ADB នឹងជួយរៀបចំប្រព័ន្ធ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជាឱ្យស្របតាមការរីកចម្រើនរបស់ពិភពលោក

 ព្រហស្បតិ៍, 31 មករា 2019 15:38  |    Written by MLVT  |  450 times  |   Print  |   Email

ទីស្ដីការក្រសួង៖ធនាគារអភិវឌ្ឍន៍អាស៊ីដែលហៅកាត់ថាADBនឹងជួយរៀបចំប្រព័ន្ធបណ្តុះបណ្តាល បច្ចេកទេស វិជ្ជាជីវៈ នៅកម្ពុជាដើម្បីឆ្លើយតបទៅនឹងការរីកចំរើនរបស់ប្រទេសជាតិ និងពិភពលោក។ ថ្លែងក្រោយជំនួបសម្តែងការគួរសមជាមួយលោកស្រី Suniya Durrani Jamal នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជាកាលពីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ចាប់ពីឆ្នាំ២០១៩នេះទៅ ADBនឹងជួយរៀបចំកម្មវិធីសិក្សា សង់អគារសិក្សាបន្ថែម បំពាក់សម្ភារៈរោងជាងទំនើប បណ្តុះបណ្តាលបន្ថែមដល់គ្រូ និងអ្នកដឹកនាំឲ្យមានសមត្ថភាពខ្ពស់ដើម្បីឲ្យស្របទៅតាមបច្ចេកវិទ្យាឌីជីថល និងបដិវត្តឧស្សាហកម្មបួនចុចសូន្យ។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បន្តថាការជួយរៀបចំប្រព័ន្ធបណ្តុះបណ្តាលរបស់ADBនេះគឺធ្វើឡើងតាមរយៈគម្រោងផែនការយុទ្ធសាស្ត្រ៥ឆ្នាំដែលនឹងចាប់ផ្តើមអនុវត្តនៅឆ្នាំ២០១៩-២០២៣ ខាងមុខនេះ ដើម្បីអភិវឌ្ឍន៍វិស័យបណ្តុះបណ្តាល បច្ចេកទេស វិជ្ជាជីវៈ នៅកម្ពុជាឲ្យកាន់តែប្រសើរឡើងថែមទៀត ។ ឯកឧត្តមបានបញ្ជាក់ថា គម្រោងថ្មីនេះនឹងជួយដល់វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ ចំនួន៥ដែលមាននៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តដើម្បីឲ្យវិទ្យាស្ថានទាំងនោះបណ្តុះបណ្តាលជំនាញផ្សេងៗដល់សិស្ស-និស្សិតឲ្យកាន់តែមានសមត្ថភាពខ្ពស់ថែមទៀតក្នុងការចូលរួមប្រកួតប្រជែងជាមួយយុវជននៅក្នុងតំបន់។

ជាមួយគ្នានេះដែរ នៅឆ្នាំ២០១៩នេះក្រសួងនឹងធ្វើកំណែទំរង់វិស័យអប់រំបណ្តុះបណ្តាល បច្ចេកទេស វិជ្ជាជីវៈ ដោយផ្តោតសំខាន់ទៅលើកក្តាហេដ្ឋារចនាសម្ព័ន្ធ យន្តការ និងបុគ្គលនៃអង្គភាពបណ្តុះបណ្តាលនីមួយៗដើម្បីបង្កើនប្រសិទ្ធភាព និងផលិតភាពការងារនៅក្នុងវិស័យនេះឲ្យកាន់តែប្រសើរឡើងថែមទៀត។ ទន្ទឹមនឹងនេះក្រសួងក៏នឹងធ្វើទំនើបកម្មផងដែរ ទៅលើកម្មវិធីសិក្សា ការពង្រឹងគុណភាពគ្រូ និងថ្នាក់ដឹកនាំនៅតាមអង្គភាពបណ្តុះបណ្តាលនានា ដើម្បីស្របទៅតាមការវិវត្តន៍នៃបដិវត្តឧស្សាហកម្មជំនាន់ទី៤ដែលផ្តោតសំខាន់ទៅលើការប្រើបច្ចេកវិទ្យាឌីជីថល។ គួរបញ្ជាក់ថា កន្លងមកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុវត្តគម្រោងដែលជាហិរញ្ញប្បទាន របស់ធនាគារអភិវឌ្ឍន៍អាស៊ីមាន៖

១. Basic Skills Project  ឆ្នាំ ១៩៩៥-២០០៣

២. គម្រោងអភិវឌ្ឍន៍វិស័យអប់រំ វគ្គ១ (ESDP I) ឆ្នាំ ២០០២-២០០៨

៣. គម្រោងអភិវឌ្ឍន៍វិស័យអប់រំ វគ្គ២(ESDP II) ឆ្នាំ ២០០៥-២០១០

៤. គម្រោងសាកល្បងបច្ចេកវិទ្យាក្រោយប្រមូលផល និងកម្មវិធីស្ពានចម្លងបន្តជំនាញ ឆ្នាំ២០០៩-២០១២

៥. គម្រោងពង្រឹងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (STVET) ឆ្នាំ២០១០-២០១៥

៦. គម្រោងអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVETSDP) ឆ្នាំ ២០១៥-២០២១

៧. គម្រោងជំនាញសម្រាប់ការប្រកួតប្រជែង (S4C) ដែលនឹងអនុវត្តនៅឆ្នាំ២០១៩-២០២៤៕