ក្រសួងការងារ និង UNDP រួមគ្នាផលិតវីដេអូប្រឹក្សាយោបល់ការងារ «Dr. Job »សម្រាប់យុវជន សិស្សានុសិស្ស និងអ្នកស្វែងរកការងារ

 Thursday, 09 May 2019 18:27  |    Written by MLVT  |  382 times  |   Print  |   Email

(ភ្នំពេញ)៖ វីដេអូប្រឹក្សាយោបល់អាជីព ហៅថា «Doctor Job» ដែលស្ថិតក្រោមគម្រោង UNited for Youth Employment ដែលទទួលបានការគាំទ្រហិរញ្ញវត្ថុពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ(SDC) តាមរយៈកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ(UNDP) និងទទួលអនុវត្តដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ត្រូវបានដាក់សម្ពោធផ្សព្វផ្សាយជាផ្លូវការ នារសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ បណ្តាល វិជ្ជាជីវៈ ដោយមានវត្តមានចូលរួមពីលោក នីក បេរ៉េសហ្វត ប្រធានUNDP ប្រចាំព្រះរាជាណាចក្រ កម្ពុជា, ព្រមទាំងឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ដែលជាតំណាង ក្រសួង-ស្ថាប័ន, គ្រឹះស្ថានសិក្សា, អង្គការក្រៅរដ្ឋាភិបាល, សមាគមនិយោជក, សហជីព, ដៃគូអភិវឌ្ឍន៍, សិស្ស-និស្សិត នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។

ថ្លែងក្នុងពិធីសម្ពោធផ្សព្វផ្សាយនេះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង មានប្រសាសន៍ថា៖ “ការដាក់ចេញនូវគម្រោងនេះ ពិតជាមានសារៈសំខាន់ និងទាន់ពេលវេលាដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស និងជំរុញដំណើរការទីផ្សារការងារកម្ពុជាឲ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការត្រៀមរៀបចំកម្លាំងពលកម្មដែលប្រកបដោយសក្តានុពល, ការកសាងមាគ៌ាអាជីពច្បាស់លាស់ក្នុងជីវិត, ការជ្រើសរើសមុខជំនាញសិក្សាសមស្របតាមតម្រូវការទីផ្សារការងារ, ការស្វែងរកការងារដោយប្រសិទ្ធភាព, ពិសេសការត្រៀមលក្ខណៈចូលទីផ្សារការងារ និងបង្កើនលទ្ធភាពទទួលបានការងារកាន់តែងាយស្រួល។ ការរៀបចំផែនការអាជីព និងការងារបានល្អប្រសើរ គឺជាមធ្យោបាយគន្លឹះដ៏ចាំបាច់សម្រាប់ផ្សារភ្ជាប់សមត្ថភាពរបស់យុវជន សិស្ស និស្សិត និងកម្មករនិយោជិត ឆ្ពោះទៅកាន់ភាពជោគជ័យក្នុងអាជីពអនាគត"។

គួរបញ្ជាក់ថា ខ្សែវីដេអូនេះ នឹងផលិតជាសាច់រឿងចំនួន ៧វគ្គ ដែលផ្តោតលើដំណាក់កាលផ្សេងៗ នៃការ រៀបចំផែនការអាជីព ដោយប្រធានបទនីមួយៗត្រូវបានដកស្រង់ចេញពីតម្រូវការជាក់ស្តែងដែលកើតមាន ចំពោះយុវជន និងក្នុងទីផ្សារការងារបន្ទាប់ពីបានធ្វើការសិក្សាអង្កេតយ៉ាងល្អិតល្អន់។

លោក នីក បេរ៉េសហ្វត ប្រធានUNDP ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងនៅក្នុងពិធីសម្ពោធ នេះថា៖ “ការដាក់សម្ពោធ ខ្សែវីដេអូ Dr. Job នាថ្ងៃនេះ បានបង្ហាញពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាង UNDP និងទីភ្នាក់ងារជាតិមុខរបរ និងការងារ។ ខ្សែវីដេអូ Dr. Job ទាំង៧វគ្គនេះ នឹងចូលរួមដោះស្រាយបញ្ហាគម្លាតជំនាញក្នុងចំណោមយុវជនកម្ពុជា ដែលរារាំងក្នុងទទួលបានការងារសមរម្យនៅក្នុងទីផ្សារការងារ ដែលមានដូចជាការរៀបចំផែនការអាជីព ការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារ និងជំនាញទន់ជាដើម។”  ឯកឧត្តមបណ្ឌិត អ៊ិត សំហេង ក៏បានរំឭកផងដែរនូវចំណុចខ្លះៗ អំពីការកសាងផែនការអាជីព ដើម្បីយុវជន សិស្សា នុសិស្សទុកជាទុនសម្រាប់ធ្វើការពិចារណាគឺថា៖ «ការកសាងអាជីពត្រូវរៀបចំឲ្យបានលឿនតាំងពីក្មួយៗស្ថិតនៅក្នុងថ្នាលសិក្សា ដោយផ្តើមចេញពីដំណាក់កាលជាច្រើនដូចជា ការកំណត់គោលដៅសិក្សា, ការជ្រើសរើសមុខវិជ្ជាសិក្សា, ការស្វែងយល់ពីជំនាញដែលមានតម្រូវការក្នុងទីផ្សារការងារ, ការស្រង់បទពិសោធន៍ពីពិភពការងារឬហាត់ធ្វើការងារ, ការដឹងពីប្រភពការងារ, ការប្រកួតប្រជែងយកឱកាសការងារ, ការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងការរក្សាការងារដោយប្រើប្រាស់ជំនាញបច្ចេកទេស និង ជំនាញទន់ជាដើម។ ភាពចាំបាច់នៅក្នុងការរៀបចំ និងកសាងផែនការអាជីពគឺ ដើម្បីកាត់បន្ថយគម្លាតបន្ទាប់ពីក្មួយៗបញ្ចប់ការសិក្សារួចឈានចូលទៅក្នុងទីផ្សារការងារសំដៅទទួលបានការងារកាន់តែឆាប់រហ័ស និងប្រកបដោយភាពប្រកួតប្រជែង »។

ខ្សែវីដេអូ «Dr. Job» នេះនឹងដើរតួជាឧបករណ៍ជួយប្រឹក្សាយោបល់បំពេញបន្ថែមកាន់តែងាយស្រួលលើសពីវិធីសាស្ត្រធ្លាប់ប្រើកន្លងមកដោយ NEA ដែលតម្រូវឲ្យជួបមុខផ្ទាល់ជាឯកជន ឬជាក្រុមជាមួយសិស្ស និស្សិត និងអ្នកស្វែងរកការងារ ដើម្បីពិភាក្សាដោះស្រាយបញ្ហាការងារ និងការរៀបចំមាគ៌ាអាជីព។ NEA នឹងធ្វើការផ្សព្វផ្សាយខ្សែរឿងទាំងអស់ឲ្យបានជ្រួតជ្រាបទូលំទូលាយដល់មហាជន តាមគ្រប់មធ្យោបាយសំខាន់ៗ ដូចជាៈ គេហទំព័រ និងហ្វេសប៊ុក NEA, YouTube, ទូរទស្សន៍ និងបន្ទប់សោតទស្សន៍ នៅក្នុងមជ្ឈមណ្ឌលការងារភ្នំពេញ៕