សន្និ​សិទ​ស្តីពី​ផល​លាភ​ប្រជា​សាស្ត្រ​និង​ការងារ​សមរម្យ​នៅ​ទីក្រុង​ញូយ៉ក

 ច័ន្ទ, 01 មិថុនា 2015 12:00  |    Written by MLVT  |  696 times  |   Print  |   Email

ឯកឧត្តម​បណ្ឌិត អ៊ិត​ សំហេង​ រដ្ឋមន្ត្រីក្រសួងការងារ​ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ដឹក​នាំ​ប្រតិភូ​ក្រសួង​ចូលរួម​សន្និសិត​ ស្ដីពី​ផលលាភ​ប្រជាសាស្ត្រ​និង​ការងារ​សមរម្យ​ នៅ​ទីស្នាក់ការកណ្ដាល​អង្គការ​សហ​ប្រជា​ជាតិ ទីក្រុង​ញូយ៉ក។ ថ្លែង​ទៅកាន់​អង្គសន្និសិត​នៅព្រឹក​ថ្ងៃទី០១ មិថុនា នេះ ឯកឧត្តមបានគូសបញ្ជាក់​អំពី​ភាព​សវិជ្ជមាន​នៃផលលាភ​និងប្រជារាសាស្ត្រ​ដែល​កម្ពុជា​មានប្រជាជន​វ័យ​ក្មេង​ច្រើន​ និងមានអាត្រា​កំណើន​ប្រជាជន​មធ្យម​​មួយដែលអាចគ្រប់គ្រងបាន​​ ដែលជាហេតុ​ធ្វើ​ឱ្យ​កម្ពុជា​អាចផ្គត់​ផ្គង់​កម្លាំង​ពលកម្ម​គ្រប់គ្រាន់ទៅក្នុង​សង្វាក់​ផលិតកម្ម​ និង​ដំណើរការ​អភិវឌ្ឍសេដ្ឋកិច្ច​។ ទន្ទឹមនឹងនេះ​ឯកឧត្តម​ក៏បានបង្ហាញពីចំណុច​ប្រឈម​នៃ​រចនាសម្ព័ន្ធប្រជា​សាស្ត្រ​របស់កម្ពុជា​ ដែលមាន​លក្ខណៈខុសពី​ប្រទេស​ដទៃ ដោយកម្ពុជា​ខ្វះមនុស្ស​ដែលមាន​វ័យកណ្ដាលអាយុ​៤០ទៅ៥០​ឆ្នាំ ជាស្ពានផ្ទេរ​ចំណេះដឹង​និង​ចំណេះធ្វើ​ទៅ​មនុស្ស​វ័យ​ក្មេង​ ពី​ព្រោះ​មនុស្ស​ស្ថិតក្នុង​វ័យ​៤០-៥០​ឆ្នាំនេះ​ ត្រូវ​បាន​សម្លាប់​យ៉ាង​ច្រើន​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​។ ការ​រួម​ឆក​នៃរចនា​សម្ព័ន្ធ​នេះ រួម​ផ្សំ​ជា​មួយ​នឹង​កំណើន​ប្រជា​ជន​យ៉ាង​គំហុក​ក្រោយរបប​ខ្មែរក្រហម​​ បាន​តម្រូវ​ឱ្យ​កម្ពុជា​ត្រូវ​វិនិយោគ​យ៉ាង​ច្រើន​ទៅ​លើ​សេវា​សុខាភិបាល និង​ជំនាញ​សមរម្យ​មួយ​ដែល​នឹងជួយ​ពួក​គេ​ឱ្យ​ទទួល​បាន​នូវ​ការ​ងារ​សម​រម្យមួយ​ក្នុង​សង្គម​។ ដើម្បី​បង្កើត​បាន​នូវ​ការងារកាន់សមរម្យ​ កម្ពុជា​បាន​តាំង​ចិត្ត​និង​ធ្វើការ​ទ្វេ​ដង​ថែមទៀត​​ក្នុងការ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជា​ជីវៈ ធានា​ស្ថិរភាពម៉ាក្រូ​សេដ្ឋកិច្ច​ និង​ស្ថិរភាព​នៃ​វិស័យទំនាក់ទំនង​វិជ្ជាជីវៈ​សំដៅ​បង្កើន​ភាព​ទាក់ទាញវិនិយោគទុន​ពីបរទេស​មកវិនិយោគ​លើវិស័យ​អតិពលកម្ម កម្មន្តសាល​ និងឈាន​ជើង​បណ្ដើរៗ​ទៅកាន់វិស័យ​បង្គំ​បរិក្ខា​ប្រើប្រាស់​ បរិក្ខា​អគ្គីសនី។ល។ តាម​កម្ម​វិធី​ ឯកឧត្តមរដ្ឋមន្ត្រី​នឹងជួប​ប្រជុំ​ទ្វេភាគី​ជាមួយ​តំណាង​អង្គការ ILO ប្រចាំ​ទីក្រុង​ញូយ៉ក ឯកអគ្គរដ្ឋទូតមួយចំនួន​ដែលជាមិត្ត​នៃ​កម្មវិធី​ការងារ​សមរម្យ​ផង​ដែរ។