ឯកឧត្តម អ៊ិត សំហេង ស្នើសហជីពចិនជំរុញអ្នកវិនិយោគចិនមកវិនិយោគនៅកម្ពុជាបន្ថែម និងស្នើមិត្តចិនជួយទិញទំនិញពីកម្ពុជាឱ្យកាន់តែច្រើនឡើង

 Tuesday, 07 May 2019 17:38  |    Written by MLVT  |  211 times  |   Print  |   Email

ទីស្តីការក្រសួង៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្នើឱ្យគណៈប្រតិភូសហជីពចិនបន្តការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយសហជីពនៅកម្ពុជា ពិសេសសូមជួយជំរុញអ្នកវិនិយោគចិនឱ្យមកវិនិយោគបន្ថែមកាន់តែច្រើននៅកម្ពុជា និងស្នើដល់មិត្តចិនជួយទិញទំនិញ ពីកម្ពុជាឱ្យកាន់តែច្រើនថែមទៀតផងដែរ។ ការលើកឡើងនេះត្រូវបានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រី អ៊ិត សំហេង ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី ជាំង ណាន អគ្គនាយកនៃនាយកដ្ឋានច្បាប់ របស់មជ្ឈមណ្ឌលការងារចិនដើម្បីសហប្រតិបត្តិការអន្តរជាតិ (CWCIE) នៃសហជីពទូទាំងប្រទេសចិន (ACFTU) នៅទីស្ដីការក្រសួងការងារ នារសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩។

ដំណើរទស្សនកិច្ចនៅកម្ពុជារបស់ប្រតិភូសហជីពចិននាពេលនេះ ធ្វើឡើងតាមរយៈការអញ្ជើញរបស់លោក សោម អូន ប្រធានសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC)។ នាឱកាសជំនួបនោះដែរ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានលើកឡើងអំពីទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាមួយរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ដែលមានឯកឧត្តម ស៊ី ជិនពីង ជាប្រធានាធិបតី។ ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ក៏បានលើកឡើងពីការគាំទ្រយ៉ាងពេញទំហឹងរបស់រាជរដ្ឋាភិបាលកម្ពុជា ទៅលើគោលនយោបាយ «ខ្សែក្រវាត់ និងផ្លូវ» របស់មហាយក្សចិន ដែលទើបតែបញ្ចប់មហាសន្និបាត កាលពីពេលថ្មីៗកន្លងទៅនេះ ហើយកម្ពុជាក៏ជាប្រទេសមួយ ដែលទទួលបានផលប្រយោជន៍យ៉ាងច្រើន ពីការអនុវត្តគោលនយោបាយនេះ។ មិនត្រឹមតែទទួលបានកិច្ចសហប្រតិបត្តិការណ៍លើការអភិវឌ្ឍវិស័យគមនាគមន៍ ហេដ្ឋារចនាសម្ពន្ធ ទេសចរណ៍ និងវិស័យមួយចំនួនទៀតប៉ុណ្ណោះទេ កម្ពុជាក៏ទទួលបានផលប្រយោជន៍យ៉ាងច្រើន លើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជាការវិនិយោគលើវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ពីការគាំទ្រគោលនយោបាយខ្សែក្រវាត់ និងផ្លូវនេះផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី អ៊ិត សំហេង បានស្នើឱ្យសហជីពនៃប្រទេសទាំងពីរ​ត្រូវបង្កើនកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរបទពិសោធន៍ជាមួយគ្នា ឱ្យបានកាន់តែប្រសើរឡើង ដើម្បីបង្កើនការរួមចំណែកការពារផលប្រយោជន៍របស់កម្មករនិយោជិត និងដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ លើផ្នែកសហជីពនេះ។ ទន្ទឹងនឹងនោះ ឯកឧត្តមរដ្ឋមន្ត្រី អ៊ិត សំហេង បានបញ្ជាក់ពីកត្តាសន្តិភាព ស្ថិរភាពនយោបាយ ដែលគាំទ្រដល់ការអភិវឌ្ឍនៅប្រទេសកម្ពុជា ហើយក៏មិនខុសពីប្រទេសចិនប៉ុន្មានដែរ ត្រង់ថាប្រទេសចិនក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោកលេខ២ ដូចពេលបច្ចុប្បន្ន ក៏ដោយសារថ្នាក់ដឹកនាំចិនបានគ្រប់គ្រងនូវស្ថិរភាពក្នុងបក្សកុំម្មុយនីស្តចិនបានល្អប្រសើរ។ អ្វីដែលឯកឧត្តមរដ្ឋមន្ត្រី អ៊ិត សំហេង បានសង្កត់ធ្ងន់នោះ គឺឯកឧត្តមបានស្នើនៅចំពោះមុខលោកស្រី ជាំង ណាន សូមឱ្យភាគីសហជីពនៅប្រទេសចិនធ្វើយ៉ាងណាជួយជំរុញអ្នកវិនិយោគចិន មកបណ្ដាក់ទុកវិនិយោគបន្ថែមឱ្យកាន់តែច្រើននៅប្រទេសកម្ពុជា។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើដល់មហាមិត្តចិនឱ្យជួយបង្កើនការបញ្ជាទិញទំនិញពីកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត។ ការជួយទិញទំនិញ និងការមកវិនិយោគនៅកម្ពុជាកាន់តែច្រើន គឺដូចជាជួយដល់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា ដែលជាមហាមិត្តម៉ឺនឆ្នាំជាមួយចិន។ សូមជម្រាបថា បច្ចុប្បន្នកម្ពុជាមានរោងចក្រវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងប្រមាណ ១,២០០កន្លែង ក្នុងនោះស្ថិតក្រោមការវិនិយោគរបស់អ្នកវិនិយោគចិនមានប្រមាណ ៧០០កន្លែង៕