ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

ព័ត៌មានច្បាស់លាស់ ត្រឹមត្រូវអំពីវិស័យការងារ សន្តិសុខសង្គម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

កម្ពុជា-ជប៉ុន ចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ បញ្ជូនពលករជំនាញ

 ច័ន្ទ, 25 មីនា 2019 20:07  |    Written by MLVT  |  3404 times  |   Print  |   Email

(តូក្យូ-ជប៉ុន)៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ  និងឯកឧត្តម Takashi YAMASHITA  រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៃប្រទេសជប៉ុន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការបញ្ជូនពលករជំនាញ រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងយុត្តិធម៌នៃប្រទេសជប៉ុន នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នៅក្រសួងយុត្តិធម៌ ប្រទេសជប៉ុន។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងរវាងឯកឧត្តម សេង សក្តា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការងារ និងលោកជំទាវ​ Shoko SASAKI អគ្គនាយកអន្តោប្រវេសន៍ជប៉ុន។

ឯកឧត្តម Takashi YAMASHITA  រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៃប្រទេសជប៉ុន បានលើកឡើងថា កាលពីឆ្នាំកន្លងទៅ កម្ពុជា-ជប៉ុន បានប្រារព្ធពិធីអបអរសាទរខួបលើកទី៦៥នៃទំនាក់ទំនងការទូតកម្ពុជាជប៉ុន ហើយការចុះអនុស្សារណៈនៃកិច្ចសហប្រតិបត្តិការស្តីពីពលករជំនាញនាថ្ងៃនេះ ជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់ ពីទំនាក់ទំនងដ៏ស្អិតរមួត រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត ។ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានសម្តែងនូវការកោតសរសើរ ចំពោះក្រុមការងារបច្ចេកទេសនៃប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ដែលបានខិតខំសហការគ្នា ប្រកបដោយការទទួលខុសត្រូវខ្ពស់ នាពេលកន្លងមករហូតឈានដល់ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ។ ឯកឧត្តមរដ្ឋមន្ត្រី អ៊ិត សំហេង មានប្រសាសន៍លើកឡើងថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋកម្ពុជាកំពុងរស់នៅ សិក្សា និងធ្វើការនៅប្រទេសជប៉ុនមានចំនួនប្រមាណ១ម៉ឺន១ពាន់នាក់ ក្នុងនោះកម្មសិក្សាការីមានប្រមាណជិត៧ពាន់នាក់។ 

តាមរយៈអនុស្សារណៈនៃកិច្ចសហប្រតិបត្តិការនេឯកឧត្តមបញ្ជាក់ថា ពលករជំនាញកម្ពុជានឹងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចាប់យកឱកាសមាសនេះ ដើម្បីជាផលប្រយោជន៍សម្រាប់ខ្លួនឯងផង សម្រាប់កម្ពុជាផង ក៏ដូចជាចូលរួមចំណែកដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មរបស់ជប៉ុន​ ជាពិសេសសម្រេចឱ្យបាននូវចក្ខុវិស័យគ្រប់ជ្រុងជ្រោយជាយុទ្ធសាស្រ្តនៃប្រទេសទាំងពីរ។ រដ្ឋាភិបាលជប៉ុនបានធ្វើវិសោធនកម្មច្បាប់ស្តីពីការទទួលជនភៀសខ្លួន និងការគ្រប់គ្រងជនអន្តោប្រវេសន៍ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨ ដោយបង្កើតទិដ្ឋាកាការងារថ្មីចំនួន២ប្រភេទគឺ “ពលករជំនាញ១” និង “ពលករជំនាញ២”។ ច្បាប់នេះនឹងចាប់ផ្តេីមអនុវត្តនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩។

ដោយឡែកប្រព័ន្ធបញ្ជូនកម្មសិក្សាការីនៅអនុវត្តដដែល។ ជប៉ុនគ្រោងទទួលយកពលករជំនាញទាំង​ ២​ ប្រភេទ​ ពីប្រទេសចំនួន៨ រួមមាន កម្ពុជា ចិន វៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ី ថៃ មីយ៉ាន់ម៉ា និងនេប៉ាល់​ ចំនួន ៣៤៥,១៥០នាក់ ក្នុងរយៈពេល៥ឆ្នាំដំបូងក្នុងនោះ៖ ពលករជំនាញសម្រាប់ការងារចំនួន១៤ប្រភេទ រួមមានផ្នែកថែទាំមនុស្សចាស់ ការសំអាតអាគារ ការផលិតគ្រឿងបន្លាស់ ការផលិតគ្រឿងម៉ាស៊ីន ការផលិតគ្រឿងអគ្គិសនី និងគ្រឿងអេឡិចត្រូនិច ការងារសំណង់ ការផលិតនាវា ការជួសជុល និងតម្លើងរថយន្ត ការងារអាកាសចរណ៍ ការរៀបចំបន្ទប់ស្នាក់នៅ កសិកម្ម នេសាទ និងវារីវប្បកម្ម ការផលិតអាហារនិងភេសជ្ជៈ និងការងារនៅភោនីយដ្ឋាន។ សូមបញ្ជាក់ថា​ កម្ពុជាជាប្រទេសទី២ ដែលបានចុះអនុស្សារណៈនេះនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ បន្ទាប់ពីហ្វីលីពីនដែលបានចុះនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩៕


ឯកសារផ្លូវការ