Print this page

ឯកឧត្តមរដ្ឋមន្ត្រី អនុញ្ញាតឱ្យឯកឧត្តម William A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដែលផុតអាណត្តិ ដើម្បីសម្តែងការគួរសម ជម្រាបលាមុនចេញដំណើរ

 ព្រហស្បតិ៍, 08 វិច្ឆិកា 2018 11:50  |    Written by MLVT  |  2510 times

ទីស្តីការក្រសួង៖ នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យឯកឧត្តម William A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដែលត្រូវបញ្ចប់បេសកម្មរបស់ឯកឧត្តមនៅកម្ពុជា ចូលជួបសម្តែងការគួរសម ជម្រាបលាមុនចេញដំណើរ។

នៅក្នុងជំនួបនោះ ឯកឧត្តមអគ្គរដ្ឋទូតបានរំលឹកឡើងវិញនូវអនុស្សារីយ៍ល្អៗ ខណៈពេលដែលឯកឧត្តមអគ្គរដ្ឋទូតមានវត្តមានបំពេញបេសកម្មការទូតនៅក្នុងព្រះរាជាណាចក្រកម្ពុជាកន្លងមក ។ ឯកឧត្តម William A. Heidt បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី និងសហការីដែលបានទទួលរូបឯកឧត្តមនៅពេលនេះ។ ឯកឧត្តមឯកអគ្គរដ្ឋទូត ពិតជារីករាយដែលស្ថានទូតសហរដ្ឋអាមេរិកធ្លាប់បានសហការជាមួយ ក្រសួងស្ថាប័ន របស់រដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធនានា ។

ចំពោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាដៃគូសហប្រតិបត្តិការដ៏ល្អ ដែលយើងបានធ្វើការខិតខំរួមគ្នាកន្លងមក ក្នុងការដោះស្រាយបញ្ហាប្រឈម បញ្ហាធ្វើឱ្យមានការរីកចម្រើនជាច្រើនជាមួយគ្នា ដែលវាបានឆ្លុះបញ្ចាំងនូវកិច្ចសហប្រតិបត្តិការដ៏ល្អរវាងសហរដ្ឋអាមេរិក ជាមួយនិងកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៏ថា៖ «ខ្ញុំពិតជាមានការសប្បាយរីករាយផង និងអាឡោះអាល័យផង នាឱកាសដែលឯកឧត្តមឯកអគ្គរដ្ឋទូត ត្រូវបញ្ចប់បេសកម្មការទូតនៅកម្ពុជា។ ពេលវេលាដូចជាលឿនណាស់ រយៈពេលមួយអាណត្តិរបស់ឯកឧត្តមកន្លងមកនេះ យើងមានទំនាក់ទំនងទៅលើវិស័យពាណិជ្ជកម្ម លក្ខខណ្ឌការងារជាដើម»។

ក្នុងនាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមរដ្ឋមន្ត្រី សូមអរគុណ និងសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះបេសកម្ម របស់ឯកឧត្តមអគ្គរដ្ឋទូតដែលបានរួមវិភាគទានដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជាកន្លងមក៕