Print this page

ឯកឧត្តមបណ្ឌិត ពេជ សោភ័ន អញ្ជើញបិទសិក្ខាសាលាស្តីពី “ចល័តភាព និងការទទួលស្គាល់គុណភាពវិស្វករជាអន្តរជាតិ”

 ច័ន្ទ, 04 មីនា 2019 20:12  |    Written by MLVT  |  227 times

ទីស្តីការក្រសួង៖ ថ្លែងក្នុងពិធីបិទសិក្ខាសាលាស្តីពី “ចល័តភាព និងការទទួលស្គាល់គុណភាពវិស្វករជាអន្តរជាតិ”នៅទីស្តីការក្រសួងការងារ នាថ្ងៃទី០៤ ខែមីនា ឆ្នាំ ២០១៩ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា មានប្រសាសន៍លើកឡើងថា ភារកិច្ចចម្បងរបស់គណៈវិស្វករកម្ពុជា គឺប្រមូលផ្តុំវិស្វករគ្រប់មុខជំនាញវិជ្ជាជីវៈវិស្វកម្មដែលបានមក ចុះបញ្ជីនៅគណៈវិស្វករកម្ពុជា ការអប់រំបណ្តុះបណ្តាលបន្ថែម ដើម្បីឲ្យមានសមត្ថភាពជំនាញវិជ្ជាជីវៈពិតប្រាកដប្រកបដោយបទពិសោធន៍ខ្ពស់ រក្សាបាននូវភាពថ្លៃថ្នូររួមចំណែកលើកស្ទួយអត្តសញ្ញាណជាតិ ចូលរួមកសាង និងអភិវឌ្ឍប្រទេសជាតិ និងចូលរួមប្រកួតប្រជែងទីផ្សារការងារពលកម្មវិស័យវិស្វកម្មក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ទាំងក្នុងប្រទេស តំបន់ និងសាកលលោក។

ឯកឧត្តមបណ្ឌិត ពេជ សោភ័ន មានប្រសាសន៍បន្តថា វិស្វករ ដែលកំពុងបម្រើការងារនៅតាមស្ថាប័នរបស់រដ្ឋ គឹត្រូវតែមកចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជា ដើម្បីទទួលបានជាវិស្វករចុះបញ្ជីដំបូង វិស្វករអាជីពជាតិ វិស្វករអាស៊ាន និងវិស្វករអាជីពឆ្នើមអាស៊ាន ឱ្យមានលក្ខណៈស្មើមុខស្មើមាត់ជាមួយវិស្វករទាំងក្នុងជាតិ ក្នុងតំបន់ និងពិភពលោក។ ម្យ៉ាងវិញទៀត គណៈវិស្វករកម្ពុជា ជាអ្នកចុះទៅវាយតម្លៃវិស័យឯកជន ដែលជាវិស្វករកំពុងប្រកបវិជ្ជាជីវៈវិស្វកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយវិស្វករទាំងនោះគេទទួលបានគោរមងារជាវិស្វករអាជីពជាតិ វិស្វករអាស៊ាន និងវិស្វករអាជីពឆ្នើមអាស៊ានថែមទៀត។ ដូច្នេះវិស្វករជាតិយើងបើមិនបានចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជាទេ វិស្វករយើងនឹងបាត់បង់ឱកាស នឹងទទួលបានជាគោរមងារ ពិសេសមិនមានឱកាសបម្លាស់ទីការងារឱ្យស្មើមុខស្មើមាត់ជាមួយប្រទេសក្នុងតំបន់ និងពិភពលោកបានទេ។

គណៈវិស្វករកម្ពុជាមានទំនាក់ទំនងជាចាំបាច់ ជាមួយបណ្តាប្រទេសអាស៊ានក្នុងការបញ្ជូនបេក្ខភាពវិស្វករជាតិយើង ក្រោយពីគណៈកម្មាធិការវាយតម្លៃសម្បទាវិជ្ជាជីវៈវិស្វកម្ម ពិនិត្យ និងសម្រេចរួច ដើម្បីសុំធ្វើការវាយតម្លៃទទួលស្គាល់គោរមងារជាវិស្វករអាស៊ាន និងវិស្វករអាជីពឆ្នើមអាស៊ាន ទើបអាចចូលទៅប្រកួតប្រជែងការងារពលកម្មវិស្វកម្មនៅក្នុងប្រទេសទាំង១០ ក្នុងតំបន់អាស៊ានបាន។ គណៈវិស្វករកម្ពុជា មានតួនាទីសំខាន់ណាស់ ជាអ្នកដើរតួនាទីក្នុងការជួយសម្របសម្រួល និងជាស្ពានចម្លងវិស្វករជាតិយើងឱ្យទទួលបាននូវវិស្វករចុះបញ្ជីដំបូង វិស្វករអាជីពជាតិ វិស្វករអាស៊ាន និងវិស្វករអាជីពឆ្នើមអាស៊ាន ។ គណៈវិស្វករកម្ពុជា ដែលរាជរដ្ឋាភិបាលបង្កើតឡើងគឺមានសារៈសំខាន់ណាស់ ក្នុងការប្រមូលផ្តុំធនធានបញ្ញវន្តវិស្វករជាតិ និងចូលរួមបណ្តុះបណ្តាលបន្ត តាមកម្មវិធីនយោបាយយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ និងជាប្រធានកិត្តិយសដ៏ខ្ពង់ខ្ពស់របស់ គណៈវិស្វករកម្ពុជា៕