ឯកឧត្តម អ៊ិត សំហេង អញ្ជើញបើកវេទិកាសំណេះសំណាលរវាងតំណាងរាជរដ្ឋាភិបាលជាមួយវិស័យឯកជន

 អង្គារ, 02 តុលា 2018 10:59  |    Written by MLVT  |  98 times  |   Print  |   Email

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាសំណេះសំណាលរវាងតំណាងរាជរដ្ឋាភិបាលជាមួយវិស័យឯកជនលើប្រធានបទ “ការអភិវឌ្ឍថ្មីៗ ជុំវិញការអនុវត្តកាតព្វកិច្ច ក្រោមច្បាប់ស្តីពីការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជា” រៀបចំដោយសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) នៅសណ្ឋាគារ តារាអ៊ែរផត ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់រៀបចំវេទិកាដ៏មានសារៈសំខាន់នេះឡើង ដើម្បីផ្តល់ឱកាសដល់គ្រប់សហគ្រាស គ្រឹះស្ថាន ទាំងអស់ដែលស្ថិតនៅក្រោមបទប្បញ្ញតិ្តច្បាប់ស្តីពីការងារ ឱ្យយល់កាន់តែច្បាស់អំពីការវិវឌ្ឍនានានៅក្នុងវិស័យការងារ ជាពិសេសត្រៀមខ្លួនក្នុងការអនុវត្តកាតព្វរបស់ខ្លួនឱ្យបានត្រឹមត្រូវ។ ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានសម្តែងនូវការកោតសរសើរដោយស្មោះចំពោះសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា ក៏ដូចជាសមាជិករបស់ CAMFEBA ទាំងអស់ដែលតែងតែបានយកចិត្តទុកដាក់សិក្សាស្វែងយល់ និងចូលរួមអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមបទប្បញ្ញតិ្តពាក់ព័ន្ធនឹងវិស័យការងារនាពេលកន្លងមក។ សកម្មភាពនេះបានបង្ហាញយ៉ាងច្បាស់អំពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការការពារសិទ្ធិ និងផលប្រយោជន៍របស់កម្មករនិយោជិតនៅកម្ពុជា ដែលជាសក្ខីភាពនៃការចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាផងដែរ។

សមិទ្ធផលជាច្រើន មិនអាចសម្រេចបាននោះទេ ប្រសិនបើមិនមានកិច្ចសហការជាវិជ្ជមាន និងការចូលរួមពីវិស័យឯកជន អង្គការវិជ្ជាជីវៈ និងដៃគូអភិវឌ្ឍន៍នានារបស់កម្ពុជា។ ដូចនេះ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើសុំការបន្តសហការឱ្យកាន់តែជិតស្និទ្ធពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបន្តសម្រេចបាននូវ៖

១-ការលើកកម្ពស់លក្ខខណ្ឌការងារឱ្យកាន់តែល្អប្រសើរ តាមរយៈការអនុវត្តច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព និងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បរមា ក៏ដូចជាអនុសញ្ញាអន្តរជាតិខាងការងារ ដែលកម្ពុជាបានផ្តល់សច្ចាប័ន។

២-ការពង្រឹងប្រព័ន្ធនិងយន្តការអធិការកិច្ចការងារតែមួយឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងតម្លាភាព។

៣-ការពង្រឹងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ លើកកម្ពស់ការយល់ដឹងអំពីសិទ្ធិ និងកាតព្វកិច្ចស្របច្បាប់របស់កម្មករនិយោជិត និងនិយោជក ព្រមទាំងបង្កើនប្រសិទ្ធភាពវិធានការការពារ ទប់ស្កាត់កូដកម្ម បាតុកម្ម និងដោះស្រាយវិវាទដោយសន្តិវិធីនិងស្របតាមនីតិវិធីច្បាប់ជាធរមាន ដោយទប់ស្កាត់ឱ្យបានដាច់ខាតនូវការរំខានដល់សណ្តាប់ធ្នាប់សាធារណៈ និងការប្រើអំពើហិង្សាដែលបណ្តាលឱ្យបាត់បង់ផលប្រយោជន៍ដល់គ្រប់ភាគីពាក់ព័ន្ធរួមទាំងសង្គមជាតិ។

៤-ការពង្រឹងពង្រីកសេរីភាពសហជីព អង្គការវិជ្ជាជីវៈ និងទប់ស្កាត់ការរើសអើងចំពោះ សហជីព ទប់ស្កាត់ការអនុវត្តសកម្មភាពខុសច្បាប់របស់សហជីព ដែលមិនបម្រើផលប្រយោជន៍រួម និងពិតប្រាកដរបស់កម្មករនិយោជិត។

៥-ការពង្រឹងឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធការពារសុខភាព និងសុវត្ថិភាពការងារ ជាពិសេស យកចិត្តទុកដាក់លើបរិស្ថាន អនាម័យ អាហារូបត្ថម្ភ សេវាការពារពិនិត្យសុខភាព និងការទប់ស្កាត់ជំងឺឆ្លង សុវត្ថិភាពអគ្គីភ័យ និងសំណង់ ព្រមទាំងទប់ស្កាត់ការធ្វើការបន្ថែមម៉ោងលើសច្បាប់កំណត់ គ្រោះថ្នាក់ការងារ និងគ្រោះថ្នាក់ក្នុងការដឹកជញ្ជូនកម្មករនិយោជិត ដោយអនុវត្តនូវទិសស្លោក “ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍” និងជំរុញយុទ្ធនាការគ្រោះថ្នាក់ការងារកម្រិតសូន្យ។

៦-ការកំណត់ប្រាក់ឈ្នួលអប្បបរមា ដោយប្រើប្រាស់តាមយន្តការដែលបានឯកភាព និងកំណត់នៅក្នុងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា។

៧-ការពង្រឹងប្រសិទ្ធភាពនៃយន្តការគ្រប់គ្រងពលករបរទេសនៅកម្ពុជា និងផ្តល់សេវាគាំពារ និងការពារសិទ្ធិពលករកម្ពុជានៅបរទេស ព្រមទាំងទប់ស្កាត់ការធ្វើ ចំណាកស្រុកដោយខុសច្បាប់ទាំងប្រថុយប្រថានដោយចាត់វិធានការម៉ឺងម៉ាត់ចំពោះជនជាមេខ្យល់ ដែលប្រើឧបាយកលអូសទាញ ឬបោកបញ្ឆោតប្រជាពលរដ្ឋ។

៨-ការអនុវត្តឱ្យបានជោគជ័យនូវទិសដៅអាទិភាពក្នុងការអភិវឌ្ឍធនធានមនុស្ស តាមរយៈការ លើកកម្ពស់វិស័យអប់រំ និងការអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដោះស្រាយឱ្យបានល្អនូវតម្រូវការនៃទីផ្សារការងារក្នុងប្រទេស។

៩-ការអនុវត្តរបបសន្តិសុខសង្គមសម្រាប់កម្មករនិយោជិតទូទៅប្រកបដោយប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមរដ្ឋមន្ត្រី ចាត់ទុកថា នេះជាវេទិកាមួយដែលវិស័យឯកជនអាចបន្តសិក្សាស្វែងយល់អំពីវឌ្ឍនភាពនានានៅក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីត្រៀមខ្លួនក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិកាន់តែទូលំទូលាយ។ ទន្ទឹមនឹងនេះ វាក៏ជាឱកាសមួយ ដែលវិស័យឯកជនអាចជួបប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយតំណាងរាជរដ្ឋាភិបាល ក្នុងការស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា នាពេលបច្ចុប្បន្ន ក៏ដូចជាបញ្ហាផលប្រយោជន៍រួមទាំងអស់គ្នា។

ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យសមាជិកសមាជិកានៃអង្គពិធីទាំងមូល មេត្តាចូលរួមសិក្សាស្វែងយល់ និងជជែកពិភាក្សាឱ្យបានផុសផុលក្នុងការចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ល្អៗ ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយក្នុងការធានាបានលក្ខខណ្ឌការងារល្អប្រសើរ ភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ បរិយាកាសវិនិយោគប្រកបដោយភាពទាក់ទាញ ក៏ដូចជាការចូលរួមបន្តអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើនថែមទៀតប្រកបដោយចីរភាព៕