ជប៉ុននឹងផ្តល់ ឱកាសការងារដល់យុវជនកម្ពុជាជាមួយក្រុមហ៊ុនធំៗនៅប្រទេសជប៉ុន

 អង្គារ, 30 តុលា 2018 19:03  |    Written by MLVT  |  222 times  |   Print  |   Email

ទីស្តីការក្រសួង៖ រសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈអនុញ្ញាតឲ្យលោក Yohei Shibasaki នាយកប្រតិបត្តិនៃក្រុមហ៊ុន Fourth Valley Concierge ជាក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុនក្នុងការផ្តល់ ឱកាសការងារដល់យុវជន សិស្សនិស្សិតនៅតាមបណ្តាលប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីមានឳកាសទៅធ្វើការនៅប្រទេសជប៉ុន។

លោកនាយកប្រតិបត្តិក្រុមហ៊ុន លើកឡើងថាគោលបំណងដែលរូបលោក និងក្រុមការងារចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីនាពេលនេះ គឺដើម្បីសុំកិច្ចគំាទ្រពីខាងក្រសួងការងារ និងបណ្តុះបណ្តលវិជ្ជាជីវៈ ដើម្បីបើកការិយាល័យក្រុមហ៊ុននៅកម្ពុជា ក្នុងការបណ្តុះបណ្តាលយុវជនកម្ពុជា មុននឹងបញ្ជូនទៅបម្រើការងារនៅប្រទេសជប៉ុន។ លោកនាយកប្រតិបត្តិក្រុមហ៊ុន លើកឡើងថា ក្រុមហ៊ុនរបស់លោកមានបទពិសោធន៍១០ឆ្នាំមកហើយ នៅតំបន់អាស៊ីអាគ្នេយ៍គឺទទួលបានជោគជ័យជាខ្លាំង ។ លោកថា បច្ចុប្បន្ននេះយុវជនកម្ពុជាក៏មានសមត្ថភាពដូចយុវជនដទៃទៀតនៅតាមបណ្តាលប្រទេសមួយចំនួនដែរ ដែលទទួលបាន ឱកាសទៅធ្វើការនៅប្រទេសជប៉ុន។ ឆ្លើយតបទៅនឹងគោលបំណងនេះ ឯកឧត្តមរដ្ឋមន្ត្រី រីករាយស្វាគមន៍ និងគាំទ្រចំពោះសំណើនេះ ដោយឯកឧត្តមរដ្ឋមន្ត្រីស្នើដល់ក្រុមហ៊ុន ត្រូវរៀបចំឯកសារតាមនីតិវិធីដែលតម្រូវទៅតាមច្បាប់ជាមុនសិន។

ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជារីករាយ និងស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការ ជាមួយរដ្ឋាភិបាលជប៉ុន ដែលមកដល់ពេលនេះកម្ពុជាមានក្រុមហ៊ុនសហគ្រាសជាច្រើន របស់ជប៉ុន ចូលមកវិនិយោគនៅកម្ពុជា។ រីឯខាងផ្នែកវិស័យការងារវិញ កម្ពុជាក៏បានបញ្ជូនកម្មសិក្សាការីទៅធ្វើការនៅជប៉ុនក៏ច្រើនដែរ មកដល់ពេលនេះកម្មសិក្សាការីកម្ពុជាមានប្រហែលជាង៨ពាន់នាក់កំពុងធ្វើកម្មសិក្សានៅទីនោះ ដែលនៅជប៉ុនមានកម្លាំងពលកម្មច្រើនទាក់ទងទៅនឹងឧស្សាហកម្ម កសិកម្ម សេវាកម្ម និងថែទាំមនុស្សចាស់ជាដើម។

បើតាមការបញ្ជាក់ពី ឯកឧត្តម ងុយ រិទ្ធ នាយករងខុទ្ទកាល័យ ឯកឧត្តមរដ្ឋមន្ត្រីបានឲ្យដឹងថា ក្រុមហ៊ុននេះ នឹងរៀបចំដំណើរការផ្តល់វគ្គបណ្តុះបណ្តាលដល់និស្សិតវ័យក្មេង ទទួលបាន ឱកាសទៅធ្វើការនៅជប៉ុនជាមួយនឹងក្រុមហ៊ុន ល្បីៗដូចជាក្រុមហ៊ុនSONY ក្រុមហ៊ុនPANASONIC ក្រុមហ៊ុនHONDA និង ក្រុមហ៊ុនTOYOTAជាដើម។ ក្រុមហ៊ុននេះបានផ្តល់ ឱកាសទៅដល់ប្រទេសជាច្រើននៅក្នុងតំបន់ ហើយបច្ចុប្បន្នក្រុមហ៊ុននេះបានពង្រីកខ្លួនមកដល់ប្រទេសកម្ពុជាដែរហើយ។ ឯកឧត្តម ងុយ រិទ្ធ បញ្ជាក់ថា យុវជន និស្សិតកម្ពុជា នឹងទទួលបាននូវ ឱកាសចេញទៅធ្វើការនៅជប៉ុន ជាមួយក្រុមហ៊ុនធំៗ រយៈពេលពី៥ទៅ១០ឆ្នាំ។ នេះជា ឱកាសដែលយើងមិនធ្លាប់មានពីមុន ដែលពីមុនកម្ពុជាបញ្ជូនត្រឹមជាសិក្ខាកាម ឬជាអ្នកហាត់ការទេ មិនទាន់បានទទួលទិដ្ឋការការងារនៅឡើយទេ ប៉ុន្តែក្រុមហ៊ុននេះផ្តល់ ឱកាសឲ្យយុវជនកម្ពុជាទទួលបាននូវទិដ្ឋការការងារតែម្តង ធ្វើការបានរហូតពី៥ទៅ១០ឆ្នាំឯណោះ។

ពេលដែលយុវជនកម្ពុជា បានទៅធ្វើការជាមួយក្រុមហ៊ុនល្បីៗ ពួកគេនឹងមានសមត្ថភាពកាន់តែខ្ពស់ ខណៈបានវិលត្រឡប់មកបម្រើការងារឲ្យក្រុមហ៊ុនជប៉ុននៅក្នុងប្រទេសជាតិវិញ ដែលជាប្រភពធនធានមនុស្សដ៏សំខាន់ចាំបាច់ឆ្លើយតបទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា៕