ខួបលើកទី១៤ ទិវាពិភព លោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជា

 ច័ន្ទ, 22 មិថុនា 2015 12:14  |    Written by MLVT  |  649 times  |   Print  |   Email

ព្រឹកថ្ងៃទី២២ មិថុនា ឆ្នាំ២០១៥ នៅឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរខួបលើកទី១៤ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២ មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០១៥ ក្រោមប្រធានបទ "គ្មានពលកម្មកុមារ ផ្ដល់ការអប់រំដែលមានគុណភាព" (Say "No" to Child Labour, and "Yes" to Quality of Education) ដោយមានការអញ្ជើញចូលរួមពីមន្ត្រីរាជការ អាជ្ញាធរពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ ភ្ញៀវជាតិ អន្តរជាតិ និងកុមារា កុមារី ប្រមាណ២០០០នាក់។ រាជរដ្ឋាភិបាលបានខិតខំយកចិត្តទុកដាក់អនុវត្ត និងសម្រេចបាននូវសមិទ្ធផលជាច្រើន ស្រមតាមផែនការសកម្មភាពជាតិស្ដីពីការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ ជាអាទិ៍ ពលកម្មកុមារបានកាត់បន្ថយជិតពាក់កណ្ដាលពីចំនួន១៦.៥% នៅឆ្នាំ១៩៩៩ មកត្រឹម៩.៥% នៅឆ្នាំ២០១២ ដែលគៀកនឹងគោលដៅអភិវឌ្ឍសហវត្សរ៍ ដែលកំណត់៨%នៅដំណាច់ឆ្នាំ២០១៥។ ទន្ទឹមនឹងនោះការការពារ និងគាំពារកុមារ ក៏ត្រូវបានយកចិត្តទុកដាក់ទាំងនៅថ្នាក់ជាតិ និងនៅតាមសហគមន៍ ដោយកំណត់យកខេត្តគោលដៅចំនួន៦ រួមមាន៖ រាជធានីភ្នំពេញ កំពង់ចាម ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យនិងសៀមរាប ដែលក្នុងនោះកុមារ១៨២៧៣នាក់ ត្រូវ បានរំដោះពីពលកម្មកុមារ ៨៩៥១គ្រួសារ នៃពលកម្មកុមារបានទទួលសេវាគាំទ្រជីវភាព និងយុវជនចំណាកស្រុក១២០០នាក់ បានទទួលសេវាបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបង្កើតមុខរបរ។ ដើម្បីសម្រេចបាននូវគោលដៅដែលរាជរដ្ឋាភិបាលបានដាក់ចេញពាក់ព័ន្ធនឹងការការពារ និងការលើកកម្ពស់សិទ្ធិកុមារ ការទប់ស្កាត់ និងការដកហូតកុមារពីទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ ក៏ដូចជាការជួញដូរកុមារ ជាពិសេសការកាត់បន្ថយពលកម្មកុមារមកត្រឹម៨% នៅដំណាច់ឆ្នាំ ២០១៥ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានផ្ដល់នូវការណែនាំ ដូចតទៅ៖ ១.ត្រូវខិតខំបន្តអនុវត្តអនុសញ្ញាលេខ១៨២ ស្ដីពីទម្រង់ធ្ងន់ធ្ងរនៃពលកម្មរបស់អង្គការអន្តរជាតិខាងការងារ តាមរយៈគម្រោង និងកម្មវិធីនានា ដើម្បីសម្រេចឱ្យបានគោលដៅឆ្នាំ២០១៥។ ២.ត្រូវបន្តសហការជិតស្និតជាមួយដៃគូរអភិវឌ្ឍ ដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងអនុវត្តតាមគោលដៅសាកលរបស់អង្គការអន្តរជាតិខាងការងារឆ្នាំ២០១៦ និងការងារសមរម្យនៅកម្ពុជា។ ៣.ជំរុញការអនុម័តផែនការសកម្មភាពជាតិស្ដីពីការកាត់បន្ថយពលកម្មកុមារ និងលុបបំបាត់ទម្រង់ធ្ងន់ធ្ងរពលកម្មកុមារឱ្យចប់ត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ ។ ៤.ត្រូវរៀបចំកែសម្រួលអនុគណៈកម្មការជាតិពលកម្មកុមារ និងការគេងប្រវ័ញ្ចផ្សេងៗមកលើកុមារ ឱ្យទៅជាគណៈកម្មការជាតិ ដែលអាចមានវិសាលភាពពហុវិស័យ និងប្រសិទ្ធភាពខ្ពស់ជាងមុន។ ៥.ត្រូវខិតខំបន្តសហការជាមួយអង្គការ ILO BFC និងអង្គការនិយោជក-និយោជិត ព្រមទាំងស្ថាប័នពាក់ព័ន្ធ ដើម្បីគាត់បន្ថយពលកម្មកុមារនៅតាមរោងចក្រគាត់ដេរឱ្យបានជាអប្បបរមា ជាពិសេសការក្លែងបន្លំអាយុ និងឯកសារ ក៏ដូចជាការពង្រឹងនីតិវិធីនៃការប្រើប្រាស់ពលករវ័យក្មេងឱ្យមានសុក្រឹតភាព។ ៦.ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអន្តរក្រសួង ស្ថាប័ន ដើម្បីអនុវត្តគោលនយោបាយ និងបទដ្ឋានអប្បបរមា ស្ដីពីការថែទាំ ជំនួស និងកម្មវិធីអប់រំសម្រាប់កុមារងាយរងគ្រោះ ការស្ដានីិិសម្បទាអ្នកញៀនគ្រឿងញៀន និងវិធានការជាក់ស្ដែងដ៏ទៃទៀតដែលបម្រើឱ្យការទប់ស្គាត់ ការការពារ និងសមារណកម្មកុមារ។