ADB រីករាយបន្តកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងការងារ និងបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ សម្រាប់ទិសដៅនាពេលអនាគត

 សុក្រ, 01 មីនា 2019 12:49  |    Written by MLVT  |  246 times  |   Print  |   Email

ទីស្ដីការក្រសួង៖ នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឲ្យ លោកស្រី Ayoko Inagaki នាយកផ្នែកអភិវឌ្ឍន៍ និងមនុស្សនៃធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដើម្បីស្វែងយល់អំពីគម្រោងនៃកិច្ចសហប្រតិបត្តិការនាពេលអនាគត នៅទីស្តីការក្រសួង។ នៅក្នុងជំនួបនេះ លោកស្រី Ayoko Inagaki បានជម្រាបថា សម្រាប់គម្រោងក្នុងកិច្ចសហប្រតិបត្តិការវាង ADB និងក្រសួងការងារ ដែលមានឈ្មោះថា ជំនាញដើម្បីប្រកួតប្រជែង ហៅកាត់ថា (S4C) ដែលបានបានរៀបចំសិក្សាកន្លងមកមានថវិការ ៨៧ លានដុល្លារអាមេរិក សម្រាប់រយៈពេល៥ឆ្នាំ (២០១៩-២០២៣) នឹងត្រូវអនុម័តនៅខែមិថុនា នឹងចាប់ផ្តើមអនុវត្តគម្រោងនេះ នាតុលាឆ្នាំ២០១៩។ ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងការអរគុណដល់ ADB ចំពោះការ ចូលរួមចំណែកក្នុងការជួយដល់វិស័យសេដ្ឋកិច្ច-សង្គម តាមរយៈការគាំទ្រនេះ ក៏ជាផ្នែកមួយធ្វើឱ្យកម្ពុជាទទួលបានវឌ្ឍនភាពកំណើនសេដ្ឋកិច្ចជាមធ្យម៧ភាគរយប្រចាំឆ្នាំ ហើយ និងអាចសម្រេចតាមគោលដៅរបស់ខ្លួននៅក្នុងការក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងបន្តថា សេដ្ឋកិច្ចកម្ពុជា នឹងនៅតែអាចរក្សានូវនិរន្តភាពនៃកំណើនរបស់ខ្លួនបើទោះបីជាមានបញ្ហាប្រឈមជា ដោយសារតែកត្តាខាងក្រៅ ច្រើនដូចជា សង្រ្គាមពាណិជ្ជកម្ម ការប្រកួតប្រជែងកាន់តែតឹងតែង បដិវត្តឧស្សាហកម្ម៤.០ ប៉ុន្តែកម្ពុជាក៍អាចមានលទ្ធភាពក្នុងការក្សាភាពប្រកួតប្រជែង តាមរយៈការដាក់ចេញនូវកំណែទម្រង់នានា រួមទាំងការធ្វើពិពិធកម្មសេដ្ឋកិច្ចទៅវិស័យឧស្សាហកម្មផ្សេងទៀត ដែលមានវិស័យសក្តានុពលជាច្រើនក្នុងការស្របទាញកម្លាំងពលកម្មអតិពលកម្មជាច្រើនវិស័យទៀតក្រៅពីឧស្សាហកម្មកាត់ដេរ ដូចជាអេឡិចត្រូនិច កែច្នៃម្ហូបអាហារ សំណង់ និងអចលនទ្រព្យ កសិឧស្សាហកម្ម ទេសចរណ៍ ជាដើម។ លោកស្រីតំណាង ADB បានសំដែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះ រាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាងមូលធនមនុស្សតាមរយៈការដាក់ចេញនៅក្នុងយុទ្ធសាស្រ្តចតុកោណ គោលនយោបាយជាតិអភិវឌ្ឍន៍ឧស្សាហកម្ម ជាពិសេសពាក់ព័ន្ធនឹងការបណ្តុះបណ្តាលវិជ្ជាជីវៈ ដូចមានចែងនៅក្នុងគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។

ឯកឧត្តមរដ្ឋមន្រ្តី បានយល់ស្របចំពោះការលើកឡើងរបស់ ADB ពីសារៈសំខាន់ ក្នុងការអភិវឌ្ឍមូលធនមនុស្សដោយផ្អែកកត្តា តម្រូវការឧស្សាហកម្ម និងតម្រូវការតាមវិស័យ។ ឆ្លើយតបតាមសំណូមរពររបស់ឯកឧត្តមរដ្ឋមន្រ្តី ADB ក្រៅពីការជួយគាំទ្រលើគម្រោង លើវិស័យបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ADB ក៍កំពុងសិក្សាក្នុងការរៀបចំជាផែនការយុទ្ធសាស្រ្ត៥ឆ្នាំបន្ទាប់របស់ខ្លួន ដើម្បីផ្តល់ការជួយគាំទ្រដល់វិស័យការងារ ដែលស្របតាមអតិភាពទាំង៥របស់ផែនការយុទ្ធសាស្រ្តរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដូចជា បន្តពង្រឹងវិស័យបណ្តុះបណ្តាល ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស , ប្រាក់ឈ្នួលអប្បបរមា, សុខភាព និងសុវត្ថិភាពការងារ ,ទីភ្នាក់ងារជាតិមុខរបរ និងការងារ, ទេសន្តប្រវេសន៍ការងារ, បេឡាជាតិរបបសន្តិសុខសង្គម និងការធ្វើប្រព័ន្ធទំនើបកម្មនៃសេវាសាធារណៈ ,ស្វែងរកមូលនិធិជួយធានាដល់និរន្តភាព និងឯករាជ្យភាពរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។ លោកស្រីបានសំដែងនូវអំណរគុណចំពោះឯកឧត្តមរដ្ឋមន្រ្តីដែលបានផ្តល់នូវព័ត៌មាន ក៏ដូចជាទស្សនៈដ៏ល្អសម្រាប់ជាមូលដ្ឋានដល់ ADB យកទៅពិចារណាក្នុងការរៀបចំ ឱ្យចេញជាផែនការយុទ្ធសាស្រ្តបន្តទៀត ក្នុងការជួយឧបត្ថម្ភគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងការកសាងនូវមូលធនមនុស្សឆ្លើយតបទៅតម្រូវការនៃ ការវិវត្តន៍សេដ្ឋកិច្ច និងសង្គម។

គម្រោងថ្មីក្នុងការជួយអភិវឌ្ឍជំនាញវិជ្ជាជវៈ ដែលខាង ADB បានសិក្សារៀបចំកន្លងមកនឹងទទួលបានការអនុម័ត នាពាក់កណ្តាលខែមិថុនា និងចាប់ផ្តើមការអនុវត្តគម្រោងនាខែតុលា ឆ្នាំ២០១៩នេះ។ ភាគីទាំងពីរបានសំដែងនូវមោទនភាពចំពោះលទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តការ កន្លងមក ហើយបានសន្យាថានឹងបង្កើនប្រសិទ្ធភាពឱ្យកាន់តែប្រសើរថែមទៀត នូវភាពជាដៃគូនេះ សម្រាប់រយៈពេលវែង សំដៅបន្តសម្រេចឱ្យបាននូវគោលដៅជាច្រើនដែលបានដាក់ចេញប្រកបដោយជោគជ័យ៕