណើរការ មជ្ឈមណ្ឌលការងារ ខេត្តស្ទឹងត្រែង ដែលធ្លាប់ជាខេត្តស្ថិតនៅឆ្ងាយដាច់ស្រយាល នាប៉ែកឦសាននៃប្រទេសកម្ពុជា។ បច្ចុប្បន្ន NEA បានខិតខំប្រឹងប្រែងពង្រីកសេវាការងារ និងព័ត៌មានទីផ្សារការងារ តាមរយៈបង្កើតមជ្ឈមណ្ឌលការងារដែល កើនឡើងដល់ចំនួន ១៣ នៅទូទាំងប្រទេស និងមជ្ឈមណ្ឌលការងារចល័តចំនួន ០១  កំពុងរង់ចាំផ្តល់ និងនាំយកសេវាការងារទៅដល់គ្រប់ច្រកល្ហកយ៉ាងទូលំទូលាយជូនប្រជាពលរដ្ឋ។

ថ្លែងក្នុងពិធីសម្ពោធបើកដំណើរការនូវ មជ្ឈមណ្ឌលការងារខេត្តស្ទឹងត្រែង ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានគណៈកម្មាធិការជាតិបណ្តុះបណ្តាល មានប្រសាសន៍ថា ការបង្កើតឡើងនូវមជ្ឈមណ្ឌលការងារថ្មីនេះ បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងថ្មីបន្ថែមទៀតរបស់រាជរដ្ឋាភិបាល ក្នុងការនាំសេវាការងារ និងព័ត៌មានទីផ្សារការងារ ឱ្យបានកាន់តែឆាប់រហ័ស និងមកកៀកជិតប្រជាពលរដ្ឋ ក៏ដូចជាការប្រឹងប្រែងជាបន្តបន្ទាប់សំដៅជួយដល់ប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែងទាំងមូលឱ្យទទួលបានការងារធ្វើកាន់តែច្រើន, ប្រាក់ចំណូលកាន់តែប្រសើរ និងកាត់បន្ថយភាពក្រីក្រ ដែលជាគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបណ្ឌិត ពេជ សោភ័ន បញ្ជាក់បន្ថែមថា មជ្ឈមណ្ឌលការងារដែលត្រូវ បើកសម្ពោធដំណើរការនាពេលនេះ នឹងដើរតួនាទីជាច្រកចេញ-ចូលតែមួយ ក្នុងការផ្តល់សេវាជួយស្វែងរកការងារ និងផ្តល់ព័ត៌មានអំពីឱកាស ការងារដោយងាយស្រួលនិងឆាប់រហ័សជូនដល់ប្រជាពលរដ្ឋនៅក្នុងខេត្តស្ទឹងត្រែង ព្រមទាំងផ្តល់ដល់និយោជកក្នុងការផ្សព្វផ្សាយព័ត៌មានជ្រើសរើសកម្លាំងពលកម្ម, ការគាំទ្រនិងការទទួលបានការជួយផ្គូផ្គងអ្នកស្វែងរកការងារតាមតម្រូវការក៏ដូចជាការរីកចម្រើនផ្នែកអាជីវកម្ម និងធុរកិច្ចគ្រប់វិស័យនៅក្នុងខេត្តទាំងមូល។ លើសពីនេះ តាមរយៈមជ្ឈមណ្ឌលការងារនេះ គ្រឹះស្ថានអប់រំបណ្តុះបណ្តាលគ្រប់ប្រភេទ ក៏អាចធ្វើការផ្សព្វផ្សាយរាល់កម្មវិធីបណ្តុះបណ្តាលរបស់ខ្លួនបានយ៉ាងទូលំទូលាយ។ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន បានអំពាវនាវដល់ប្រជាពលរដ្ឋ និងក្មួយៗសិស្សានុសិស្ស និស្សិត យុវជន ដែលត្រូវការស្វែងរកការងារ ព្រមទាំងនិយោជក នានានៅក្នុងខេត្តស្ទឹងត្រែងទាំងមូល ធ្វើការប្រើប្រាស់ និងទាញយកប្រយោជន៍ឱ្យអស់សក្តានុពលពីកញ្ចប់សេវាដែលផ្តល់ជូនដោយ មជ្ឈមណ្ឌលការងារខេត្តស្ទឹងត្រែងនេះ។

ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានលើកទឹកចិត្តដល់មន្រ្តី និងបុគ្គលិកទាំងអស់នៃមជ្ឈមណ្ឌលការងារខេត្តស្ទឹងត្រែង បន្តខិតខំបំពេញការងារឱ្យអស់ពីសមត្ថភាព និងកម្លាំងកាយចិត្តក្នុងការផ្តល់សេវាប្រកបដោយគុណភាព ទាន់ពេលវេលា និងប្រសិទ្ធភាពជូនប្រជាពលរដ្ឋ ដោយពង្រីកកិច្ចសហការ និងភាពជាដៃគូជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់, និយោជក, គ្រឹះស្ថានអប់រំបណ្តុះបណ្តាល ព្រមទាំងអង្គការមិនមែនរដ្ឋាភិបាលនានា និងភាគីពាក់ព័ន្ធនានា។ គួររំឭកថា នាពេលកន្លងមក ក្នុងការខិតខំប្រឹងប្រែងបែងចែកឱកាសការងារ ដែលបង្កើតឡើងដោយការរីកចម្រើនផ្នែកសេដ្ឋកិច្ច ឱ្យបានដល់ប្រជាពលរដ្ឋគ្រប់រូបប្រកបដោយតម្លាភាព និងសមធម៌, ព្រមទាំងជួយផ្គូផ្គងកាន់តែងាយស្រួលនិងជាប្រព័ន្ធរវាងអ្នកស្វែងរកការងារ ទៅនឹងព័ត៌មានជ្រើសរើសកម្លាំងពលកម្មនានា, រាជរដ្ឋាភិបាលបានរៀបចំបង្កើតឡើងនូវទីភ្នាក់ងារជាតិមុខរបរ និងការងារ នៅឆ្នាំ ២០០៩ ដើម្បីផ្តល់សេវាការងារ និងព័ត៌មានទីផ្សារការងារតាមរយៈមជ្ឈមណ្ឌលការងារ, មជ្ឈមណ្ឌលការងារចល័ត និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា ដោយមានគេហទំព័រឈ្មោះ «www.nea.gov.kh»,  កម្មវិធីស្វែងរកការងារតាមទូរស័ព្ទដៃឈ្មោះ «NEA JOB SEARCH»  រួមទាំងតាមបណ្តាញសង្គមដូចជា Facebook (NEAKhmer) និង Youtube ជាដើម៕