ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

ព័ត៌មានច្បាស់លាស់ ត្រឹមត្រូវអំពីវិស័យការងារ សន្តិសុខសង្គម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

ក្រុមប្រឹក្សាភិបាល ប.ស.ស. បន្តកិច្ចប្រជុំពិភាក្សាលើកទី៣ អាណត្តិទី១ ទៅតាមកម្មវិធីដែលបានគ្រោងទុក

 អង្គារ, 13 តុលា 2020 12:00  |    Written by MLVT  |  5834 times  |   Print  |   Email

 

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំពិភាក្សាលើកទី៣ អាណត្តិទី១ នាព្រឹកថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០ នេះ ។

កិច្ចប្រជុំរបស់ក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. លើកទី៣ នេះផ្តោតសំខាន់ទៅលើរបៀបវារៈដូចខាងក្រោម៖ 

(១) ពិនិត្យពិភាក្សាសេចក្តីព្រាងសេចក្តីសម្រេចស្តីពីលក្ខន្តិកៈបុគ្គលិក​ នៃបេឡាជាតិសន្តិសុខសង្គម

(២) បញ្ហាផ្សេងៗ ។​

-ការរៀបចំឲ្យមានលក្ខន្តិកៈបុគ្គលិក​ នៃបេឡាជាតិសន្តិសុខសង្គម គឺបង្កេីតឡេីង​ដេីម្បីកំណត់យន្តការ​ លក្ខខណ្ឌ​ បែបបទនីតិវិធី​ និងគោលការណ៍សំខាន់ៗ​ ក្នុងការធានាបាននូវការគ្រប់គ្រងមន្រ្តី​ និងបុគ្គលិកនៃ​ ប.ស.ស.​ ស្របតាមច្បាប់​ និងលិខិតបទដ្ឋានជាធរមាន​ សំដៅបង្កេីនការអនុវត្តការងារក្នុងការផ្តល់សេវាប្រកបដោយប្រសិទ្ធភាព​ និងស័ក្តសិទ្ធិភាព​។

-ការកសាងសមត្ថភាពសម្រាប់សមាជិកក្រុមប្រឹក្សាភិបាល​ ដែលអង្គការពលកម្មអន្តរជាតិ​ (ILO) នឹងចែករំលែកនូវបទពិសោធន៍​ក្នុងការបង្កេីនប្រសិទ្ធភាពក្នុងការរៀបចំប្រព័ន្ធសន្តិសុខសង្គមរយៈពេល៣ថ្ងៃ​ តាមប្រព័ន្ធអនឡាញ។

-ការរៀបចំការបណ្តុះបណ្តាលជាលក្ខណៈត្រីភាគី​ ដេីម្បីផ្សព្វផ្សាយពីរបបប្រាក់សោធន​ ដែលជាប្រព័ន្ធថ្មីរបស់​ ប.ស.ស. ដេីម្បីធានាបាននូវការអនុវត្តប្រកបដោយប្រសិទ្ធភាព​ និងនិរន្តរភាព។ 

ថ្លែងទៅកាន់អង្គប្រជុំ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានធ្វើការកោតសរសើរដល់ថ្នាក់ដឹកនាំនៃ​ ប.ស.ស.​ ដែលបានខិតខំយកចិត្តទុកដាក់រៀបចំនូវសេចក្តីព្រាងឯកសារនេះឡើង ដើម្បីដាក់ជូនកិច្ចប្រជុំក្រុមប្រឹក្សាភិបាល​ ​និងសូមអរគុណដល់សមាជិកក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ទាំងអស់ ដែលបានអញ្ជើញចូលរួម និងពិនិត្យពិភាក្សាយ៉ាងយកចិត្តទុកដាក់​ ហេីយធ្វេីការអនុម័តនាពេលនេះ។

ជាមួយនេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី ក៏បានស្នើដល់សមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ ត្រូវបន្តសិក្សាស្រាវជ្រាវ និងរៀបចំលិខិតបទដ្ឋានបន្ថែមទៀត ឱ្យបានគ្រប់ជ្រុងជ្រោយស្របទៅតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម និងរៀបចំយន្តការអនុវត្តតាមគោលការណ៍នានារបស់រាជរដ្ឋាភិបាល សំដៅធានាបាននូវសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត ប្រកបដោយចីរភាព ។

កិច្ចប្រជុំពិភាក្សា និងអនុម័តខាងលើ ប្រព្រឹត្តទៅពេញមួយព្រឹកនៅសាលប្រជុំក្រុមប្រឹក្សាភិបាលនៃទីស្នាក់ការកណ្តាលបេឡាជាតិសន្តិសុខសង្គម រាជធានីភ្នំពេញ ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់សមាជិកនៃក្រុមប្រឹក្សាភិបាលចំនួន ១០រូប​ ប្រកបដោយភាពស្និទ្ធស្នាល ៕

ឯកសារផ្លូវការ