ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

ព័ត៌មានច្បាស់លាស់ ត្រឹមត្រូវអំពីវិស័យការងារ សន្តិសុខសង្គម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

ត្រីភាគីបើកកិច្ចពិគ្រោះយោបល់លើសេចក្ដីព្រាងវិសោធនកម្មច្បាប់សហជីព ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្ដែងរបស់កម្មករនិយោជិត

 ព្រហស្បតិ៍, 25 មេសា 2019 10:20  |    Written by MLVT  |  2526 times  |   Print  |   Email

(ភ្នំពេញ)៖ ត្រីភាគីដែលមានភាគីរាជរដ្ឋាភិបាល អង្គការសហជីព និងសមាគមនិយោជក នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះ បានបើកសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីថ្នាក់ជាតិ លើសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីសហជីព ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់កម្មករនិយោជិត ក្នុងបរិបទនៃការវិវឌ្ឍផ្នែកសេដ្ឋកិច្ច-សង្គម នាពេលបច្ចុប្បន្ន។ ពិធីបើកសិក្ខាសាលាថ្នាក់ជាតិនេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ នៅសណ្ឋាគារសាន់វ៉េ ហើយក៏មានការចូលរួមពីអង្គការអន្តរជាតិខាងការងារ (ILO) ផងដែរ។

នាសិក្ខាសាលានោះ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា ច្បាប់ស្តីពីសហជីព គឺជាក្របខណ្ឌគតិយុត្តមួយដែលមានគោលដៅ៖

   *១- ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិត

   * ២-ធានានូវសិទ្ធសេរីភាពក្នុងការចរចាជាសមូហភាពរវាងកម្មករនិយោជិត និងនិយោជក

   * ៣-ជំរុញឱ្យមានសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ

   * ៤-រួមចំណែកក្នុងការអភិវឌ្ឍការងារសមរម្យ បង្កើនផលិតភាព និងការវិនិយោគ។ ក្រោយពីចូលជាធរមាន ច្បាប់ស្តីពីសហជីពបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការធានាភាពសុខដុមរមនា នៅក្នុងទំនាក់ទំនងវិជ្ជាជីវៈ និងការលើកកម្ពស់សិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ។

ជាក់ស្តែង គិតត្រឹមត្រីមាសទី១ ឆ្នាំ២០១៩នេះ អង្គការវិជ្ជាជីវៈដែលចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានចំនួន ៤,៩៤៩ ក្នុងនោះសហជីពមូលដ្ឋានមានចំនួន ៤,៧២២ សហព័ន្ធសហជីពមានចំនួន ១៨៩ សហភាពសហជីពមានចំនួន ២៩ សមាគមនិយោជកមានចំនួន ៩។ បន្ថែមលើនេះ ចំនួនវិវាទការងាររួម និងកូដកម្ម-បាតុកម្មក៏មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ផងដែរ ដែលបណ្តាលមកពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់ស្តីពីសហជីព និងការពង្រឹងប្រព័ន្ធអធិការកិច្ចការងារកាន់តែល្អប្រសើរ។

ទន្ទឹមនឹងវឌ្ឍនភាពទាំងនេះ ក៏នៅមានសហជីព និងស្ថាប័នអន្តរជាតិមួយចំនួនមិនទាន់មានការយល់ដឹងច្បាស់ អំពីខ្លឹមសារនៃបទប្បញ្ញត្តិច្បាប់ស្តីពីសហជីព ដោយបានបន្តលើកឡើងអំពីកង្វល់មួយចំនួនក្នុងការចុះបញ្ជីសហជីព និងការស្នើសុំបញ្ជាក់ភាពជាតំណាងបំផុតរបស់សហជីព។ ដើម្បីដោះស្រាយបញ្ហាប្រឈម និងកង្វល់នានាក្នុងការអនុវត្តច្បាប់ស្តីពីសហជីព ដែលជាបទប្បញ្ញត្តិច្បាប់ថ្មី បើប្រៀបធៀបជាមួយច្បាប់ស្តីពីការងារ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានរៀបចំកិច្ចប្រជុំកម្រិតបច្ចេកទេស និងសិក្ខាសាលាពិគ្រោះយោបល់ ដើម្បីធ្វើវាយតម្លៃការអនុវត្តច្បាប់ស្តីពីសហជីពជាបន្តបន្ទាប់ ជាមួយតំណាងកម្មករនិយោជិត សហជីព និយោជក និងសមាគមនិយោជក ដោយសហការជាមួយអង្គការ ILO និងបានដាក់ចេញជាសេចក្តីណែនាំនានា ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីច្បាប់ស្តីពីសហជីព និងបន្តពង្រឹងការអនុវត្តច្បាប់ស្តីពីសហជីពនេះឱ្យបានកាន់តែមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ឆ្លងកាត់ការពិគ្រោះយោបល់ និងសិក្ខាសាលានានា និងដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់កម្មករនិយោជិត ក្នុងបរិបទនៃការវិវឌ្ឍផ្នែកសេដ្ឋកិច្ច-សង្គមបច្ចុប្បន្ន តាមរយៈអនុសាសន៍របស់អង្គការ ILO ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា៣ មាត្រា១៧ មាត្រា២០ មាត្រា២១ មាត្រា២៨ មាត្រា២៩ មាត្រា៥៤ មាត្រា៥៥ និងមាត្រា៥៩ នៃច្បាប់ស្តីពីសហជីព ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥១៦/០០៧ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ ដោយបានកែសម្រួលបញ្ញត្តិមាត្រាមួយចំនួននៃច្បាប់ស្តីពីសហជីព។ ច្បាប់នេះមានក្នុងគោលបំណង៖ ១-លើកកម្ពស់សិទ្ធិអង្គការវិជ្ជាជីវៈរបស់កម្មករការងារផ្ទះឱ្យកាន់តែទូលំទូលាយ ២-សម្រួលនីតិវិធី និងបែបបទនៃការចុះបញ្ជីសហជីព និងការរក្សាបញ្ជិកា ៣-សម្រួលលក្ខខណ្ឌក្នុងការទទួលបានភាពជាតំណាងបំផុត ៤-លើកកម្ពស់សិទ្ធិ និងតួនាទីរបស់សហជីព ដែលមានសមាជិកភាគតិចឱ្យកាន់តែច្បាស់លាស់៕


ឯកសារផ្លូវការ