កម្ពុជានឹងប្រារព្ធទិវាជាតិ TVET Day លើកទី២ នៅថ្ងៃ១៥-១៦ ខែមិថុនា ដោយរំពឹងថានឹងមានអ្នកចូលរួមជាង៣ម៉ឺននាក់

 Friday, 31 May 2019 12:42  |    Written by MLVT  |  345 times  |   Print  |   Email

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងប្រារព្ធទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ឬហៅថា TVET Day ជាលើកទី២ នៅអគារពិព័រណ៍ពាណិជ្ជកម្មកោះពេជ្រ រាជធានីភ្នំពេញ រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០១៩ ជាមួយការរំពឹងទុកថានឹងមានអ្នកចូលរួមពីវិស័យរដ្ឋ ឯកជន សិស្សនិស្សិត និងយុវជនប្រមាណជាង ៣ម៉ឺននាក់។ នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី២ នៅទីស្ដីការក្រសួងការងារ នាថ្ងៃទី៣១ ខែឧសភា ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ទិវាជាតិ TVET Day លើកទី២ ឆ្នាំ២០១៩នេះ នឹងត្រូវធ្វើឡើងក្រោមប្រធានបទ «TVET អាចធ្វើបាន»។

គោលបំណងនៃការរៀបចំទិវាជាតិ TVET Day នេះ គឺដើម្បីរួមចំណែកលើកកម្ពស់វឌ្ឍនភាពសង្គម-សេដ្ឋកិច្ចកម្ពុជា រួមមាន៖

   * កត្តាជីវភាពប្រជាពលរដ្ឋ៖ TVET គឺជាមធ្យោបាយដ៏សំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ ពីព្រោះបើប្រៀបធៀបអ្នកដែលទទួលបានការបណ្ដុះបណ្ដាល ហើយមានជំនាញបច្ចេកទេស និងវិជ្ជាជីវៈច្បាស់លាស់ ពួកគេនឹងទទួលបានប្រាក់ឈ្នួលខ្ពស់ជាងអ្នកដែលធ្វើការងារដោយគ្មានជំនាញ។

   * គោលនយោបាយ និងចក្ខុវិស័យជាតិ៖ ការអភិវឌ្ឍ និងការផ្សព្វផ្សាយវិស័យ TVET គឺជាឧបករណ៍សំខាន់ក្នុងការជំរុញការអនុវត្តគោលនយោបាយជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់ទិសដៅថា នៅឆ្នាំ២០៣០ កម្ពុជានឹងក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងនៅឆ្នាំ២០៥០ កម្ពុជានឹងក្លាយជាប្រទេសមានចំណូលខ្ពស់ ឬជាប្រទេសអភិវឌ្ឍន៍។ ក្រៅពីនោះវិស័យ TVET ក៏ចូលរួមក្នុងការអនុវត្តគោលនយោបាយជាតិអភិវឌ្ឍវិស័យឧស្សាហកម្ម គោលនយោបាយជាតិស្ដីពីមុខរបរ និងការងារ គោលនយោបាយជាតិស្ដីពី ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ សំដៅធ្វើយ៉ាងប្រែក្លាយកម្លាំងពលកម្មក្នុងទម្រង់ជាអតិពលកម្ម ទៅជាកម្លាំងពលកម្មដែលមានជំនាញ។

   * កត្តាបដិវត្តឧស្សាហកម្ម ៤.០៖ វិស័យ TVET ក៏ជួយកម្ពុជាវិវត្តខ្លួនឱ្យទាន់បដិវត្តសកលថ្មីនេះផងដែរ គឺធ្វើយ៉ាងណាជំរុញឱ្យរោងចក្រ សហគ្រាសនៅកម្ពុជាអាចប្រើបញ្ហាសិប្បនិមិត្ម មនុស្សយន្ត ដែលកម្ពុជាត្រូវចេះប្រើប្រាស់ឧបករណ៍យន្តទាំងអស់នោះ ពីព្រោះបើមិនពង្រឹងវិស័យ TVET ទេ កម្លាំងពលកម្មកម្ពុជាប្រមាណ ៥៧% នឹងជួបវិបត្តិបាត់បង់ការងារ ក្នុងរយៈពេល២ឆ្នាំទៀត។

ឯកឧត្តម ពេជ សោភ័ន បានបន្តថា សម្រាប់ទិវាជាតិ TVET Day លើកទី២នេះ គឺទទួលការចូលរួមដោយសេរី ហើយក្រសួងបានអញ្ជើញក្រុមគោលដៅជាច្រើន ដូចជាសិស្សានុសិស្សដែលកំពុងសិក្សានៅសាលាចំណេះទូទៅ សិស្ស-និស្សិតដែលកំពុងសិក្សានៅក្នុងគ្រឹះស្ថានអប់រំអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) សមាគមសហព័ន្ធសិស្ស-និស្សិតអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈសាធារណៈ គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឯកជន សមាគម អង្គការជាតិ និងអន្តរជាតិ ដៃគូអភិវឌ្ឍន៍ ក្រុមហ៊ុនសហគ្រាសឯកជន ដែលកំពុងប្រើប្រាស់អ្នកបច្ចេកទេស ក្រសួង និងស្ថាប័នពាក់ព័ន្ធនានា ព្រមទាំងសាធារណជនទូទៅ សរុបប្រមាណជាង ៣ម៉ឺននាក់។

ឯកឧត្តមរដ្ឋលេខាប្រចាំការ បានអះអាងថា ការចូលរួមជាមួយទិវាជាតិ TVET Day នេះ សិស្សានុសិស្ស និងសាធារណៈជននឹងទទួលបានព័ត៌មាន និងសារៈសំខាន់ពីវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ព្រមទាំងព័ត៌មានស្តីពីអាហារូបករណ៍នៅតាមគ្រឹះស្ថានទាំងនោះ ទទួលបាននូវព័ត៌មានទីផ្សារការងារ ដែលត្រូវការអ្នកបច្ចេកទេសយ៉ាងច្រើន ទទួលបាននូវតម្រូវការកម្លាំងអ្នកបច្ចេកទេសនៅតាមក្រុមហ៊ុនឯកជន កំណើននៃការចុះឈ្មោះចូលរៀនសិស្ស-និស្សិតទៅក្នុងប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ មានការកើនឡើងបង្កើនទំនាក់ទំនងរវាងអ្នកផ្តល់ការបណ្តុះបណ្តាល និងអ្នកប្រើប្រាស់កម្លាំងពលកម្មជំនាញ។ ប្រធានបទ TVET អាចធ្វើបាននេះ គឺចង់បង្ហាញពីគុណប្រយោជន៍នៃវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរបស់កម្ពុជា គឺមិនដូចកន្លងមកដែលគេតែងតែបន្ទុះបង្អាប់នោះឡើយ ពោលគឺមានន័យថា វិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរបស់កម្ពុជាបច្ចុប្បន្ន គឺមានការលេចធ្លោរជាបន្តបន្ទាប់ តាមរយៈស្នាដៃរបស់សិស្ស សិក្ខាកាមដែលទទួលបានការបណ្ដុះបណ្ដាលពីសាលាអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនានា ដែលចំណុះក្រោមមជ្ឈមណ្ឌលអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕