ឯកឧត្តម អ៊ិត សំហេង អនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ Richard D. Fincher ចូលជួបផ្លាស់ប្តូរបទពិសោធន៍ និងទស្សនៈ ក្នុងការដោះស្រាយវិវាទការងារ

 អង្គារ, 22 មករា 2019 11:43  |    Written by MLVT  |  175 times  |   Print  |   Email

ទីស្ដីការក្រសួង៖ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអនុញ្ញាត ឱ្យលោក Richard D. Fincher (រីឆាត ឌី ហ្វីនឆើ) ដែលជាសាស្ត្រាចារ្យ នៅសាកលវិទ្យាល័យខននែល (Cornell University) បុរីញូយ៉ក សហរដ្ឋអាមេរិក និងជាសន្ធានការី (Mediator) និងអាជ្ញាកណ្តាល (Arbitrator) រួមជាមួយគណៈប្រតិភូរបស់មជ្ឍមណ្ឌលអាមេរិកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ (ACILS) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងការងារ។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការមកទស្សនកិច្ចរបស់លោកសាស្ត្រចារ្យ ហើយអាចផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍គ្នា និងទស្សនៈ ក្នុងការដោះស្រាយវិវាទការងារនេះ។ ឯកឧត្តមបន្តថា កន្លងមកកម្ពុជាធ្លាប់មានទំនាក់ទំនងកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារជាច្រើនជាមួយសហរដ្ឋអាមេរិក ហើយកម្ពុជាជាប្រទេសមួយដែលបានផ្សារភ្ជាប់ខ្លួនទៅនឹងបទដ្ឋានអន្តរជាតិ ដែលក្នុងនោះកម្ពុជាបានផ្តល់សច្ចាប័នអនុសញ្ញាអង្គការអន្តរជាតិខាងការងារបានចំនួន១៣ ដែលមានអនុសញ្ញាស្នូរ៨ផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា កម្ពុជាបានប្តេជ្ញាចិត្តខ្ពស់ណាស់ក្នុងការធានានូវការអនុវត្តលក្ខខណ្ឌការងារល្អ ព្រោះថាកម្ពុជាជាប្រទេសទី១ដែលហ៊ានផ្សាភ្ជាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៩៩។ ទន្ទឹមនឹងនេះ ឯកឧត្តមបានគូសបញ្ជាក់ថា កំណើននៃឧស្សាហកម្ម ធ្វើឱ្យមានការកើនឡើងនូវអង្គការវិជ្ជាជីវៈជាច្រើន ដែលនេះធ្វើអោយមានការបង្កើតឡើងនូវក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលជាយន្តការសម្របសម្រួលត្រីភាគីរួមមាន ភាគីរដ្ឋាភិបាល សហជីព និងនិយោជក ក្នុងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ កន្លងមក មជ្ឍមណ្ឌលអាមេរិកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ ក៏បានចូលរួមការងារគ្នាជាច្រើនជាមួយក្រសួង ក្នុងដោះស្រាយបញ្ហានានានៅក្នុងវិស័យការងារ ហើយតាមរយៈអនុស្សរណៈ យោគយល់គ្នាដែលបានចុះហត្ថលេខាកន្លងទៅ នឹងកាន់តែបង្កើននូវកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរកាន់តែប្រសើថែមទៀត។ មកទល់បច្ចុប្បន្ន ក្រុមប្រឹក្សាអាជ្ញាកណ្តាលនេះ នៅតែបន្ត យន្តការប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ក្នុងការដោះស្រាយវិវាទការងារ។ ទន្ទឹមនឹងភាពជោគជ័យទាំងអស់នេះ ក៏មានបញ្ហាប្រឈមផងដែរ គឺយន្តការត្រីភាគីនេះ កំពុងតែខិតខំរកមធ្យោបាយ ក្នុងការធានានូវនិរន្តភាពរបស់ខ្លួន ជាពិសេសនិរន្តភាពផ្នែកហិរញ្ញវត្ថុ ក្នុងការបន្តដំណើរការងារតទៅមុខ។

ឯកឧត្តមបានមានប្រសាសន៍ថា កំពុងសិក្សាធ្វើយ៉ាងណាអោយក្រុមប្រឹក្សាអាជ្ញាកណ្តាលនេះ អាចមានជម្រើសក្នុងការធានាតាមរយៈ ការដាក់ចូលក្នុងប្រព័ន្ធជាតិ មានជំនួយមូលនិធិពីរាជរដ្ឋាភិបាល ឬការលើកទឹកចិត្តឱ្យសមគមនិយោជក និងដៃគូរពាក់ព័ន្ធចូលរួមផ្តល់មូលនិធិ ដើម្បីធានាឱ្យបាននូវឯករាជ្យភាពរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។ លោកសាស្រ្តាចារ្យដែលជាសន្ធានការី (Mediator) និងជាអាជ្ញាកណ្តាល (Arbitrator) ប្រកបដោយបទពិសោធន៍ និងជំនាញដោះស្រាយវិវាទក្នុងវិស័យការងារជាច្រើនឆ្នាំទាំងនៅសហរដ្ឋអារិក និងបណ្តាប្រទេសមួយចំនួន បានលើកពីបទពិសោធន៍ការងាររបស់លោកនៅអាស៊ី ដែលលោកបានផ្តោតការយកចិត្តទុកដាក់ និងបង្រៀននៅតាមមហាវិទ្យាល័យដូចជា នៅវៀតណាម ចិន និងមីយ៉ាន់ម៉ា លើការបណ្តុះបណ្តាលជំនាញប្រព័ន្ធដោះស្រាយលើវិវាទការងារ។ លោកសាស្ត្រាចារ្យបានទទួលស្គាល់ថា មិនថាប្រទេសណាទេ ប្រព័ន្ធក្រុមប្រឹក្សាអាជ្ញាកណ្តាល តែងមានបញ្ហាប្រឈមក្នុងការរក្សានិរន្តភាព ដែលប្រទេសខ្លះមានជំនួយមូលនិធិពីតែភាគីរដ្ឋាភិបាល និងប្រទេសខ្លះទៀតពីខាងភាគីនិយោជក និងខាងសហជីព។ លោកក៏បានថ្លែងអំណរគុណ ដល់ឯកឧត្តមរដ្ឋមន្ត្រីដែលបានផ្តល់កិត្តិយសដល់រូបលោក និងក្រុមការងារបានចូលជួប និងផ្លាស់ប្តូរបទពិសោធន៍បន្ថែមលើវិស័យការងារនេះ។ តបតាមសំណើររបស់ ឯកឧត្តមរដ្ឋមន្ត្រី លោកសាស្ត្រាចារ្យបានសំដែងនូវក្តីរីករាយ ក្នុងការត្រៀមខ្លួនជួយបណ្តុះបណ្តាលលើមន្ត្រីពាក់ព័ន្ធទៅនឹងការដោះស្រាយវិវាទការងារនៅពេលដែលក្រសួងបានបង្កើតវិទ្យាសា្ថនជាតិការងារនាពេលខាងមុខឆាប់ៗ។