សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិសារអាហារសាមគ្គីជាមួយកម្មករ កម្មការិនី នៅរោងចក្រ យី ដា ជិត ៤ពាន់នាក់ ក្នុងឱកាស«ទិវាពលកម្មអន្តរជាតិ១ឧសភា»

 ពុធ, 01 ឧសភា 2019 12:37  |    Written by MLVT  |  214 times  |   Print  |   Email

នៅព្រឹកថ្ងៃពុធ ១២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញពិសារអាហារសាមគ្គី និងរាំលេងកម្សាន្តជាមួយកម្មករ កម្មការិនីនៅរោងចក្រយីដាប្រមាណ ៣,៧០០នាក់ ស្ថិតនៅភូមិឫស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ដើម្បីអបអរសាទរ«ទិវាពលកម្មអន្តរជាតិ១ឧសភា» លើកទី១៣៣ ឆ្នាំ២០១៩។ រោងចក្រយីដា បានចាប់ផ្តើមដំណើរការនៅក្នុងឆ្នាំ២០១៥ និងមានកម្មករ និយោជិតសរុប ៣,៧០០នាក់ ក្នុងនោះស្រី ២,៨០៣នាក់។ ផលិតផលដែលផលិតនៅរោងចក្រយីដា ត្រូវបាននាំចេញទៅលក់នៅអឺរ៉ុប និងសហរដ្ឋអាមេរិក។

រោងចក្រនេះ បានផ្តល់ប្រាក់ឈ្នួល និងប្រាក់បន្ទាប់បន្សំជូនកម្មករ​ និយោជិតប្រមាណ ៨៦៦,៥៧០ដុល្លារសហរដ្ឋអាមេរិកក្នុងមួយខែ។ប្រាក់ឈ្នួលជាមធ្យមសម្រាប់កម្មករ និយោជិតម្នាក់ៗមានចន្លោះពី ២២០ដុល្លារអាមេរិក ដល់ ២៨០ដុល្លារអាមេរិកក្នុងមួយខែ។ នៅពេលដែលសម្តេចតេជោនាយករដ្ឋមន្រ្ដី បានអញ្ជើញមកដល់កន្លែងប្រារព្ធពិធីភ្លាម ក្រោយពីបានស្វាគមន៍យ៉ាងរាក់ទាក់កក់ក្តៅ និងបានថតរូប សែលហ្វី (Selfie) ជាមួយកម្មករ​ កម្មការិនីហើយ សម្តេចតេជោនាយករដ្ឋមន្រ្ដី និងមន្ត្រីរាជរដ្ឋាភិបាលជាច្រើនរូបបានអញ្ជើញឡើងរាំកម្សាន្ត និងពិសារអាហារសាមគ្គីជាមួយកម្មករ​ កម្មការិនីក្នុងបរិយាកាសសប្បាយរីករាយប្រកបដោយភាពស្និទ្ធស្នាលក្រៃលែង នៅក្នុងពិធីអបអរសាទរទិវាពលកម្មអន្តរជាតិ «១ ឧសភា» លើកទី១៣៣។ នេះជាឆ្នាំទី២ហើយ ដែលសម្តេចតេជោបានអញ្ជើញចូលរួមផ្តល់ភាពសប្បាយរីករាយដល់បងប្អូនកម្មករ​ កម្មការិនីតាមរោងចក្រ ដែលកាលពីឆ្នាំទៅសម្តេចបានចូលរួមនៅឯរោងចក្រនៃតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ ឆ្នាំនេះមានរោងចក្រចំនួនន១,២៨៧ រោងចក្រផ្សេងទៀត និងមានកម្មករប្រមាណជាង៧៩ម៉ឺននាក់ ដែលបានចូលរួមក្នុងកម្មវិធីសប្បាយៗបែបនេះទៅតាមកន្លែងរោងចក្រផ្សេងៗ ក្នុងការអបអរសាទរទិវាពលកម្មអន្តរជាតិ១ឧសភា នេះ។ ទន្ទឹមនឹងនេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានអរគុណរោងចក្រ “ យីដា ” របស់ចិនដែលបានផ្តល់ទីកន្លែងសម្រាប់ការជួបជុំនេះ និងអរគុណដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានរៀបចំកម្មវិធីដ៏សប្បាយរីករាយនេះផងដែរ។

នៅក្នុងពិធីជួបជុំអបអរសាទរថ្ងៃនេះ សម្តេចតេជោ យករដ្ឋមន្រ្ដី ក៏បានផ្តល់ថវិកាលើកទឹកចិត្តដល់កម្មករ​ កម្មការិនីចំនួន​ ៣,៧០០នាក់ដោយក្នុងម្នាក់ៗ ទទួលបានថវិការចំនួន ៥០,០០០ រៀល, ក្រុមតន្ត្រីទទួលបានថវិកាចំនួន ១០ លានរៀល។ ក្រុមគ្រូពេទ្យប្រចាំការ៥លានរៀល។ ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណផងដែរម្ចាស់រោងចក្រ យី ដា ដែលបានចូលរួមវិភាគទានដល់មន្ទីរពេទ្យគន្ធបុប្ផានូវទឹកប្រាក់ចំនួន ២ម៉ឺនដុល្លារ និងបានផ្តល់ជូននូវសារុងម្នាក់១សំរាប់បងប្អូនកម្មករ​ កម្មការិនីដែលចូលរួមក្នុងថ្ងៃនេះផងដែរ។ ជាមួយគ្នានោះ សម្តេចតេជោក៏បានផ្តល់ថវិកាសម្រាប់កូនក្មួយកម្មការនីមានផ្ទៃពោះចំនួន ១៩៥នាក់ និងបានថតរូបអនុស្សាវរីយ៍ជាមួយកម្មករ កម្មការិនីក្នងភាពស្និទ្ឋស្នាល ប្រកបដោយក្តីអាណិតស្រឡាញ់ និងបានអញ្ជើញរាំកម្សាន្តជាមួយបងប្អូនកម្មករកម្មការនីក្នុងបរិយាសរីករាយក្រៃលែង៕